ភ្នំពេញៈ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានអនុម័តការផ្តល់ឥណទាន ដែលមានការធានា ជាប្រាក់កម្ចី មានទំហំទឹកប្រាក់ជាង ១១៣ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមជិត ១ ២៧៥ ក្រុមហ៊ុន/អាជីវកម្ម ដោយគិតត្រឹមចុងខែមីនា ឆ្នាំ២០២៣។ នេះបើតាមព្រឹត្តិប័ត្រនៃវឌ្ឍនភាពការធានាឥណទានរបស់ CGCC។
ក្នុងព្រឹត្តិប័ត្រនៃវឌ្ឍនភាពនៃការធានាឥណទាន សម្រាប់ការផ្តល់កម្ចីជាប្រាក់រៀល ទំហំឥណទានដែលមានការធានា មានចំនួនប្រមាណជាង ៥១,២ ប៊ីលានរៀល ចំណែកកម្ចីជាប្រាក់ដុល្លារ មានទំហំឥណទានដែលមានការធានា ក្នុងទឹកប្រាក់ប្រមាណជាង ១០១,០២ លានដុល្លារអាមេរិក។
ការផ្តល់ឥណទាននេះទៀតសោត CGCC បានផ្តល់ឥណទានដែលគ្រប់គ្រងអាជីវកម្មដោយស្រ្តី មានចំនួន ៤៩៧ មូលដ្ឋាន និងអាជីវកម្មមិនមែនគ្រប់គ្រងដោយស្រ្តីចំនួន៧៧៨ មូលដ្ឋាន។ ក្នុងនោះដែរ បានផ្តល់ដល់សហគ្រាសខ្នាតធំ មានចំនួន ១០២ និងការផ្តល់ទៅដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម មានចំនួន ១ ១៧៣ ។
ចំណែកប្រភេទកម្ចីវិញ សម្រាប់ឥណទានមានទ្រព្យធានា មានចំនួន៤៦៤មូលដ្ឋាន និងគ្មានទ្រព្យធានាចំនួន៨១១មូលដ្ឋាន។
កាលពេលថ្មីៗកន្លងមកនេះ សាជីវកម្មធានាឥណទានកម្ពុជា ក៏បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងធានាឥណទានជាកញ្ចប់ជំហានបន្ត ដើម្បីជួយជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកាលពីដើមឆ្នាំនេះ។
នៅក្នុងពិធីនោះលោក Wong Keet Long អគ្គនាយក សាជីវកម្មធានាឥណទានកម្ពុជា បានលើកឡើងថា ការធានាឥណទានសម្រាប់វិស័យកសិកម្ម មានប្រមាណ ២,៦ភាគរយ, ឧស្សាហកម្ម មាន៨,៣ភាគរយ,សេវាកម្ម មាន១១,៦ភាគរយ ,ពាណិជ្ជកម្មលក់រាយមាន២៩ភាគរយ និងផ្នែកផ្សេងទៀត ៤៨,៤ភាគរយ នៃទំហំទឹកប្រាក់សរុបជាង៩២លានដុល្លារ ក្នុងឆ្នាំ២០២២។
«បញ្ហាបប្រឈមទាំងនោះ គឺទាក់ទងទៅនឹងការអភិវឌ្ឍប្រព័ន្ធនៃការធានាឥណទាននៅកម្ពុជា ដែលមានដូចជា បញ្ហារចនាសម្ព័ន្ធ ដែលធ្វើឱ្យមានការលំបាកក្នុងការផ្តល់កម្ចីឱ្យសហគ្រាសទាំងនោះដូចជា ការមិនទាន់ចុះបញ្ជីជាផ្លូវការ,របាយការណ៍ហិរញ្ញវត្តុ,គម្រោងអាជីវកម្ម,ភាពស្មុគស្មាញនៃនីតិវិធីច្បាប់ ក្នុងការផ្តល់កម្ចីជាដើម»។ នេះជាការលើកឡើងបន្ថែមពីលោក Wong Keet Long។
លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែមេសាថា ការផ្តល់ការធានាឥណទានពីសំណាក់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានជួយសម្រួលច្រើនដល់សហគ្រិនស្រ្តី ជាពិសេសការងើបឡើងវិញពីវិបត្តិកូវីដ១៩។
លោកស្រីបានបញ្ជាក់ដូច្នេះថា៖ «សមាជិកយើងច្រើនដែរ ដែលទទួលបានការអនុម័តកម្ចីពីធនាគារផ្សេងៗ បន្ទាប់ពី CGCC បានផ្តល់ការធានាលើឥណទានទាំងនោះ ដើម្បីឱ្យស្រ្តីយើងអាចចាប់ផ្តើមអាជីវកម្មរបស់ខ្លួនឡើងវិញ ក្រោយជួបវិបត្តិ។ យើងរំពឹងថា ក្រោយទទួលបានឥណទាន សហគ្រិនស្ត្រីយើងនឹងប្រើប្រាស់វាប្រកបដោយប្រសិទ្ធភាព ធ្វើយ៉ាងណាឱ្យអាជីវកម្មក្នុងដៃមានភាពប្រសើរឡើងវិញ និងកាន់តែមានភាពរីកចម្រើន»។
សូមបញ្ជាក់ថា សាជីវកម្មធានាឥណទានកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការអស់រយៈពេល២ឆ្នាំកន្លងមកហើយ ដោយនៅក្នុងឆ្នាំ២០២២ CGCC បានអនុម័តឱ្យមានការធានាចំនួន ១៨៥ កម្ចី ដែលមានទឹកប្រាក់សរុប៩២,៧លានដុល្លារ កើនឡើងច្រើនបើធៀបនឹងឆ្នាំ២០២១។ សាជីវកម្មធានាឥណទានកម្ពុជា មានគោលបំណងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩។
ជាមួយគ្នានេះដែរ គម្រោងធានាឥណទានជាកញ្ចប់ (Portfolio Guarantee Scheme) ដែលត្រូវដាក់ឱ្យដំណើរការក្នុងឆ្នាំនេះត្រូវបានស្ថាប័នពាក់ព័ន្ធរំពឹងថា នឹងអនុញ្ញាតឱ្យមានការបញ្ចេញកម្ចីដែលមានការធានាបានលឿន ងាយស្រួល និងមានភាពបត់បែន ដោយ CGCC និង PFI អាចពិភាក្សាគ្នាដើម្បីកំណត់ប្រភេទកម្ចី ប្រភេទអាជីវកម្ម និងអតិថិជនជាក់លាក់ ដើម្បីផ្តល់កម្ចីដែលមានការធានា នៅក្រោមគម្រោងនេះ៕