ភ្នំពេញៈ ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារប្រទេសចិន ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ មានទឹកប្រាក់ជិត ៣២៩ លានដុល្លារ កើនជាង ២ ភាគរយបើធៀបត្រីមាសទី ១ ឆ្នាំ ២០២២ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ២,៨៦ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៣ ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសចិនមានទឹកប្រាក់សរុប ៣២៨,៦៤៦ លានដុល្លារ កើន ២,១ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំមុនដែលមាន ៣២១,៧៨៧ លានដុល្លារ។ ទន្ទឹមនឹងនោះ ទំនិញដែលនាំមកពីប្រទេសចិនមានទឹកប្រាក់រហូតដល់ ២ ៥៣៣,៧៧ លានដុល្លារ ធ្លាក់ចុះ ០,៧ ភាគរយពីចំនួន ២ ៥៥១,៦៤៤ លានដុល្លារ។
សម្រាប់ពាណិជ្ជកម្មទ្វេភាគីក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ មានចំនួនសរុប ២ ៨៦២,៤១៥ លានដុល្លារ ធ្លាក់ចុះ ០,៤ ភាគរយពីចំនួន ២ ៨៧៣,៤៣១លានដុល្លារ។ ទឹកប្រាក់ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន គឺស្មើ ២៥,៤៣៨ ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ដែលមានចំនួន ១១ ២៥២,១៤៤ លានដុល្លារ។
ដោយឡែកក្នុងខែមីនា ឆ្នាំ ២០២៣ ពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានតម្លៃសរុប ១ ១៥៧,១១៩ លានដុល្លារ (កម្ពុជានាំទៅចិន ១៣០,៥៨៣ លានដុល្លារ កើន ១៦,៤ ភាគរយ និងចិននាំមកកម្ពុជា ១ ០២៦,៥៣៦ លានដុល្លារកើន ៣៦,៤ ភាគរយ) កើនឡើង ៣៣,៧៧៦ ភាគរយធៀបខែមីនា ឆ្នាំ ២០២២ ដែលមានចំនួន ៨៦៤,៩៦២ លានដុល្លារ ហើយបើធៀបនឹងខែកុម្ភៈ ឆ្នាំ ២០២៣ គឺកើន ៥៧,៩៥៥ ភាគរយពី ៧៣២,៥៦១ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែមេសា ថា វិបត្តិសេដ្ឋកិច្ចសង្គមនៅគ្រប់ប្រទេសទាំងអស់ដែលកើតមានតាំងពីការលេចឡើងជំងឺកូវីដ១៩ (ចុងឆ្នាំ ២០១៩) បានធ្វើឱ្យស្ថានភាពនៃការធ្វើពាណិជ្ជកម្មជាអន្តរជាតិរងផលប៉ះពាល់ជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ នេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាជាមួយប្រទេសភាគច្រើនបានធ្លាក់ចុះ ដោយរួមទាំងប្រទេសចិនផងដែរ។
លោកបានបន្តថា ទោះយ៉ាងណាសម្រាប់ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នារយៈពេលចុងក្រោយនេះ គឺចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានបណ្តើរៗហើយ បន្ទាប់ពីប្រទេសចិនបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញពីការបិទខ្ទប់។
ភាពល្អប្រសើរនៃកំណើនពាណិជ្ជកម្មនារយៈពេលចុងក្រោយនេះ ក៏ដោយសារប្រទេសទាំង ២ មានទំនាក់ទំនងការទូតល្អជាមួយគ្នា ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលប្រទេសទាំង ២ ជាសមាជិក គឺសុទ្ធតែចូលជាធរមានទាំងអស់។
លោកអះអាងថា៖ «តាមរយៈភាពមមាញឹកជាងមុននៃសកម្មភាពផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ នាពេលថ្មីៗនេះ ខ្ញុំជឿថា ចាប់ពីត្រីមាសទី ២ នេះទៅការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងបន្តកើនឡើងជាលំដាប់។ បន្ថែមពីលើនេះវិវាទពាណិជ្ជកម្មរវាងប្រទេសធំៗ ក៏ជាឱកាសដែលកម្ពុជាអាចទទួលបានរោងចក្រ/សហគ្រាសកាន់តែច្រើនចូលមកបើកដំណើរការដោយផ្ទាល់ផងដែរ»។
លោកលើកឡើងទៀតថា បច្ចុប្បន្នក្រៅពីទីផ្សារប្រទេសចិន កម្ពុជាក៏មានទីផ្សារទទួលទិញទំនិញជាច្រើន ខណៈប្រទេសកម្ពុជាក៏មានប្រព័ន្ធអនុគ្រោះពន្ធនាំចូលទៅប្រទេសជាច្រើនលើពិភពលោកផងដែរ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា ប្រទេសចិន គឺជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមដ៏សំខាន់ឱ្យកម្ពុជាយកមកធ្វើជាគ្រឿងផ្សំ ឬកែច្នៃជាផលិតផលសម្រេចសម្រាប់នាំចេញទៅដាក់លក់លើទីផ្សារអន្តរជាតិ។ មូលហេតុដែលទំហំពាណិជ្ជកម្មទ្វេភាគី ពិសេសការនាំចូលពីចិនធ្លាក់ចុះក្នុងត្រីមាសទី១ គឺដោយសារតែការបញ្ជាទិញពីទីផ្សារអន្តរជាតិធ្លាក់ចុះ។
លោកបានបន្តថា ទោះយ៉ាងណាស្ថានភាពនេះបាននិងកំពុងវិវត្តទៅរកសញ្ញាវិជ្ជមានវិញហើយ ខណៈចាប់តាំងពីខែកុម្ភៈមករដ្ឋាភិបាលចិនបានប្រកាសបើកប្រទេស និងអនុញ្ញាតឱ្យអ្នកទេសចរ និងអ្នកវិនិយោគរបស់ខ្លួន អាចចេញទៅក្រៅប្រទេសបាន។
លោកបន្តថា ដោយសារប្រទេសចិននៅជិតកម្ពុជា ហើយកម្ពុជាកំពុងផលិតកសិផលបានកាន់តែច្រើនដូច្នេះចំនួនទឹកប្រាក់នាំចេញរបស់កម្ពុជាទៅចិន នឹងកើនឡើងបន្ថែមទៀត។
លោកនិយាយថា៖ «ខ្ញុំរំពឹងថាការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងមានសញ្ញាវិជ្ជមានកាន់តែខ្លាំងចាប់ពីពេលនេះតទៅ ពិសេសការកើនឡើងនៃទឹកប្រាក់នាំចេញរបស់កម្ពុជា»។
ទោះយ៉ាងណា ក្នុងនាមអ្នកសេដ្ឋកិច្ច លោក វណ្ណៈ បានជំរុញឱ្យរដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជាត្រូវខិតខំថែមទៀតក្នុងការកាត់បន្ថយការនាំចូល និងជំរុញការនាំចេញឱ្យបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិ។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មកម្ពុជា-ចិន មានចំនួនសរុប ១១ ៦៨៦,១៦៤ លានដុល្លារកើនឡើង ៤,៤ ភាគរយធៀបឆ្នាំ ២០២១ ក្នុងនោះកម្ពុជានាំទំនិញទៅទីផ្សារប្រទេសចិន ១ ២៤០,៦៣ លានដុល្លារ ថយចុះ ១៧,៩ ភាគរយ និងទំនិញកម្ពុជានាំចូលពីចិន មាន ចំនួន ១០ ៤៤៥,៥៣៣ លានដុល្លារ កើន ៧,៩ ភាគរយ៕