ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងធនាគារ ABA បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយនៅកម្ពុជា។
MoU ត្រូវបានចុះហត្ថលេខារវាងលោក គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក AskhatAzhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA នៅថ្ងៃទី២៦ ខែមេសានេះ។
លោក គង់ ម៉ារី បានមានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ ABA ស្តីពីក្របខ័ណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា គឺទី១ សំដៅចែករំលែកចំណេះដឹង បទពិសោធន៍ និងការបណ្តុះបណ្តាល ទី២ ការចូលរួមការប្រើប្រាស់ថ្នាលឌីជីថលគន្លឺះ និងទី៣ ការគាំទ្រលើសកម្មភាព និងថ្នាលផ្សេងទៀតទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុសំដៅជំរុញ និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។
លោកបានថ្លែងបញ្ជាក់ថា៖ «កិច្ចសហការបែបនេះ នឹងបង្កើតជាគំរូនៃសហថាមពល (Synergy) និងសហបង្កើតថ្មី (Co-creation) រវាងរដ្ឋាភិបាលនិងប្រជាជន ដែលនឹងធ្វើឱ្យមានការបង្កើតនូវសេវា និងផលិតផលថ្មីសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផ្អែកលើបច្ចេកវិទ្យានិងនវានុវត្តន៍»។
លោក AskhatAzhikhanov បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺស្របតាមគោលដៅរួមក្នុងការជំរុញសេដ្ឋកិច្ចប្រកបដោយថាមពលនៅក្នុងប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា៖«យើងជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងអាចឱ្យយើងបង្កើតឱកាសកាន់តែច្រើនសម្រាប់អតិថិជន និងបង្កើនល្បឿននៃវឌ្ឍនភាពនៅក្នុងប្រព័ន្ធរួមបញ្ចូល Fintechទាំងមូល»។
លោកបានថ្លែងបញ្ជាក់ទៀតថា៖ «តាម MoU យើងបានចុះហត្ថលេខានៅថ្ងៃនេះ ABA ត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រ និងអនុវត្តគោលនយោបាយ និងកម្មវិធីនៅវិស័យ Fintech និងសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ យើងក៏សប្បាយរីករាយផងដែរ ក្នុងការចូលរួមក្នុងវិស័យព័ត៌មានវិទ្យា ដូចជាប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក វេទិកា CamDX ប្រព័ន្ធកំណត់អត្តសញ្ញាណអតិថិជន CamDG ក៏ដូចជាការផ្លាស់ប្តូរព័ត៌មានរវាង ABA និង ក្រសួងសេដ្ឋកិច្ចដែលអាចជំរុញការប្រើប្រាស់វេទិកានេះកាន់តែច្រើន»។
រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើការក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ កាលពីខែមិថុនា ឆ្នាំ២០២១ ដែលត្រូវបានរំពឹងថាគោលនយោបាយនេះនឹងជួយបង្កើននូវសម្ទុះថ្មីមួយទៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) របស់កម្ពុជា និងកំណត់ល្បឿននៃការអភិវឌ្ឍរបស់ខ្លួនទៅក្នុងយុគសម័យឌីជីថល ដែលជាប្រភពនៃឱកាសថ្មីមួយក្នុងការបង្កើនផលិតភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងសេដ្ឋកិច្ចរបស់កម្ពុជា៕