ភ្នំពេញៈ យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញផលិតផលដំឡូងមី និងម្សៅមី របស់កម្ពុជា ទៅក្រៅប្រទេស ចាប់ពីខែមករា ដល់មីនា ឆ្នាំ ២០២៣ នេះ សម្រេចបានក្នុងទំហំទឹកប្រាកា់ង ២៨៥ លានដុល្លារ កើនឡើងជិត ៣០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលមានទឹកប្រាក់ប្រមាណជាង ២២១ លានដុល្លារ។
ចំពោះបរិមាណនៃការនាំចេញវិញ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំនេះ ការនាំចេញដំឡូងមីស្រស់មានចំនួន ១៥៥ ២១០តោន ក្នុងនោះនាំចេញទៅវៀតណាម ១៣១ ៧១០តោន និងថៃ២៣ ៥០០តោន។ដោយឡែកម្សៅដំឡូងមី មានចំនួនជាង ១៤ ៧០១តោន ក្នុងនោះនាំចេញទៅចិនចំនួន ១៤ ៦៤២ តោន ,ជប៉ុនជាង២៥តោន ,អ៊ីតាលី ១៧តោន និងឥណ្ឌា១៧តោន។ ចំណែកការនាំចេញកាកសំណល់ដំឡូងមីវិញ នាំចេញបាន៣៨ ២៥២តោន ដោយនាំទៅវៀតណាម ៣០ ៥០០តោន ,ថៃ ៧ ១០០តោន, និងចិន ៦៥២តោន។
លោក ហេង សិដ្ឋ មន្ត្រីទទួលបន្ទុកស្ថិតិនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែមេសាថា បរិមាណដំឡូងមី ដែលនាំចេញក្នុងរយៈពេលេដើមឆ្នាំ២០២៣នេះ គឺជាដំឡូងមីដែលបានពីការប្រមូលផលកាលពីឆ្នាំ២០២២កន្លងទៅ ដោយសារតែកសិករត្រូវទុកពូជសម្រាប់ដាំដុះនៅឆ្នាំបន្ទាប់ ដែលមានទាំងមើម និងដើម ខណៈដែលការដាំដុះដំឡូងមីត្រូវចំណាយពេល១០ខែទៅ១ឆ្នាំ ដើម្បីអាចប្រមូលផលបាន។
លោក ហេង សិដ្ឋ បានថ្លែងថា ៖ «នៅដើមឆ្នាំនេះ ខេត្តបាត់ដំបង ការប្រមូលផលដំឡូងមី មានប្រមាណ១០ទៅ២០ភាគរយប៉ុណ្ណោះ នៅក្នុងចំណោមផ្ទៃដីដាំដំឡូងមីសរុបជាង១០ម៉ឺនហិកតា ជាដំឡូងមីដែលនៅសេសសល់ពីការប្រមូលក្នុងឆ្នាំចាស់។ចំណែកដំឡូងដែលកសិករនៅតែមានបន្តលក់នាពេលបច្ចុប្បន្ននេះ គឺជាដំឡូងមីពូជ មានចំនួនតិចតួចប៉ុណ្ណោះ។ចំពោះតម្លៃដំឡូងមីក្រៀមបច្ចុប្បន្ន គឺ៦០០ទៅ៧០០រៀលក្នុង១គីឡូ»។
អ្នកស្រី ហេង សោភ័ណ ម្ចាស់សៃឡូនៅខេត្តបាត់ដំបង ក៏បានឱ្យដឹងដែរថា សៃឡូរបស់លោកស្រី បានផ្អាកការទិញដំឡូងមីក្រៀម ជិត២ខែមកហើយ ដោយសារតែដំឡូងមីនៅបាត់ដំបង មានតិចតួច ហើយដំឡូងមីដែលដឹកមកពីតាមបណ្តាខេត្តនានា ដូចជាខេត្តសៀមរាប និងឧត្តរមានជ័យជាដើម មានបញ្ហាលើជាតិដីច្រើន។
លោកស្រី ហេង សោភ័ណ បញ្ជាក់ថា៖ «សម្រាប់សៃឡូខ្ញុំមួយ ទិញនិងនាំចេញបានតិចទេនៅដើមឆ្នាំនេះ ដោយសារតែដំឡូងមីក្នុងស្រុកយើង(បាត់ដំបង) ឆាប់អស់ ព្រោះកសិករយើងមួយចំនួនបានងាកទៅដាំពោត ដូចនេះខ្ញុំទិញបានតិចទេ។ ដោយឡែកដំឡូងមីក្រៀមនៅខេត្តដទៃទៀត ដូចជាឧត្តរមានជ័យ សៀមរាបជាដើម មានបញ្ហាជាប់ដីខ្សាច់មកច្រើនពេក យើងពិបាកនាំចេញទៅថៃ ទើបខ្ញុំសម្រេចផ្អាកទិញជិត២ខែហើយ»។
កម្ពុជា មានគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ ដែលគោលនយោបាយ ជាតិនេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាអន្តរក្រសួង និងជួយគាំទ្រពីដៃគូអភិវឌ្ឍន៍ ហើយបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ គោលនយោបាយជាតិនេះមានគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ប្រកបដោយភាពជឿទុកចិត្តសម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោក និងមានគោលដៅសំខាន់ចំនួន៣ គឺការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម។
ចំណែកកត្តាទី២ ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងគោលដៅទី៣គឺ ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូល និងចាប់យកចំណែកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ៕