ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យភាគីបារាំងបញ្ជូនអ្នកជំនាញពាណិជ្ជកម្មមកធ្វើការសិក្សាពីសក្តានុពលវិស័យកសិកម្មកម្ពុជា ខណៈបច្ចុប្បន្នភាគីទាំង ២ បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញឱ្យមានកិច្ចសហការលើការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសបារាំង និងនាំចូលទំនិញរបស់បារាំងមកកាន់កម្ពុជាវិញ។
យោងតាមលទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក Bertrand Ambroise ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃផ្សារអន្តរជាតិ Rungis និងគណៈប្រតិភូបារាំងកាលរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣។
លោក ឌិត ទីណា បានឱ្យដឹងថា នៅក្នុងជំនួបនោះ ភាគីទាំង ២ បានពិភាក្សាគ្នា លើសក្តានុពលវិស័យកសិកម្ម ហើយលោកក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍លើទីផ្សារកសិផលកម្ពុជា ពីសំណាក់ប្រតិភូបារាំង។ ជាមួយគ្នានេះ លោកក៏បានស្នើឱ្យភាគីបារាំងបញ្ជូនអ្នកជំនាញពាណិជ្ជកម្មមកធ្វើការសិក្សាពីសក្តានុពលវិស័យកសិកម្មកម្ពុជា និងធ្វើការជាមួយគ្នា ដើម្បីនាំកសិផលកម្ពុជាចូលទៅកាន់ទីផ្សារបារាំង និងការនាំទំនិញបារាំងមកកម្ពុជាវិញផងដែរ។
លោក ឌិត ទីណា បានឱ្យដឹងទៀតថា៖ «យើងក៏បានលើកឡើងពីការចងក្រងបណ្តុំ ការបង្កើតទីផ្សារកសិផល ១ ដែលឆ្លើយតបនឹងតម្រូវការ និងស្តង់ដាទីផ្សារប្រទេសបារាំង ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញច្បាស់លាស់តាមរយៈអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ជាដើម ហើយកម្ពុជាមានសាលាជាតិកសិកម្មចំនួន ៣ សម្រាប់សហការលើការបណ្តុះធនធានមនុស្សនេះ»។
ដើម្បីឱ្យការងារទីផ្សារនេះទទួលបានជោគជ័យ លោកឌិត ទីណា បានជំរុញឱ្យក្រុមការងារពាក់ព័ន្ធ ត្រូវស្វែងយល់ពីទស្សនវិស័យទីផ្សារឱ្យបានច្បាស់លាស់ មានយុទ្ធសាស្ត្រ ផែនការពាណិជ្ជកម្មជាក់លាក់ និងស្វែងយល់ពីខ្សែចង្វាក់តម្លៃតាំងពីអ្នកផលិតរហូតដល់ទីផ្សារ។
ពាក់ព័ន្ធនឹងការជំរុញទីផ្សារនាំចេញកសិផល និងទំនិញកម្ពុជា-បារាំង កាលពីថ្ងៃទី ១៩ ខែមេសា អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោកងិន ឆាយ ក៏បានពិភាក្សាការងារជាមួយលោកស្រី Marion Chaminade ទីប្រឹក្សាកសិអាហារថ្នាក់តំបន់ លោក Emmanuel Ly Batallan ទីប្រឹក្សាសេដ្ឋកិច្ច និងលោកស្រី តូ ម៉ាលីនដា អនុព័ន្ធនៃការិយាល័យសេដ្ឋកិច្ច នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា។
ក្នុងជំនួបនោះបានធ្វើការពិភាក្សា លើការនាំចូលផ្លែប៉ោមស្រស់ពីប្រទេសបារាំងមកកម្ពុជា ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅបារាំង និងការពង្រឹងចំណងនៃកិច្ចសហប្រតិបត្តិការ រវាងអគ្គនាយកដ្ឋានកសិកម្មជាមួយប្រទេសបារាំង។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម ឱ្យដឹងថា បារាំងមានបំណងនាំចូលផ្លែប៉ោមស្រស់ដែលជាកសិផលរបស់ប្រទេសបារាំង មកកម្ពុជា ខណៈបារាំងក៏បានស្នើសុំឱ្យអគ្គនាយកដ្ឋានកសិកម្ម បង្ហាញអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់កម្ពុជា និងលក្ខខណ្ឌចាំបាច់ផ្សេងទៀតដែលត្រូវបំពេញ ដើម្បីអាចនាំចូលផ្លែប៉ោមស្រស់មកពីបារាំងបាន។
ឆ្លើយតបទៅនឹងសំណើនេះ លោកស្រី Marion Chaminade បានពន្យល់ថា ការនាំចេញកសិផលទៅកាន់ប្រទេសបារាំងគឺដំណើរការតាមនីតិវិធីដូចគ្នាទៅនឹងប្រទេសផ្សេងទៀត ហើយដើម្បីអាចនាំចេញទៅកាន់ទីផ្សារនៅប្រទេសបារាំងបាន កសិផលទាំងនោះ ត្រូវបំពេញតាមលក្ខខណ្ឌតម្រូវនានាពាក់ព័ន្ធនឹងកម្រិតសំណល់ថ្នាំកសិកម្មមានវិញ្ញាបនបត្រភូតគាមអនាម័យ ដែលមានកិច្ចព្រមព្រៀងច្បាស់លាស់ជាមួយគ្នា។
ពាក់ព័ន្ធនឹងផលិតផល និងកសិផលរបស់កម្ពុជានេះដែរ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិ កាលពីថ្ងៃទី ២០ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញមោទនភាពលើផលិតផលសក្តានុពលសំខាន់ៗរបស់ខ្មែរចំនួន ៣ រួមមាន អង្ករស្វាយចន្ទី និងម្រេច។ «បច្ចុប្បន្នអង្ករខ្មែរ បាននាំចេញទៅប្រមាណ ៧៣ ប្រទេសទូទាំងពិភពលោកក្នុងនោះ គ្រាប់ស្វាយចន្ទី កំពុងចេញទៅតាមទីផ្សារអន្តរជាតិនានាដែរ ខណៈផលិតផលផ្សេងៗទៀត ដូចជាម្រេច កំពុងក្លាយជាផ្នែកមួយជួយធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាដែលកន្លងមក កម្ពុជា សឹងតែត្រូវបានគេបំភ្លេចចោលទៅហើយ»៕