ភ្នំពេញៈ កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) ឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍បន្ថែមទៀត បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ដើម្បីទាក់ទាញកំណើនទេសចរពីគ្នាទៅវិញទៅមក និងទេសចរប្រទេសទី៣។
ការឯកភាពនេះធ្វើឡើងក្នុងជំនួបរវាងលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងគណៈប្រតិភូ ACC ដឹកនាំដោយលោក ស្ស៉ឺ ចុងជុន (Shi Zhongjun) អគ្គលេខាធិការនៃ ACC នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែមេសា។
ក្រសួងទេសចរណ៍បញ្ជាក់នៅលើហ្វេសប៊ុកនាថ្ងៃទី២២ ខែមេសា ថា ក្នុងជំនួបនោះ ភាគីទាំង ២ បានរំឭកពីកិច្ចសហប្រតិបត្តិការជាច្រើនដែលបានធ្វើជាមួយគ្នាកន្លងមក ក្នុងនោះក៏មានវិស័យទេសចរណ៍ផងដែរ ប៉ុន្តែដោយសារតែវិបត្តិជំងឺកូវីដ១៩ កិច្ចសហប្រតិបត្តិមួយចំនួនក៏ត្រូវអាក់ខានទៅវិញ ហើយសកម្មភាពទេសចរទៅមកប្រទេសទាំង ២ ក៏ត្រូវបានផ្អាកផងដែរ។
ក្រសួងបន្តថា មកដល់ឆ្នាំ២០២៣នេះ ពោលគឺក្រោយពេលរដ្ឋាភិបាលចិនបន្ធូរបន្ថយការធ្វើដំណើរសម្រាប់អ្នកដំណើរ និងភ្ញៀវទេសចរនាដើមឆ្នាំ២០២៣នេះទេ ទើបមានភ្ញៀវទេសចរទៅមកប្រទេសទាំង ២ កម្ពុជា-ចិន ឡើងវិញ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏បានដករបាំងនៃការធ្វើដំណើរទាំងឡាយអស់ហើយដែរ។
លោក ស្ស៉ឺ ចុងជុន ត្រូវបានស្រង់សម្ដីផ្សព្វផ្សាយក្នុងហ្វេសប៊ុកនេះថា ការធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាលើកដំបូងបន្ទាប់ពីកូវីដ១៩ គឺដើម្បីបន្តនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជាឡើងវិញ ជាពិសេសវិស័យទេសចរណ៍ ដែលជាស្ពានភ្ជាប់ទំនាក់ទំនងយ៉ាងសំខាន់នៃប្រទេសទាំង ២។
លោកថ្លែងថា៖ «ACC នឹងរៀបចំឱ្យមានសកម្មភាពរួមគ្នារវាងអាស៊ាន-ចិន ពិសេសជាមួយភាគីកម្ពុជា ដូចជាការធ្វើពិព័រណ៍ផ្សព្វផ្សាយពីគោលទេសចរណ៍នៅកម្ពុជា និងនៅចិន ការបណ្ដុះបណ្ដាលជំនាញ និងមគ្គុទ្ទេសក៍ខ្មែរនិយាយភាសាចិន ការផ្លាស់ប្ដូរទស្សនកិច្ចរបស់អ្នកសារព័ត៌មានកម្ពុជានិងចិន ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ប្រទេសទាំង ២ ទៅវិញទៅមក, ការជំរុញឱ្យមានការហោះហើរត្រង់ដឹកអ្នកដំណើរទៅកាន់គោលដៅឱ្យបានច្រើន និងញឹកញាប់ជាមុន ការជំរុញចរន្តភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា ក៏ដូចជាការបង្កើនផលិតផលទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិន និងទេសចរបរទេសដទៃទៀតជាដើម»។
ហ្វេសប៊ុកក្រសួងបញ្ជាក់ថា៖«នាឱកាសនោះ ឯកឧត្តម ទិត ចន្ថា បានឯកភាពទាំងស្រុងចំពោះការលើកឡើងអំពីកិច្ចសហប្រតិបត្តិការខាងលើនេះ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនទេសចរទៅមកប្រទេសទាំង ២ បន្ថែម ក៏ដូចជារួមចំណែកក្នុងការទាក់ទាញទេសចរប្រទេសទី៣ ឱ្យមកកាន់ប្រទេសកម្ពុជាបន្ថែមទៀតផងដែរ»។
បើតាមប្រភពដដែល លោក ទិត ចន្ថា បានបញ្ជាក់បន្ថែមប្រាប់អ្នកសារព័ត៌មានថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤ លាននាក់ ក្នុងនោះនឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ ១ លាននាក់ដែរ៕