ភ្នំពេញៈ ក្រុមហ៊ុន OCIC និងក្រុមហ៊ុនផ្សារទំនើប Big C បានសហការគ្នាបើកដំណើរការផ្សារទំនើបថ្មី ១ នៅក្នុងទីក្រុងរណបជ្រោយចង្វារ ដោយរំពឹងថា នឹងអាចទាក់ទាញទេសចរជាតិ និងទេសចរជាតិអន្តរជាតិដើរទស្សនាកម្សាន្ត ថែមទាំងផ្តល់ជម្រើសលើមុខទំនិញគ្រប់ប្រភេទ ទាំងផ្នែកអាហារ សម្លៀកបំពាក់ និងបរិក្ខារបច្ចេកវិទ្យាទំនើប ដែលនាំចូលពីប្រទេសថៃ។
កិច្ចសហការនេះ ត្រូវបានប្រកាសនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣ ដោយភាគីទាំង ២ បានបង្ហាញពីការបន្តការប្តេជ្ញាចិត្តក្នុងការបង្កើតតម្លៃរួមគ្នា និងការផ្តួចផ្តើមគំនិតសម្រាប់សហគមន៍ ដោយផ្សារនេះជាផ្សារទំនើបខ្នាតយក្ស BIG C នឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំជិត៣ហិកតា ជិតរង្វង់មូលសុវណ្ណមច្ឆា ក្នុងទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ OCIC លោកស្រី Lim Lychin នាយិកាក្រុមហ៊ុន OCIC និង Mega Asset Management បានឱ្យដឹងថា គម្រោងសាងសង់ផ្សារទំនើបខ្នាតយក្ស BIG C របស់ក្រុមហ៊ុន OCIC និងក្រុមហ៊ុនផ្សារទំនើបលក់រាយខ្នាតយក្សរបស់ប្រទេសថៃ គឺមានគោលដៅសំខាន់បង្កើតភាពរីករាយ ដល់ពលរដ្ឋទូទៅ ទេសចរជាតិ អន្តរជាតិ ដើរទស្សនាកម្សាន្ត និងផ្តល់ជម្រើសលើមុខទំនិញគ្រប់ប្រភេទ។
លោកស្រីបន្តថា ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរ អាចជ្រើសរើសមុខទំនិញទាំងផ្នែកអាហារគ្រប់ប្រភេទ ផ្នែកសម្លៀកបំពាក់ និងបរិក្ខារបច្ចេកវិទ្យាទំនើបនានាទៀត ដែលជាផលិតផលនាំចូលពីក្រៅប្រទេស មានគុណភាពម្រិតខ្ពស់ ព្រមទាំងបង្កើតឱកាសការងារជាច្រើនទៀតផងដែរ។
លោកស្រីបញ្ជាក់ថា៖«ក្រុមហ៊ុន OCIC ជាក្រុមហ៊ុនវិនិយោគច្រើនជាងគេនៅកម្ពុជា មានដូចជា វិនិយោគលើវិស័យអចលទ្រព្យ អប់រំ សុខាភិបាល អាកាសយានដ្ឋានអន្តរជាតិតេជោ វិស័យសំណង់ ប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តជាដើម ហើយគម្រោងសាងសង់ផ្សារទំនើប BIG C ធំជាងគេនៅកម្ពុជា ក៏នឹងក្លាយជាតំបន់បណ្តុំអាជីវកម្មកណ្តាលរាជធានីភ្នំពេញថ្មី១ទៀតដែរ»។
ជាមួយគ្នានេះដែរ លោក Gary Hardy ប្រធានក្រុមហ៊ុនផ្សារទំនើប Big C ប្រចាំប្រទេសថៃ បានលើកឡើងដែរថា នៅឆ្នាំ២០១៩ក្រុមហ៊ុនផ្សារទំនើប BIG C បានបង្កើតផ្សារទំនើបខ្នាតធំដំបូងគេមួយ នៅក្រុងប៉ោយប៉ែត ហើយបានពង្រីកការសាងសង់ផ្សារទំនើបខ្នាតតូចមានឈ្មោះ BIG C Mini ចំនួន២០កន្លែងទៀត នៅរាជធានីភ្នំពេញ និងខេត្តកំពត។
លោកបានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មានថា៖«នៅក្នុងគម្រោងសាងសង់ផ្សារ BIG C ជាមួយក្រុមហ៊ុន OCIC គឺជាជំហានពង្រីកខ្លួនដ៏ធំ១ទៀត រយៈពេល៥ឆ្នាំទៅមុខ ដើម្បីអភិវឌ្ឍប្រភេទផ្សារទំនើប គ្រប់ទំហំនៅទូទាំងប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
សូមបញ្ជាក់ថា ផ្សារទំនើប BIG C ជាផ្នែកមួយរបស់ក្រុមហ៊ុន Berli Jucker Public ធំជាងគេ និងជាផ្សារដែលមានប្រជាប្រិយភាព និងពេញនិយម ពីសំណាក់ប្រជាជនកម្ពុជា និងថៃ នៅប្រទេសថៃ។ បច្ចុប្បន្ន ផ្សារទំនើបនេះបាននិងកំពុងដំណើរការផ្សារលក់រាយចំនួន ១ ៨១០កន្លែងនៅប្រទេសថៃ ក្នុងនោះមានប្រភេទផ្សារទំនើបខ្នាតយក្ស BIG C ចំនួន ១៥៤ផ្សារ ក្រៅពីនេះជាផ្សារ BIC C Mini៕