ភ្នំពេញៈ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារជប៉ុន នៅក្នុងទឹកប្រាក់ជាង ៣០៨ លានដុល្លារ នាត្រីមាសទី ១ ឆ្នាំ ២០២៣ កើនឡើងតិចតួចបំផុតធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈពាណិជ្ជកម្មទ្វេភាគី មានទឹកប្រាក់សរុបជាង ៤៥៦ លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា-មីនា ឆ្នាំ ២០២៣ ទឹកប្រាក់ដែលកម្ពុជានាំទំនិញទៅជប៉ុន គឺ ៣០៨,៣៩១ លានដុល្លារ កើន ០,៩ ភាគរយធៀបទៅនឹងត្រីមាសទី ១ ឆ្នាំ ២០២២ ដែលមានចំនួន ៣០៥,៥៤៥ លានដុល្លារ។ ចំណែកទំនិញជប៉ុននាំមកកម្ពុជា មាន ១៤៨,២៥២ លានដុល្លារ ថយចុះ ១៥,១ ភាគរយពីចំនួន ១៧៤,៦៤៥ លានដុល្លារ។ ផ្អែកលើចំនួនទឹកប្រាក់នាំចេញ-នាំចូល គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាពចំនួន ១៦០,១៤លានដុល្លារ។
សម្រាប់ពាណិជ្ជកម្មទ្វេភាគីគឺមានទឹកប្រាក់ ៤៥៦,៦៤៣ លានដុល្លារ ថយចុះ ៤,៩ ភាគរយពី ៤៨០,១៩០ លានដុល្លារ។ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន គឺស្មើនឹង ៤,០៦ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ដែលមានចំនួន ១១ ២៥២,១៤៤ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៦ ខែមេសាថា ជប៉ុនជាប្រទេសរីកចម្រើនផ្នែកបច្ចេកវិទ្យា រោងចក្រ និងមានឧស្សាហកម្មរីកចម្រើនខ្លាំង រីឯកម្ពុជាជាប្រទេសមានវិស័យកសិកម្មកំពុងរីកចម្រើន ដូចនេះប្រទេសទាំង ២ អាចធ្វើការផ្លាស់ប្តូរមុខទំនិញដែលកង្វះខាតតាមប្រទេសរៀងខ្លួនបាន។ បច្ចុប្បន្នក្រៅពីផលិតផលកសិកម្ម កម្ពុជាក៏បាននាំចេញផលិតផលវាយនភណ្ឌជាច្រើនផងដែរទៅទីផ្សារជប៉ុន។
លោកបានបន្តថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ ត្រូវបានរំពឹងថា នឹងមានទំហំកាន់តែធំ ព្រោះប្រទេសទាំង ២ គឺជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
លោកបន្ថែមថា ក្រៅពីចរាចរណ៍ទំនិញ នៅកម្ពុជាក៏មានវិនិយោគិនជប៉ុនជាច្រើនកំពុងបណ្តាក់ទុនលើវិស័យចម្រុះជាច្រើនដូចជា ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម សំណង់ និងកសិកម្មជាដើម។ ក្រៅពីការផ្លាស់ប្តូរទំនិញ កម្ពុជាក៏មានប្រជាពលរដ្ឋរបស់ខ្លួនទៅធ្វើការនៅប្រទេសជប៉ុនផងដែរ។
លោកនិយាយថា៖ «ទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង ២ នឹងជួយឱ្យការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់កាន់តែច្រើន ហើយចំនួនវិនិយោគិនជប៉ុនមកបណ្តាក់ទុននៅកម្ពុជាក៏នឹងមានចំនួនកាន់តែច្រើនផងដែរ»។
ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានកាន់តែធំ និងទាក់ទាញវិនិយោគិនជប៉ុន ឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន សភាពាណិជ្ជកម្មកម្ពុជាកន្លងមកក៏បានបើកការិយាល័យតំណាងរបស់ខ្លួននៅក្នុងប្រទេសជប៉ុនផងដែរ។ នេះបើតាមលោក លឹម ហេង។
បើតាមលោក លឹម ហេង ផលិតផលសំខាន់ៗដែលកម្ពុជានាំទៅជប៉ុនរួមមានសម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំ និងកសិផល ចំណែកជប៉ុននាំចូលមកកម្ពុជារួមមាន ផលិតផលគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក និងគ្រឿងចក្រសម្រាប់វិស័យកសិកម្មជាដើម។
លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ទោះបីចំនួនទឹកប្រាក់ដែលកម្ពុជានាំទៅទីផ្សារជប៉ុនកើនឡើង ប៉ុន្តែចំនួននេះគឺនៅទាបនៅឡើយបើធៀបទៅនឹងទីផ្សារប្រទេសមួយចំនួនទៀតដូចជា អាមេរិក ចិន ថៃ និងវៀតណាម។ កម្ពុជានៅមានឱកាសច្រើនទៀតសម្រាប់នាំចេញកសិផលទៅជប៉ុន ប៉ុន្តែដើម្បីអាចនាំទៅបាន គឺកម្ពុជាចាំបាច់ត្រូវពង្រឹងគុណភាពឱ្យកាន់តែប្រសើរបន្ថែមទៀត។
លោកប្រាប់ថា៖ «ដើម្បីអាចជំរុញការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ រួមទាំងប្រទេសជប៉ុនបានកាន់តែច្រើន គឺកម្ពុជាត្រូវខិតខំធ្វើពិពិធកម្មទំនិញ និងគុណភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីអាចទទួលបានជោគជ័យលើទីផ្សារអន្តរជាតិ»។
បើយោងតាមធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមចុងឆ្នាំ ២០២១ ជប៉ុន គឺជាប្រទេសដែលបានមកវិនិយោគនៅកម្ពុជាច្រើនទី ៥ បន្ទាប់ពីប្រទេសចិន កូរ៉េ សិង្ហបុរី និងវៀតណាម។ វិនិយោគិនជប៉ុនភាគច្រើនវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម ធនាគារ សណ្ឋាគារ ទេសចរណ៍ សំណង់ និងអចលនទ្រព្យ ជាពិសេសវិស័យលក់រាយ ផ្សារទំនើប និងវិស័យភោជនីយដ្ឋាន ជាដើម។
ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ មានចំនួនសរុប ១ ៩៤៨,០១៩ លានដុល្លារកើន ១២,៣ ភាគរយធៀបឆ្នាំ ២០២១ ដោយក្នុងនោះកម្ពុជានាំទៅជប៉ុន ១ ១៧៣,០៣ លានដុល្លារ កើន ៧,៣ ភាគរយ និងនាំចូលចំនួន ៧៧៤,៩៨៩ លានដុល្លារ កើន ២១ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕