ភ្នំពេញៈ ផ្នែកឯកជនក្នុងវិស័យដឹកជញ្ជូនបង្ហាញសុទិដ្ឋិនិយមចំពោះវិស័យដឹកជញ្ជូននៅកម្ពុជាថា នឹងបង្កើនភាពប្រកួតប្រជែងកាន់តែខ្លាំងនៅប៉ុន្មានឆ្នាំខាងមុខ ខណៈរដ្ឋាភិបាលបានបង្ហាញការកែលម្អយ៉ាងច្រើនក្នុងវិស័យនេះ។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ការចំណាយលើការដឹកជញ្ជូននៅកម្ពុជាមានកម្រិតខ្ពស់ជាងប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម និងថៃ ប៉ុន្តែកម្ពុជាក៏មិនមែនជាប្រទេសតែ ១ គត់ដែលការចំណាយលើមធ្យោបាយដឹកជញ្ជូនខ្ពស់នោះដែរ គឺនៅមានប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ីដែលខ្ពស់ជាងកម្ពុជា។
លោកប្រាប់ថា៖ «បើនិយាយពីបញ្ហាថ្លៃដើមដែលហៅថា Costing សម្រាប់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា គឺមានកម្រិតខ្ពស់ជាងគេបនិ្តច ប៉ុន្តែមិនមែនខ្ពស់ជាងគេទាំងអស់ក្នុងតំបន់អាស៊ីនោះទេ»។
ដោយមើលឃើញការដាក់ចេញផែនការជាបន្តបន្ទាប់សម្រាប់អភិវឌ្ឍប្រព័ន្ធភ័ស្តុភារកម្ម និងមធ្យោបាយដឹកជញ្ជូនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ចន្ធី បាននិយាយថា ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ឆ្នាំ ២០២២-២០៣០ (CIT-MP) ដែលជាការរួមបញ្ចូលគ្នានៃផែនការមេការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ ភ័ស្តុភារកម្ម និងការដឹកជញ្ជូនអន្តរកម្ម គឺជាកិច្ចការប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាលក្នុងលើកកម្ពស់វិស័យដឹកជញ្ជូនផ្សារភ្ជាប់ទៅនឹងវិស័យពាណិជ្ជកម្ម។
លោកបានបញ្ជាក់ថា៖ «បើនិយាយពីផែនការមេនោះ គឺវាពេញលេញហើយ។ បើសិនយើងធ្វើបានរបៀបនោះ គឺកម្ពុជាពិតជាមានការប្រកួតប្រជែងសម្រាប់ថ្លៃដើមជាមួយប្រទេសក្នុងតំបន់ ឬក្នុងក្របខ័ណ្ឌពិភពលោកតែម្តង»។
លោកអះអាងថា ការបន្តបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្មនៅខេត្តព្រះសីហនុ ដែលក្រសួងសាធារណការបានចុះហត្ថលេខាជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កាលពីពេលថ្មីៗនេះ គឺជាតម្រូវការចាំបាច់មួយសម្រាប់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា ហើយលោកជឿជាក់ថា ក្រោយបង្កើតមជ្ឈមណ្ឌលនោះនៅខេត្តព្រះសីហនុរួច នៅភ្នំពេញ ក៏ដូចជាខេត្តផ្សេងៗទៀត ក៏នឹងត្រូវអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មនោះផងដែរ។
លោក ចន្ធី បានអះអាងថា៖ «កាលណាបានមជ្ឈមណ្ឌលនេះ គឺយើងនឹងទទួលបានផលច្រើនតាមរយៈការកាត់បន្ថយការកកស្ទះ ក្នុងការបញ្ជូនទំនិញទៅកំពង់ផែ ហើយគេក៏អាចតភ្ជាប់ផ្លូវរថភ្លើងទៅកំពង់ផែតែម្តងដែលនឹងកាត់បន្ថយថ្លៃចំណាយ»។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅតែជាយុទ្ធសាស្ត្រចម្បងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ដោយពេលនេះក្រសួងសាធារណការកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០ (CIT-MP) ដែលជាការរួមគ្នានៃផែនការមេការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ ភ័ស្តុភារកម្ម និងការដឹកជញ្ជូនអន្តរកម្ម។
លោកបញ្ជាក់ថា៖ «គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ចំនួន ១៥០ ត្រូវបានដាក់បញ្ចូលទៅក្នុង CIT-MP ដែលត្រូវការទំហំទឹកប្រាក់វិនិយោគប្រមាណ ៣០ ពាន់លានដុល្លារ នឹងត្រូវអនុវត្តរយៈពេល ១០ ឆ្នាំខាងមុខ»។
លោក ស៊ិន ចន្ធី ហាក់មិនរំពឹងថា គម្រោងទាំងនោះអាចនឹងសម្រេចបានឆាប់ៗនោះទេ ព្រោះវាជាការវិនិយោគដែលទាមទារនូវទឹកប្រាក់វិនិយោគច្រើន និងទាមទារពេលវេលាយូរផងដែរ។
លោកបានបញ្ជាក់ថា៖ «ប៉ុន្តែខ្ញុំគិតថា វាជាចំនួនទឹកលុយច្រើនណាស់ដែលគេត្រូវធ្វើជាបណ្តើរៗ ដោយយោងទៅលើការរីកចម្រើននៃវិស័យ Logistics នៅកម្ពុជា និងវិស័យពាណិជ្ជកម្មនៅកម្ពុជាផងដែរ»៕