ភ្នំពេញៈ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយអាស៊ាន នៅត្រីមាសទី១ ឆ្នាំ ២០២៣ នេះ មានទំហំទឹកប្រាក់សរុបជាង ៣ ពាន់លានដុល្លារអាមេរិក ថយចុះ ១៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២២។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលទទួលបាននៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣។
របាយការណ៍ដដែលបានបន្តថា ក្នុងនោះ ប្រទេសវៀតណាម និងថៃ ជាទីផ្សារឈានមុខគេរបស់កម្ពុជា ក្នុងចំណោមប្រទេសសមាជិកអាស៊ានផ្សេងទៀត ដោយទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅត្រីមាសទី១ឆ្នាំ២០២៣ មានទឹកប្រាក់សរុបជាង១,៨ពាន់លានដុល្លារ កើនឡើងជាង ៨ភាគរយ។ រីឯ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ វិញមានទឹកប្រាក់សរុបប្រមាណ ១ពាន់លានដុល្លារ ថយចុះ ៩ភាគរយ។ ដោយឡែក ប្រទេសឥណ្ឌូនេស៊ី បានស្ថិតក្នុងលំដាប់លេខ៣ ដោយមានទំហំទឹកប្រាក់សរុបប្រមាណ ៣០០លានដុល្លារ កើនឡើង ៤៣ភាគរយ។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម ធ្លាប់បានប្រាប់កាលពីដើមខែមេសានេះថា វាមិនមែនតែការធ្វើពាណិជ្ជកម្មក្នុងតំបន់នោះទេ ប៉ុន្តែជាមួយបណ្តាប្រទេសធំៗដទៃទៀត ដូចជាចិនជាដើម ក៏មានការថមថយដែរ ដោយសារតែនៅដើមឆ្នាំបែបនេះ ទំនិញកសិផលមិនសូវមានការនាំចេញច្រើននោះទេ។
លោកបានថ្លែងថា៖ «វាមិនមែនជាប្រការមួយដែលអាចពិនិត្យមើលសព្វជ្រុងជ្រោយនៃទីផ្សារនោះទេ ព្រោះថា វាពិបាកក្នុងការរកមូលហេតុជាក់ស្តែង ហើយមូលហេតុនោះទៀតសោត ក៏មិនមែនឆ្លុះបញ្ចាំងពីភាពអវិជ្ជមានការនាំចេញ នាំចូលរបស់កម្ពុជា និងអាស៊ានដែរ។ម្យ៉ាងវិញទៀត វាក៏ដោយសារតែតម្រូវការបញ្ជាទិញពីក្រៅប្រទេសមានការធ្លាក់ចុះ ក្រោយរងសម្ពាធពីវិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែនផងដែរ»។
លោកថ្លែងថា ចំពោះការដោះដូរពាណិជ្ជកម្ម ជាពិសេសទីផ្សារនាំចេញ គឺមិនខុសគ្នានោះទេ តែងតែមានការប្រែប្រួលទៅតាមរដូវកាល ទៅតាមឆ្នាំនីមួយៗ និងទៅតាមតម្រូវការងារបស់អ្នកបញ្ជាទិញ។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ៖ «បន្ទាប់ពីគេបញ្ជាទិញ គេរៀបចំកាលវិភាគ ទើបយើងអាចនាំចេញទៅបាន។មួយវិញទៀត វាក៏អាចមកពីចំណុះទៅនឹងកាលវិភាគរបស់កប៉ាល់ដែរ ព្រោះថា នៅពេលដែលមានកប៉ាល់ចូលមកច្រើន ទើបអាចនាំចេញទំនិញទៅវិញបានច្រើនដែរ»។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែមេសាថា ការថយចុះ នៃការធ្វើពាណិជ្ជកម្មនេះ មិនមែនមានតែកម្ពុជា ជាមួយប្រទេសនៅក្នុងតំបន់នោះទេ ប៉ុន្តែការធ្វើពាណិជ្ជកម្មនៅទូទាំងសកលលោក ក៏មានថយចុះដូចគ្នាដែរនៅដើមឆ្នាំ២០២៣នេះ។
លោកថ្លែងថា៖ «ជាធម្មតាការធ្វើពាណិជ្ជកម្ម និងផ្នែកភ័ស្តុភារកម្មដឹកជញ្ជូននេះ មានដំណើរស្របគ្នា មានន័យថា បើការដោះដូរពាណិជ្ជកម្មកើន ការដឹកជញ្ជូនក៏កើនឡើងទៅតាមហ្នឹងដែរ តែបើធ្លាក់ចុះ គឺធ្លាក់ចុះដូចគ្នា» ។ «ការធ្លាក់ចុះនេះ មិនមែនតែកម្ពុជា ហើយក៏មិនមែនតែនៅក្នុងតំបន់អាស៊ានយើងដែរ គឺនៅទូទាំងពិភពលោកតែម្តង ដោយសារតែឧបសគ្គដដែលហ្នឹង ដែលបានជួបនាពេលកន្លងមក ជាពិសេសវិបត្តិកូវីដ១៩ នៅតែបន្តអូសបន្លាយ ស្របពេលដែលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តនៅឡើយ ដែលបានធ្វើឱ្យឥន្ធនៈឡើងថ្លៃ នាំឱ្យការដឹកជញ្ជូនឡើងថ្លៃ និងបញ្ហាអតិផរណាជាដើម»។
បើតាមក្រសួងពាណិជ្ជកម្ម ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន មានដូចជា ផលិតផលកសិកម្ម សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអេឡិចត្រូនិក និងកង់។ ចំណែកឯ ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចូលពីបណ្ដាប្រទេសអាស៊ាន រួមមាន ម្ហូបអាហារ ភេសជ្ជៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក គ្រឿងសំណង់ គ្រឿងយន្តកសិកម្ម និងយានយន្ត ជាដើម។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅត្រីមាសទី១ ឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ បានថយចុះ ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់សរុបជាង ៥ពាន់លានដុល្លារ និងទំនិញដែលកម្ពុជាបាននាំចូលពីអន្តរជាតិវិញ មានទំហំទឹកប្រាក់សរុបជាង ៥,៨ពាន់លានដុល្លារ៕