ភ្នំពេញៈ បំណុលទូទៅសរុបរបស់រដ្ឋាភិបាលកម្ពុជាត្រូវបានព្យាករថា នឹងកើនដល់ ៣៧,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៣ នេះ ដោយកើនឡើងពី ៣៦,៥ ភាគរយក្នុងឆ្នាំ ២០២២ ដែលជាអត្រាមួយទាបជាងប្រទេសសមាជិកអាស៊ានជាច្រើនទៀត។ នេះបើយោងតាមរបាយការណ៍តាមដានសារពើពន្ធរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ទន្ទឹមនឹងនេះ IMF ក៏បានព្រមានថា ប្រទេសដែលមានប្រាក់ចំណូលទាបជាច្រើននឹងប្រឈមនឹងសម្ពាធបំណុលដោយសារតែការអូសបន្លាយនៃសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដោយតម្រូវឱ្យអ្នកបង្កើតគោលនយោបាយក្នុងស្រុកត្រូវកែតម្រូវ ឬត្រូវបង្កើនការប្រុងប្រយ័ត្ននូវគោលនយោបាយសារពើពន្ធដោយផ្ដោតការយកចិត្តទុកដាក់បន្ថែមទៀតទៅលើស្ថិរភាពហិរញ្ញវត្ថុ។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ១២ ខែមេសា បានបង្ហាញថា បំណុលសរុបរបស់រដ្ឋាភិបាលបានព្យាករថា នឹងកើនឡើងដល់ ៣៧,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៣ ដោយទាបជាងប្រទេសឡាវដែលបានព្យាករក្នុងចំនួន ១២៣ ភាគរយ, មីយ៉ាន់ម៉ា ៦១,៣ ភាគរយ,សិង្ហបុរី ១៣៤,៥ ភាគរយ, ថៃ ៦១ ភាគរយ,ម៉ាឡេស៊ី ៦៧ ភាគរយ, ឥណ្ឌូនេស៊ី ៣៩,១ ភាគរយ និងហ្វីលីពីន ៥៦,៧ ភាគរយ ប៉ុន្តែខ្ពស់ជាងវៀតណាមបន្តិចគឺ ៣៦,៣ ភាគរយ ខណៈប្រទេសប្រ៊ុយណេគ្មានបំណុល។
លោកស្រី Kristanlina Georgieva នាយិកាគ្រប់គ្រង IMF នៅក្នុងសន្និសីទសារព័ត៌មានស្តីពីរបៀបវារៈគោលនយោបាយសកលនៅឯកិច្ចប្រជុំនិទាឃរដូវ ឆ្នាំ ២០២៣ នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃទី ១៤ ខែមេសាបានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះមកនៅត្រឹម ២,៨ ភាគរយនៅឆ្នាំ ២០២៣ ហើយនៅតែចុះខ្សោយប្រហែល ៣ ភាគរយក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់។ ជាមួយនេះ លោកស្រីឱ្យដឹងថា ប្រទេសដែលមានចំណូលទាបនឹងប្រឈមបំណុលកម្រិតខ្ពស់។
លោកស្រីថ្លែងថា៖ «ខ្ញុំចង់សង្កត់ធ្ងន់ថា បញ្ហាមួយដែលយើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់នោះគឺថា ប្រទេសដែលមានចំណូលទាប គឺងាយរងគ្រោះជាពិសេសដោយសារបំណុលកម្រិតខ្ពស់។ កំណើនប្រាក់ចំណូលក្នុងមនុស្សម្នាក់របស់ពួកគេមានភាពយឺតយ៉ាវជាងបណ្ដាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ មានន័យថា វាកាន់តែពិបាកខ្លាំងឡើងៗសម្រាប់ពួកគេក្នុងការតាមឱ្យទាន់បណ្ដាប្រទេសអ្នកមានទាំងនោះ»។
លោកស្រីលើកឡើងទៀតថា៖ «យើងក៏បានបង្កើនការគាំទ្រទៅដល់ប្រទេសដែលមានចំណូលមធ្យមដែលងាយរងគ្រោះ រួមទាំងតាមរយៈនៃការកើនឡើងបណ្តោះអាសន្ននៃចំនួនប្រទេសដែលសមាជិកអាចខ្ចីប្រាក់ពី IMF ផងដែរ»។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៥ ខែមករា បំណុលសាធារណៈគិតត្រឹមចុងឆ្នាំ ២០២២ របស់កម្ពុជាមានចំនួនសរុប ៩,៩៧២៥៩ ពាន់លានដុល្លារ ក្នុងនោះ ៩,៩៥៥០៨ ពាន់ដុល្លារពីប្រភពខាងក្រៅ និងជិត ២០ លានដុល្លារបានមកពីការលក់មូលបត្របំណុល។
ប្រទេសចិនតំណាងឱ្យចំណែកដ៏ធំបំផុតនៃប្រភពខាងក្រៅទាំងនេះគឺ ៤០ ភាគរយ បន្ទាប់មកដោយប្រភពទ្វេភាគីផ្សេងទៀតចំនួន ២២ ភាគរយ ធនាគារអភិវឌ្ឍន៍អាស៊ី ២១ ភាគរយ ធនាគារពិភពលោក ៩ ភាគរយ «បំណុលចាស់» ចំនួន ៦ ភាគរយ និងប្រភពពហុភាគីផ្សេងទៀតចំនួន ២ ភាគរយ។ នេះបើយោងតាមរបាយការណ៍។
ក្រសួងកំណត់និយមន័យ «បំណុលចាស់» ថា «កើតមុនឆ្នាំ ១៩៩៣»ដូច្នេះ «បានបន្សល់ទុកពីរដ្ឋាភិបាលមុន»។
នៅក្នុងវេទិកាសាធារណៈ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្ស៊ី វិសុទ្ធ បានឱ្យដឹងថា បំណុលសាធារណៈរបស់កម្ពុជាសម្រាប់មនុស្សម្នាក់ៗមាន «ប្រហែល ៦០០ ដុល្លារ» បើធៀបនឹងអាមេរិក «ជិត ១០ ម៉ឺនដុល្លារ» ដោយសារតែ «បំណុលសាធារណៈរបស់ខ្លួនជាង ១២០ ភាគរយធៀបនឹងអនុបាតផលិតផលក្នុងស្រុកសរុប។
យោងតាម IMF បានព្យាករថា តុល្យភាពទូទៅរបស់រដ្ឋាភិបាលកម្ពុជានឹងធ្លាក់ចុះមកនៅត្រឹមដក ៥ ភាគរយធៀបនឹង GDP នៅឆ្នាំ ២០២៣ ពីដក ៤,១ ភាគរយ និងមកនៅត្រឹមដក ៣,៥ ភាគរយនៅឆ្នាំ ២០២៣ កើនឡើងពី ៥,៨ ភាគរយនៅឆ្នាំ ២០២២។
មូលនិធិនេះបានព្យាករថា ប្រាក់ចំណូលរបស់រដ្ឋាភិបាលកម្ពុជានឹងកើនឡើងដល់ ២៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប កើនឡើងពី ២២ ភាគរយនៅឆ្នាំ ២០២២ ហើយនឹងកើនឡើងដល់ ២៣ ភាគរយនៅឆ្នាំ ២០២៤ ខណៈការចំណាយរបស់រដ្ឋាភិបាលទូទៅត្រូវបានព្យាករថា នឹងកើនដល់ ២៧ ភាគរយនៃ GDP កើនពី ២៦,២ ភាគរយនៅឆ្នាំ ២០២២ ហើយនឹងធ្លាក់ចុះមកត្រឹម ២៦,៤ ភាគរយនៅឆ្នាំ ២០២៤៕