ភ្នំពេញៈ ផ្នែកឯកជនរំពឹងថា ផែនការនៃការបង្កើនចំនួនជើងហោះហើររវាងកម្ពុជា-ចិន នឹងជួយទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនបន្ថែមទៀត ស្របពេលប្រទេសទាំង ២ កំពុងខិតខំជំរុញបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញឱ្យបានយ៉ាងហោចណាស់ ៣០០ ជើងក្នុង ១ សប្តាហ៍ ដើម្បីសម្រួលដល់ភ្ញៀវចិនមកកាន់កម្ពុជា។
កាលពីថ្ងៃទី ២៥ ខែមេសា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងលោក Song Zhiyong ប្រធានរដ្ឋបាលអាកាសចរស៊ីវិលចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការស្តីអំពីការពង្រឹងសុវត្ថិភាពហោះហើរជាមួយប្រទេសចិន។
លោក ហាវណ្ណាល់ បានស្នើដល់ភាគីចិនឱ្យជួយជំរុញការផ្តល់អាទិភាពក្នុងការស្តារ និងបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញរវាងប្រទេសទាំង ២ ឱ្យបានយ៉ាងហោច ៣០០ ជើង ក្នុង ១ សប្តាហ៍ ដែលជើងហោះហើររវាងប្រទេសទាំង ២ នឹងជួយសម្រួលដល់ការដឹកអ្នកដំណើររវាងប្រទេសទាំង ២ ស្របពេលប្រទេសចិន បើកសេដ្ឋកិច្ចឡើងវិញ។ នេះបើតាមសុន្ទរកថារបស់លោក ហាវណ្ណាល់។
លោកបានថ្លែងថា៖ «ចិនបានប្រកាសថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងដែលនឹងទទួលភ្ញៀវទេសចរចិន ព្រមទាំងផ្តល់អាទិភាពក្នុងការស្តារ និងបង្កើនចំនួនជើងហោះហើរត្រង់។ ខ្ញុំ និងថ្នាក់ដឹកនាំនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រមទាំងសហគ្រាសឧស្សាហកម្មអាកាសចរស៊ីវិល សូមបញ្ជាក់ជាថ្មីនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រទេសចិន និងការបេ្តជ្ញាផ្តល់សេវាកម្ម និងសន្តិសុខនៃអ្នកដំណើរតាមផ្លូវអាកាសទៅមករវាងចិន-កម្ពុជា ប្រកបដោយគុណភាព»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ ខែមេសាថា រហូតមកដល់ពេលនេះ លំហូរភ្ញៀវទេសចរចិនមកកាន់កម្ពុជាកំពុងមានភាពល្អប្រសើរ ប៉ុន្តែកំណើននេះនៅពុំទាន់ដូចរដូវកាលមុនកូវីដឡើយ។
លោកប្រាប់ថា៖ «ចាប់តាំងពីប្រទេសចិនបើកសេដ្ឋកិច្ចឡើងវិញដែលអនុញ្ញាតឱ្យប្រជាជនខ្លួនអាចធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស យើងសង្កេតឃើញថា លំហូរភ្ញៀវទេសចរចិនចាប់ផ្តើមមានភាពល្អប្រសើរហើយ បើទោះបីចំនួននេះហាក់ពុំទាន់ខ្ពស់ក៏ដោយ។ ដូច្នេះផែនការនៃការបង្កើនជើងហោះហើរនឹងក្លាយជាកត្តាមួយដ៏សំខាន់ក្នុងការផ្តល់ជម្រើសកាន់តែច្រើនដល់ភ្ញៀវចិនមកកម្ពុជា»។
យោងតាមលោក ហាវណ្ណាល់ ក្នុងឆ្នាំ ២០១៩ (មុនវិបត្តិកូវីដ ១៩) ការហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំង ២ មានចំនួនជាង ៤០០ ជើងក្នុង ១ សប្តាហ៍ និងបានផ្សារភ្ជាប់ទំនាក់ទំនង ៤០ ទីក្រុង (កម្ពុជា ៣ ទីក្រុង និងចិន ៣៧ ទីក្រុង) ដោយមានក្រុមហ៊ុនអាកាសចរណ៍ហោះហើរ ២២។ ដោយសារតែវិបត្តិជំងឺកូវីដ ១៩ និងបញ្ហាប្រឈមនានាដំណើរការចាប់ផ្តើមហោះហើរត្រង់រវាងប្រទេសទាំង ២ នៅពេលនេះគឺមានប្រហែល ១០០ ជើង ក្នុង ១ សប្តាហ៍ និង ១១ ក្រុមហ៊ុន ក្នុងនោះ ៣ក្រុមហ៊ុនពីកម្ពុជា និង ៨ ក្រុមហ៊ុនពីប្រទេសចិន។
លោកអះអាងថា៖ «បើតាមផែនការរបស់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំង ២ ដែលបានដាក់ពាក្យស្នើសុំហោះហើរសម្រាប់រដូវកាលនេះ គឺមានរហូតដល់ប្រមាណជាង ៣០០ ជើងក្នុង ១ សប្តាហ៍»។
បើតាមរបាយការណ៍ក្រសួងទេសចរណ៍ ក្នុងខែមករា-កុម្ភៈ ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ៨៣៧ ៤៤៦ នាក់កើន ៧៧៨,៦ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២៕