ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បាននិយាយថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) នឹងជួយជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជាឱ្យកាន់តែសម្បូរបែប និងអាចទាក់ទាញធុរជន និងវិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក ប៉ាន សូរស័ក្ដិ និងក្រុមការងារអន្តរក្រសួងដែលធ្វើការលើការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចូលរួមក្នុងកិច្ចប្រជុំចង្អៀតនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ដែលដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ហ កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច។
ក្នុងកិច្ចប្រជុំនោះលោក សូរស័ក្ដិ បានលើកឡើងពីសាវតារ និងលទ្ធផលនៃការចរចាកិច្ចព្រមព្រៀង Cambodia-UAE CEPA ដែលបានបិទបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ ហើយគ្រោងនឹងចុះហត្ថលេខាចូលជាធរមាននៅពេលខាងមុខឆាប់ៗ។
លោកបន្តថា កិច្ចព្រមព្រៀងនេះ គឺជាសមិទ្ធផលដ៏ល្អប្រសើរថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េនិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្នុងមាគ៌ានាំកម្ពុជាបន្តឆ្ពោះទៅការធ្វើសមាហរណកម្ម និងសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
លោកបានថ្លែងថា៖ «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងជំរុញការពិពិធកម្មទីផ្សារនាំចេញសម្រាប់ផលិតផលកម្ពុជាឱ្យកាន់តែសម្បូរបែប និងទាក់ទាញធុរជន និងវិនិយោគិនបរទេសមកកម្ពុជាកាន់តែច្រើនសំដៅឆ្ពោះទៅការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់»។
កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានចាប់ផ្តើមធ្វើការចរចាលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម លើកទី ១ នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអា-រ៉ាប់រួម កាលពីថ្ងៃទី ២៤-២៦ ខែតុលា ឆ្នាំ ២០២២, លើកទី ២ នៅទីក្រុងភ្នំពេញ ពីថ្ងៃទី ១៩-២១ ខែធ្នូ ឆ្នាំ ២០២២ និងលើកទី ៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ពីថ្ងៃទី ២០-២២ ខែកុម្ភៈ ឆ្នាំ ២០២៣។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ ខែមេសា ថា កិច្ចព្រមព្រៀងនេះគឺជាដំណើរវិវឌ្ឍន៍ថ្មីមួយទៀតដែលនឹងរួមចំណែកបង្កើនសក្តានុពលទាក់ទាញអ្នកវិនិយោគបរទេស ពិសេសពីតំបន់អារ៉ាប់ឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា ក៏ដូចជាជួយលើកកម្ពស់សមត្ថភាពនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិផងដែរ។ កិច្ចព្រមព្រៀងនេះគឺមិនត្រឹមតែជួយឱ្យទំនិញកម្ពុជាមានកាន់តែច្រើនលើទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួមប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់អារ៉ាប់ទាំងមូលតែម្តង។
លោកបន្តថា ជាមួយនឹងសមិទ្ធផលដែលកម្ពុជាកំពុងមាននៅពេលនេះ គឺនឹងមានអ្នកវិនិយោគបរទេសកាន់តែច្រើនចូលមកបណ្តាក់ទុននៅកម្ពុជា។
លោកបញ្ជាក់ថា៖ «ការបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីកាន់តែច្រើន គឺកាន់តែល្អព្រោះកិច្ចព្រមព្រៀងទាំងអស់នេះនឹងដើរតួជំនួសប្រព័ន្ធអនុគ្រោះពន្ធនានាដែលកម្ពុជាកំពុងទទួលបានពីបណ្តាប្រទេសមួយចំនួនដូចជា EBA (សហភាពអឺរ៉ុប) និង GSP( ពីអាមេរិក) ដែលអាចនឹងបាត់បង់នាពេលខាងមុខបន្ទាប់ពីសេដ្ឋកិច្ចកម្ពុជាកំពុងបង្ហាញពីសញ្ញាវិជ្ជមានជាបន្តបន្ទាប់»។
បើតាមលោក លឹម ហេង តាមរយៈកិច្ចព្រមព្រៀងនេះនឹងមានផលិតផលកម្ពុជាជាច្រើនមុខ ដូចជា អង្ករ, បន្លែ, ចេក, ស្វាយចន្ធី, ស្វាយ, ពោត, ម្រេច, អាហារហាឡាល់, គ្រឿងបង្គុំអេឡិចត្រូនិក, រថយន្តអគ្គិសនី, កាបូបធ្វើដំណើរ, ស្បែកជើង, និងសម្លៀកបំពាក់ ជាដើមមានវត្តមាននៅទីផ្សារតំបន់អារ៉ាប់។ ជាមួយគ្នានេះ កម្ពុជាក៏អាចរៀនសូត្រនូវបទពិសោធន៍ពីការអភិវឌ្ឍវិស័យសេវាកម្មពីអេមីរ៉ាតអារ៉ាប់រួម ផងដែរ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចរចា Cambodia-UAE CEPA ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ ថា កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានកំណត់ជួបប្រជុំគ្នាលក្ខណៈបច្ចេកទេសចំនួន ៣ ដង ដោយធ្វើការពិភាក្សាគ្នាឱ្យរួចរាល់ និងនៅជុំទី ៤ គឺឈានដល់ការចុះហត្ថលេខារបស់ថ្នាក់ដឹកនាំប្រទេសទាំង ២ លើកិច្ចព្រមព្រៀងនេះតែម្តង។ តាមគម្រោងភាគីទាំង ២ ចង់ឱ្យកិច្ចព្រមព្រៀងនេះអាចចុះហត្ថលេខាក្នុងឆ្នាំ ២០២៣ នេះ។
លោកនិយាយថា៖ «យើងសង្ឃឹមថា កិច្ចព្រមព្រៀងនេះ គឺជាការបើកច្រកថ្មីមួយទៀតសម្រាប់ទីផ្សារនាំចេញផលិតផលកម្ពុជា ពិសេសតាមរយៈប្រទេសអេមីរ៉ាតអារ៉ាប់រួមកសិផលកម្ពុជាមួយចំនួនក៏អាចបន្តទៅតំបន់មជ្ឈិមបូព៌ា និងអ្រាហ្វិកផងដែរ»។
បើតាមក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀង Cambodia-UAE CEPA មាន ១៨ ជំពូក និង ២៨៤ មាត្រា ពាក់ព័ន្ធនឹងពាណិជ្ជកម្មទំនិញនិងសេវា, ការវិនិយោគ, វិធានដើមកំណើតទំនិញ, កិច្ចសម្រួលពាណិជ្ជកម្ម, របាំងពាណិជ្ជកម្ម, ពាណិជ្ជកម្មឌីជីថល, កម្មសិទ្ធិបញ្ញា, ឧបាស្រ័យពាណិជ្ជកម្ម, និងកិច្ចសហប្រតិបត្តិការជាដើម៕