កម្ពុជា បានស្នើសុំភាគីជប៉ុនពិចារណាបង្កើនកិច្ចសហប្រតិបត្តិការ និង ការជួយគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួចរបស់អាស៊ាន តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលជាដើម ដើម្បីឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ពីចក្ខុវិស័យនិងយុទ្ធសាស្ត្រកំណើនសមាហរណកម្មសេដ្ឋកិច្ច អាស៊ាន-ជប៉ុន សម្រាប់រយៈពេល ៥០ ឆ្នាំខាងមុខ។
លោក រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើបែបនេះទៅកាន់ភាគីជប៉ុន នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក NOBUO Kiriyama អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន និងជាតំណាងឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់ជប៉ុន កាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ពាណិជ្ជកម្ម។
លោករដ្ឋលេខាធិការ ក៏បានសម្តែងការអបអរសាទរ សម្រាប់ខួបលើកទី ៥០ នៃទំនាក់ទំនង អាស៊ាន-ជប៉ុន ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និង ប្រជាជន ជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
លោកថ្លែងថា៖«យើងស្វាគមន៍ផងដែរ សម្រាប់ការបង្កើតមជ្ឈមណ្ឌលឌីជីថលនៅវិទ្យាស្ថាន ERIA និងរំពឹងថា មជ្ឈមណ្ឌលនេះនឹងអាចជួយឱ្យកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន កាន់តែទទួលបានផ្លែផ្កាបន្ថែមទៀត និងស្នើឱ្យលោក NOBUO Kiriyama ជួយជំរុញវិនិយោគិនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត»។
ប្រភពពីក្រសួងកសិកម្ម បានឱ្យដឹងនៅក្នុងជំនួបនោះថា លោក NOBUO Kiriyama អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានធ្វើបទបង្ហាញអំពីការធ្វើបច្ចុប្បន្នភាពលើគំនិតផ្តួចផ្តើម និងឯកសារទស្សនទានរបស់ជប៉ុន ស្តីពី ASEAN-Japan Economic Co-Creation Vision និង Future Design and Action Plan ដែលជាចក្ខុវិស័យនិងយុទ្ធសាស្ត្រកំណើនសមាហរណកម្មសេដ្ឋកិច្ច អាស៊ាន-ជប៉ុន សម្រាប់រយៈពេល ៥០ឆ្នាំខាងមុខ។
លោកក៏បានលើកឡើងថា កិច្ចប្រជុំ Young Business Leaders’ Summit និងកិច្ចប្រជុំ Z-gen Business Leaders’ Summit ដែលនឹងប្រព្រឹត្តនៅខែធ្នូ ឆ្នាំ ២០២៣ គឺដើម្បីបង្កើតបណ្តាញសហគ្រិនវ័យក្មេងអាស៊ាន-ជប៉ុន និងការបង្កើតមជ្ឈមណ្ឌលឌីជីថលនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ផងដែរ។
លោកថា ជប៉ុន ប្តេជ្ញាចិត្តលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ទាំងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ឱ្យកាន់តែជិតស្និទ្ធិបន្ថែមទៀត។
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំ ២០២៣នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុនសម្រេចបានក្នុងទំហំទឹកប្រាក់ ជាង ៤៥៦ លានដុល្លារ ថយចុះជិត ៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕