ភ្នំពេញៈ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលនឹងទទួលបានមូលនិធិបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃកញ្ចប់ថវិកាសរុប ២០,៥ ពាន់លានដុល្លារដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចរបស់ខ្លួនពីការរីករាលដាលជំងឺកូវីដ ១៩ និងការអូសពេលនៃសង្គ្រាមអ៊ុយក្រែន ដែលធ្វើឱ្យកើតមានវិបត្តិស្បៀងអាហារ និងការកើនឡើងនៃអតិផរណា។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នាថ្ងៃទី ២៤ ខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់ប្រាក់ចំនួន ២០,៥ ពាន់លានដុល្លារពីធនធានរបស់ខ្លួននៅក្នុងឆ្នាំ ២០២២ ដើម្បីជួយតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឱ្យបន្តងើបឡើងវិញពីការរីករាលដាលជំងឺកូវីដ ១៩ បើទោះបីមានលេចឡើងនូវវិបត្តិថ្មីៗយ៉ាងណាក្តី។
ប្រាក់ចំនួន ២០,៥ ពាន់លានដុល្លាររួមមានប្រាក់កម្ចី និងការធានា ប្រាក់ជំនួយ ការវិនិយោគទុន និង ជំនួយបច្ចេកទេសដែលផ្តល់ដល់រដ្ឋាភិបាល និងផ្នែកឯកជន។ ADB បានប្រមូលថវិកាបន្ថែម ១១,៤ ពាន់លានដុល្លារជាសហហិរញ្ញប្បទាន។
ធនាគារនេះបានឱ្យដឹងថា៖ «ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារដែលកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ ADB បានផ្តល់ប្រាក់ ៣,៧ ពាន់លានដុល្លារ ក្រោមកម្មវិធីសន្តិសុខស្បៀងចំនួន ១៤ ពាន់លានដុល្លាររបស់ខ្លួន ដោយផ្តល់ជំនួយស្បៀងអាហារសំខាន់ៗសម្រាប់ប្រជាជនដែលត្រូវការជំនួយបំផុត និងពង្រឹងប្រព័ន្ធផលិតកម្មស្បៀង»។
លោក Masatsugu Asakawa ប្រធាន ADB បានលើកឡើងថា៖ «កញ្ចប់ថវិកានេះនឹងរួមចំណែកកាត់បន្ថយហានិភ័យណាមួយលើសេដ្ឋកិច្ចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកពីការរីករាលដាលជំងឺកូវីដ ១៩ និងការកើនឡើងនៃតម្លៃទំនិញ។
លោកប្រាប់ថា៖ «ការគាំទ្ររបស់យើងក្នុងឆ្នាំ ២០២២ បានជួយឱ្យប្រទេសសមាជិកកំពុងអភិវឌ្ឍន៍របស់យើងចៀសចេញពីផលប៉ះពាល់ភ្លាមៗនៃវិបត្តិទាំងនេះ ហើយពង្រឹងភាពធន់យូរអង្វែងរបស់ប្រទេសដោយផ្តោតលើវិស័យសំខាន់ៗដូចជា ការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង»។
ដើម្បីគាំទ្រដល់ការស្ទុះងើបឡើងវិញសេដ្ឋកិច្ច ADB បានផ្តល់ហិរញ្ញប្បទានសម្រាប់ការធ្វើកំណែទម្រង់ស្ថាប័ន ពង្រឹងការផ្តល់សេវាសាធារណៈ និងវិស័យសេដ្ឋកិច្ចសំខាន់ៗ។ ការផ្តល់ហិរញ្ញប្បទាន ៣,៩ ពាន់លានដុល្លាររបស់ ADB ដល់ផ្នែកឯកជន រួមមានការគាំទ្រសន្ទនីយភាពមូលដ្ឋានដល់សហគ្រាសដែលកំពុងប្រឈមនឹងបរិយាកាសធុរកិច្ចដ៏លំបាក។
លោក Asakawa បានលើកឡើងថា៖ «ខ្ញុំមានទំនុកចិត្តថា កំណែទម្រង់ទាំងនេះនឹងធានាថា ADB ផ្តល់ការគាំទ្រកាន់តែខ្លាំងនៅក្នុងតំបន់ រួមទាំងតាមរយៈការពង្រីកការផ្តល់ហិរញ្ញប្បទានអាកាសធាតុ ការកៀរគរការវិនិយោគពីផ្នែកឯកជនកាន់តែច្រើន និងការផ្តល់ដំណោះស្រាយអភិវឌ្ឍន៍ទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន»។
ADB បានសម្រេចផ្តល់ហិរញ្ញប្បទានចំនួន ៦,៧ ពាន់លានដុល្លារសម្រាប់ការកាត់បន្ថយផលប៉ះពាល់ និងការបន្សាំនឹងអាកាសធាតុនៅក្នុងឆ្នាំ ២០២២ ដែលជាវឌ្ឍនភាពឆ្ពោះទៅរកមហិច្ឆតាក្នុងការផ្តល់ហិរញ្ញប្ប-ទានអាកាសធាតុចំនួន ១០០ ពាន់លានដុល្លារ ក្នុងអំឡុងឆ្នាំ២០១៩-២០៣០។
ការងារលើកកម្ពស់សមភាពយេនឌ័រនៅតែជាអាទិភាពក្នុងការងាររបស់ ADB ដោយ ៩៧ ភាគរយនៃប្រតិបត្តិការរបស់ ADB ក្នុងឆ្នាំ ២០២២ បានចូល-រួមចំណែកក្នុងផ្នែកនេះ។ ប្រតិបត្តិការទាំងនោះ រួមមានការផ្តួចផ្តើមគំនិតដើម្បីកែលម្អលទ្ធភាពទទួលបានការងារប្រកបដោយគុណភាពរបស់ស្ត្រី ជំរុញភាពជាសហគ្រិនរបស់ស្ត្រី និងការកសាងភាពធន់របស់ស្ត្រីទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ៕