ភ្នំពេញៈ អាជ្ញាធរខេត្តស្ទឹងត្រែង បានឱ្យដឹងថា បើគិតត្រឹមរយៈពេល៥ឆ្នាំចុងក្រោយនេះ ផលិតផលកសិកម្មបានរកចំណូលជូនខេត្តបានចន្លោះពី ៧០០ ទៅ ៨០០ លានដុល្លារ ខណៈប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងភាគច្រើនរស់នៅពឹងផ្អែកលើការធ្វើស្រែ ចម្ការ ដាំដំណាំកសិឧស្សាហកម្ម និងការនេសាទជាដើម ។
ទិន្នន័យនេះត្រូវបានបង្ហាញឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំ» របស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននោះថា ខេត្តស្ទឹងត្រែងមានទន្លេហូរកាត់ចំនួន៤ រួមមាន ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រពកដែលកំពុងរួមចំណែកដល់វិស័យកសិកម្ម ជាប្រភពត្រីមេពូជ និងធនធានជលផលសំខាន់ៗសម្រាប់ខេត្តស្ទឹងត្រែង។
ជាមួយគ្នានេះ ខេត្តស្ទឹងត្រែងមានផ្ទៃដីដាំដុះដំណាំកសិកម្មសរុបជាង ១១ ម៉ឺនហិកតា ក្នុងនោះ ដំណាំស្រូវមានប្រមាណ ២៧ ៨០០ ហិកតា ស្វាយចន្ទីមាន ៤៤ ៥២៧ ហិកតា កៅស៊ូ ១៣ ៤៤១ ហិកតា ដំឡូងមី ២៥ ០៦៧ ហិកតា ស្វាយ៣ ៩៨០ ហិកតា និងដំណាំរួមផ្សំប្រមាណជាង ៤០០ ហិកតា។
លោក ទុំ នីរ៉ូ បានបញ្ជាក់ថា៖«វិស័យកសិកម្មនៅក្នុងខេត្តស្ទឹងត្រែងមានកំណើនពី ៦% ទៅ ៧% ក្នុង ១ ឆ្នាំៗ ក្នុងចំណោមវិស័យសក្តានុពលសំខាន់របស់ខេត្ត វិស័យកសិកម្មត្រូវបានចាត់ទុកជាវិស័យសក្តានុពលសំខាន់មួយសម្រាប់ជួយលើកស្ទួយកំណើនសេដ្ឋកិច្ចប្រជាកសិករនៅទីជនបទ ខណៈវិស័យនេះរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប ឬ (GDP)របស់ខេត្តប្រមាណ ៦៧% ទៅ ៦៩% ថែមទៀត »។
បើតាមប្រធានមន្ទីរកសិកម្មខេត្ដស្ទឹងត្រែង ក្នុងរយៈពេល៥ឆ្នាំមកនេះ ពោលបើគិតពីឆ្នាំ២០១៨ដល់២០២២ ផលិតផលដែលផលិតបានក្នុងវិស័យកសិកម្មមានចំណូលប្រមាណ៧០០ទៅ៨០០លានដុល្លារអាមេរិកដែល
ផលិតផលទាំងនោះមានដូចជា ស្រូវ ស្វាយចន្ទី កៅស៊ូ ដំឡូងមីជាដើម។លើសពីនេះក៏មានវិស័យជលផល និងសត្វចិញ្ចឹមផងដែរ។
លោកបានបញ្ជាក់ថា៖«ទិន្នផលដែលផលិតបានក្នុងខេត្តមានចន្លោះពី ៩០ ទៅ ១០០ ពាន់តោនក្នុង១ឆ្នាំ គិតជាទឹកប្រាក់ប្រមាណជាង ១០០ លានដុល្លារ សម្រាប់ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចខេត្តហើយ បើយើងគិតសរុបក្នុងរយៈ ៥ ឆ្នាំ មកនេះ ខេត្តស្ទឹងត្រែងរកចំណូលបានចន្លោះពី ៧០០ ទៅ ៨០០ លានដុល្លារ ពីផលិតផលកសិកម្ម ដែលនេះជាចំនួនច្រើនសម្រាប់សេដ្ឋកិច្ចខេត្ត ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល បើទោះជាខេត្តស្ទឹងត្រែងមិនមានតំបន់រោងចក្រ ឧស្សាហកម្ម និងសិប្បកម្មធំៗក្តី»។
ពាក់ព័ន្ធ នឹងការលើកឡើងនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងដែរថា បច្ចុប្បន្នកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់បានកើនឡើងពី ១ ៤២៣ ដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ១ ៥៨៥ ដុល្លារ ក្នុងឆ្នាំ២០២៣ និងអត្រាភាពក្រីក្រថយចុះពី ២៣% ក្នុងឆ្នាំ២០១៨ មកត្រឹម ២១% ក្នុងឆ្នាំ២០២៣។
លោកបានបន្តថា ដោយសារខេត្តមានផ្ទៃដីធំទូលាយ អាចវិនិយោគលើវិស័យកសិឧស្សាហកម្ម និងផលិតកម្មកសិកម្ម ហេតុនេះជាទិសដៅចម្បងរបស់ខេត្ត នឹងខិតខំពង្រីកទីផ្សារកសិផលកសិកម្ម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍និងគ្រួសារប្រជាពលរដ្ឋតាមរយៈការជំរុញការវិនិយោគ ពិនិត្យលទ្ធភាព និងសិក្សាអនុវត្តគោលនយោបាយជួយដល់ប្រជាកសិករដើម្បីថែរក្សាស្ថិរភាពថ្លៃកសិផលព្រមទាំងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្នុង១ឆ្នាំៗ បរិមាណផលស្រូវសម្រេចប្រមាណ ៧៣ ០០០ តោន,ដំណាំសាកវប្បកម្មទទួលបានផលក្នុងរង្វង់ ៤៥ ០០០តោន,ដំណាំឧស្សាហកម្មដូចជា ដំឡូងមី សណ្ដែកដី សណ្តែកសៀង អំពៅ ល្ង ជាដើម សម្រេចបាន ៥ ពាន់តោន, គ្រាប់ស្វាយចន្ទី ទាំងការប្រមូលផល និងលក់ចេញសម្រេចប្រមាណ ២៥០០០ តោន។
រីឯស្វាយកែវរមៀត ទទួលផលបានជាង ១ ៥០០ តោន,ផលិតកម្មដំណាំកៅស៊ូទទួលបានផលិតផលជ័រជាង ២៣ ៧១៦ តោន។ចំណែកឯផលិតកម្មសត្វជាលក្ខណៈគ្រួសារនិងអាជីវកម្មវិញបានកើនឡើងដល់ជាង៩០ម៉ឺន
ក្បាលដើម្បីផ្គត់ផ្គង់តាមតម្រូវការ ខណៈផលនេសាទទឹកសាបនិងវារីវប្បកម្មក៏សម្រេចបានប្រមាណ៤ពាន់តោនក្នុង ១ ឆ្នាំៗផងដែរ៕