កម្ពុជា និងទីម័រខាងកើត បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការប្រកាសបញ្ចប់ការចរចាទ្វេភាគីលើការសន្យាបើកច្រកទីផ្សារសម្រាប់ពាណិជ្ជកម្មទំនិញនិងសេវាកម្ម ដើម្បីពន្លឿនការចរចាទ្វេភាគីរវាងទីម័រខាងកើត និង សមាជិកដទៃទៀត ក្នុងគោលដៅចងក្រងជាកញ្ចប់ចូលជាសមាជិករួមមួយ ក្រោមក្របខ័ណ្ឌចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់ទីម័រខាងកើត។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនៅទីក្រុង ហ្សឺណែវ ប្រទេសស៊្វីស កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដោយការចុះហត្ថលេខានេះត្រូវបានធ្វើដោយ លោកអគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការ WTO និងលោកស្រី Maria de Lurdes Martins de Sousa BESSA ឯកអគ្គរដ្ឋទូតនិងជាតំណាងអចិន្ត្រៃយ៍នៃទីម័រខាងកើតប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុង ហ្សឺណែវ។
នៅក្នុងកិច្ចប្រជុំក្រុមការងារស្ដីពីការចូលជាសមាជិករបស់ទីម័រខាងកើតលើកទី៥ ដែលបានធ្វើឡើង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ លោក ឡុង កែមវិចិត្រ អគ្គរាជទូតកម្ពុជា បានលើកឡើងថា គោលការណ៍ដែលបានផ្ដល់ជូនដោយរាជរដ្ឋាភិបាលឱ្យបញ្ចប់ការចរចាទ្វេភាគីរវាងកម្ពុជានិងទីម័រខាងកើតនាពេលនេះ បានឆ្លុះបញ្ចាំងពីការតាំងចិត្តខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជ្រោមជ្រែងប្រទេស ទីម័រខាងកើត ឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនស្ដីពីការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងពិភពលោក។
លោក ឡុង កែមវិចិត្រ ថ្លែងថា៖ «ជាក់ស្ដែង ក្នុងក្របខ័ណ្ឌតំបន់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានក្រោមការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ ២០២២ ថ្នាក់ដឹកនាំកំពូលអាស៊ាន បានប្រកាសការឯកភាពជាគោលការណ៍អនុម័តការស្នើសុំចូលជាសមាជិកអាស៊ានរបស់ ទីម័រខាងកើត។ ហើយនៅក្នុងក្របខ័ណ្ឌសកលនាពេលនេះ ការបញ្ចប់ការចរចាទ្វេភាគីរវាងកម្ពុជា និង ទីម័រខាងកើត ជាការរួមចំណែកមួយដ៏ធំក្នុងការពន្លឿនការចរចាទ្វេភាគីរវាងទីម័រខាងកើត និង សមាជិកដទៃទៀត ក្នុងគោលដៅចងក្រងជាកញ្ចប់ចូលជាសមាជិករួមមួយ ដែលអាចឈានទៅរកការអនុម័តឱ្យទីម័រខាងកើតចូលជាសមាជិកអង្គការ WTO ជាផ្លូវការក្នុងអំឡុងពេលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ នៅប្រទេស អេមីរ៉ាតអារ៉ាប់រួមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤»។
សូមបញ្ជាក់ជូនថា ក្រុមការងារស្ដីពីការចូលជាសមាជិករបស់ទីម័រខាងកើតបានបង្កើតឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៦ ដោយមកទល់ពេលនេះ ក្រុមការងារបានជួបប្រជុំចំនួន ៥ លើកមកហើយ។ ជំហានបន្ទាប់ យោងទៅលើលទ្ធផលនៃការចរចាបើកច្រកទីផ្សារទ្វេភាគីរវាងទីម័រខាងកើត និង សមាជិកដែលបានចូលរួមចរចា សេចក្ដីព្រាងការសន្យាបើកច្រកទីផ្សារនឹងត្រូវបានចងក្រងឡើង ហើយរួមផ្សំជាមួយសេចក្ដីព្រាងរបាយការណ៍របស់ក្រុមការងារ នឹងបង្កើតចេញជាសេចក្ដីព្រាងកញ្ចប់ចូលជាសមាជិករួមមួយសម្រាប់សមាជិកទាំងមូលពិនិត្យ៕