ភ្នំពេញៈ ធនាគារពាណិជ្ជធំៗចំនួនតិចតួចប៉ុណ្ណោះបានគ្របដណ្តប់ទ្រព្យសកម្មស្ទើរតែទាំងស្រុងក្នុងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ខណៈអ្នកជំនាញមើលឃើញថា កត្តានេះមិនជះឥទ្ធិពលអវិជ្ជមានទៅដល់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាឡើយ។
របាយការណ៍ត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា (NBC) ដែលចេញផ្សាយកាលពីចុងត្រីមាសទី ១ ឆ្នាំ ២០២៣ ឱ្យដឹងថា នៅក្នុងឆ្នាំ ២០២២ ធនាគារពាណិជ្ជ និងឯកទេសនៅកម្ពុជាបានគ្រប់គ្រងទ្រព្យសកម្មក្នុងវិស័យហិរញ្ញវត្ថុស្ទើរទាំងស្រុងដែលមាន ២៧២ ៧៣២ ពាន់លានរៀល (៥៦,៥៧៧ ពាន់លានដុល្លារ) បើធៀបនឹងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺមានតែធនាគារពាណិជ្ជធំៗមួយចំនួនប៉ុណ្ណោះដែលគ្រប់គ្រងទ្រព្យសកម្មច្រើនក្នុងប្រព័ន្ធធនាគារនៅកម្ពុជា។
បើតាមរបាយការណ៍ គឺធនាគារអេស៊ីលីដា គ្រប់គ្រងទ្រព្យសកម្មចំនួន ១៣,៤ ភាគរយ ធនាគារ ABA ១៣,៦ ភាគរយ ធនាគារកាណាឌីយ៉ា ១១,៦ភាគរយ ធនាគារកម្ពុជាសាធារណៈ ៣,៤ ភាគរយ ធនាគារស្ថាបនា ៤,១ ភាគរយ ធនាគារហត្ថា ៣,៦ ភាគរយ ធនាគារពាណិជ្ជកម្មក្រៅប្រទេស ២,៨ភាគរយ ធនាគារចិនសាខាភ្នំពេញ ២,៧ ភាគរយ ធនាគារ Woori ២,២ ភាគរយ ធនាគារ ICBC ២,២ ភាគរយធនាគារ J Trust Royal ២,០ ភាគរយ ក្រៅពីនោះគ្រប់គ្រងចំណែកលើ១ភាគរយ ឬក្រោម ១ ភាគរយនៃចំនួនទ្រព្យសកម្មសរុប។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានកត់សម្គាល់ឃើញថាថ្វីដ្បិតធនាគារពាណិជ្ជធំៗគ្រប់គ្រងចំណែកទ្រព្យសកម្មធំក៏ពិតមែន ប៉ុន្តែពួកគេក៏បានបោះទុនចុះបញ្ជីច្រើនដែរ។
លោកបន្ថែមថា ធនាគារជាតិនៃកម្ពុជាតម្រូវការទុនចុះបញ្ជីសម្រាប់ធនាគារពាណិជ្ជចន្លោះពី ៥០-៧៥ លានដុល្លារ ប៉ុន្តែធនាគារពាណិជ្ជខ្លះបានប្រើប្រាស់ដើមទុនចុះបញ្ជីរហូតទៅដល់រាប់ពាន់លានដុល្លារ ដែលជាកត្តាធ្វើឱ្យទ្រព្យសកម្មរបស់ពួកគេមានចំណែកធំ។
លោកបន្តថា កាលពី ១០ ឆ្នាំមុន ប្រាក់បញ្ញើសន្សំ និងឥណទានរបស់ធនាគារអេស៊ីលីដា គឺខ្ពស់ជាងទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ប៉ុន្តែពេលនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក៏រីកធំធាត់ ហើយដើមទុនរបស់ពួកគេក៏កើនឡើងច្រើនដែរ។
លោកអះអាងថា៖ «ធនាគារពាណិជ្ជចំនួន ៥ ឬ ៦ រួមគ្នាកាន់កាប់ទ្រព្យសកម្មយ៉ាងច្រើនក្នុងទីផ្សារដោយសារដើមទុនចុះបញ្ជីរបស់គេធំ បណ្តាញធំទាំង ៣ របស់ពួកគេ គឺសាខាច្រើន ទូអេធីអឹម និងបណ្តាញឌីជីថល ដែលអាចអនុញ្ញាតឱ្យពួកគេប្រមូលប្រាក់បញ្ញើសន្សំបានច្រើន និងផ្តល់កម្ចីក៏ច្រើនដែរ»។
អ្នកវិភាគសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ង៉ែត ជូ យល់ឃើញថា ធនាគារពាណិជ្ជធំៗមានលទ្ធភាពគ្រប់គ្រងទ្រព្យសកម្មច្រើនបំផុតដោយសារតែពួកគេផ្តល់កម្ចីដល់អតិថិជនខ្នាតធំក្នុងសាជីវកម្ម។
លោកប្រាប់ថា៖ «ធនាគារធំៗទៅដល់ទីជនបទបានច្រើនមិនប្រាកដថាល្អនោះទេ ព្រោះវាអាស្រ័យទៅលើលទ្ធភាពសងរបស់ប្រជាពលរដ្ឋ។ បើយើងមើលទំហំកម្ចីពីខាងមីក្រូហិរញ្ញវត្ថុក៏ឃើញមានកំណើនខ្ពស់ដែរ ប៉ុន្មានឆ្នាំចុងក្រោយនេះ»។
បើយោងតាមធនាគារជាតិនៃកម្ពុជា ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តមានវឌ្ឍនភាព ទទួលបានជំនឿទុកចិត្តពីសាធារណជន និងចូលរួមយ៉ាងសកម្មក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចនានា។ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារនៅក្នុងឆ្នាំ ២០២២ មានកំណើន ១២,៦ ភាគរយ ដល់ ៣១៩,២ពាន់ពាន់លានរៀល (៧៧,៥ពាន់លានដុល្លារ) ក្នុងនោះឥណទានអតិថិជន បានកើនឡើង ១៨,៩ ភាគរយ ដល់ ២២៦,៧ ពាន់ពាន់លានរៀល (៥៥,១ពាន់លានដុល្លារ) ប្រាក់បញ្ញើអតិថិជន មានកំណើន ៩,២ ភាគរយដល់ ១៧៤,៤ ពាន់ពាន់លានរៀល (៤២,៤ ពាន់លានដុល្លារ) និងដើមទុនមានកំណើន ១៣,៩ ភាគរយ ដល់ ៦៣,៣ ពាន់ពាន់លានរៀល (១៥,៤ ពាន់លានដុល្លារ)៕