
លោក ទុំ នីរ៉ូ នៅក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥មេសា។ ហេង ជីវ័ន
ស្ទឹងត្រែងៈ អាជ្ញាធរខេត្តស្ទឹងត្រែង បានបង្ហាញក្តីរំពឹងថា នាពេលអនាគត ខេត្តស្ទឹងត្រែង នឹងមានរោងចក្រ សហគ្រាសធំៗ ដែលវិនិយោគលើការផលិតផលកសិកម្មនានា ពិសេសលើការកែច្នៃគ្រាប់ស្វាយចន្ទី ដែលកំពុងមានសក្តានុពល និងជាដំណាំអាទិភាពរបស់ខេត្តស្រាប់។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តស្ទឹងត្រែង» ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលថ្ងៃទី២៤ ខែមេសា លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានថ្លែងថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត ដែលគិតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ផលិតផលដែលផលិតបានក្នុងវិស័យកសិកម្មបានរួមចំណែកធ្វើឱ្យមានកំណើន GDP របស់ខេត្តក្នុងរង្វង់ពី៦៧ទៅ៦៩%ក្នុង១ឆ្នាំៗ។
លោកបន្តថា ក្នុងចំណោមវិស័យដែលមានសក្តានុពលសំខាន់ៗរបស់ខេត្តស្ទឹងត្រែង វិស័យកសិកម្មជាវិស័យអាទិភាព១ដែលមានតួនាទីសំខាន់ក្នុងការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត។ យ៉ាងណាក្តី បើទោះបីជាខេត្តស្ទឹងត្រែង មិនមែនជាខេត្តដែលមានសក្តានុពលលើការដាំដុះដំណាំស្រូវ ប៉ុន្តែខេត្តនេះ ជាតំបន់ដែលមានសក្តានុពលទៅលើដំណាំកសិឧស្សាហកម្ម ដូចជាស្វាយចន្ទីជាដើម។
លោកទុំ នីរ៉ូ បានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពោលចាប់ពីឆ្នាំ២០១៨-២០២២ ដំណាំស្វាយចន្ទីនៅក្នុងខេត្តស្ទឹងត្រែង ដែលបានដំាដុះលើផ្ទៃចំនួន៤៤ពាន់ហិកតា បានផ្តល់ទិន្នផល ប្រមាណពី៩០ពាន់ទៅ១០០ពាន់តោន និងផ្តល់ចំណូលបានជាង១០០លានដុល្លារ ដែលបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចរបស់ខេត្ត។
លោកប្រធានមន្ទីកសិកម្ម បានបញ្ជាក់ទៀតថា៖ «បើទោះជាបច្ចុប្បន្នខេត្តស្ទឹងត្រែង មានវត្ថុធាតុដើមលើផលដំណាំស្វាយចន្ទីស្រាប់ ប៉ុន្តែជាក់ស្តែងខេត្ត មិនមានរោងចក្រ ឧស្សាហកម្ម និងសិប្បកម្មធំៗធ្វើការវិនិយោគ និងកែច្នៃលើគ្រាប់ស្វាយចន្ទីនៅឡើយទេ។ ហេតុនេះ លោកលើកទឹកចិត្តដល់បណ្តាវិនិយោគិនទាំងជាតិ និងអន្តរជាតិ ងាកមកចាប់អារម្មណ៍លើខេត្តស្ទឹងត្រែង ដើម្បីជួយពន្លឿនកម្ពុជាស្របតាមទិសដៅក្លាយជាប្រទេសអធិរាជស្វាយចន្ទីនាពេលអនាគត»។
លោកបន្តថា៖«ស្វាយចន្ទីជាដំណាំអាទិភាព១របស់ខេត្តស្ទឹងត្រែង ហើយស្ទឹងត្រែងគឺជា ខេត្តសក្តានុពល១ក្នុងចំណោមខេត្តមួយចំនួនទៀត ដែលនឹងអាចក្លាយជាខេត្តអធិរាជស្វាយចន្ទីនាពេលអនាគត។ អ៊ីចឹងយើងសង្ឃឹមថានឹងមានរោងចក្រក្រុមហ៊ុន អាចជាសិប្បកម្ម ឧស្សាហកម្មធំៗ ជួយវិនិយោគលើដំណាំស្វាយចន្ទី ព្រោះខេត្តបានត្រៀមជាស្រេចចំពោះវត្ថុធាតុដើម សម្រាប់វិនិយោគលើទឹកដីខេត្តស្ទឹងត្រែង»។
ពាក់ព័ន្ធនឹងការលើកឡើងនេះដែរលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងដែរថា ដំណាំស្វាយចន្ទី កំពុងក្លាយជាដំណាំយុទ្ធសាស្រ្តរបស់ខេត្ត ហើយបច្ចុប្បន្នដំណាំប្រភេទនេះកំពុងតែមានក្រុមហ៊ុនវិនិយោគមួយចំនួនកំពុងសម្លឹងរកឱកាសវិនិយោគ។
លោកថា ដំណាំស្វាយចន្ទី កៅស៊ូ និងដំឡូងមី សម្រាប់ប្រជាកសិករ និងក្រុមហ៊ុននៅក្នុងខេត្តស្ទឹងត្រែង កន្លងមកមានទីផ្សារធំជាងគេ គឺប្រទេសវៀតណាម តាមរយៈច្រកព្រំដែនអូយ៉ាដាវ ខេត្តរតនគិរី ខណៈទីផ្សារប្រទេសថៃ នៅមានទំហំតូចនៅឡើយ។
យ៉ាងណាក្តី ដើម្បីជំរុញដល់ដំណើរការដាំដុះដំណាំស្វាយចន្ទី ក្នុងនាមថ្នាក់ដឹកនាំខេត្ត នឹងខិតខំជំរុញផែនការលើកកម្ពស់វិស័យកសិកម្ម កសិឧស្សាហកម្ម តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសមូលដ្ឋាន ការទំនាក់ទំនងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដើម្បីកៀរគរ ការវិនិយោគបង្កើនផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេចនៅក្នុងកម្រិត១ សម្រាប់ការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងខេត្ត។
បើតាមរបាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ ផ្ទៃដីដែលបាននិងកំពុងដាំដុះដំណាំកសិកម្ម មានចំនួនជាង១០០ពាន់ហិកតា ក្នុងនោះផ្ទៃដីដាំស្វាយចន្ទី មានចំនួន៤៤ពាន់ហិកតាចំណែកទិន្នផលសម្រាប់នាំចេញ បានជាង៥ម៉ឺនតោនក្នុង១ឆ្នាំៗ។
សូមរំឭកដែរថា នៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋដែលរងការប៉ះពាល់ និងពិនិត្យការដ្ឋានសាងសង់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ទី១ កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ប្រែក្លាយកម្ពុជា ទៅជាប្រទេសកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីដ៏ខ្លាំងក្លាមួយ ព្រោះថា បច្ចុប្បន្នកម្ពុជានាំចេញគ្រាប់ស្វាយចន្ទីស្រស់១លានតោនដែលមិនទាន់កែច្នៃ៕