​ភ្នំពេញៈ កម្ពុជា​បានស្នើ​ឱ្យ​ក្រុមហ៊ុន Aircraft Maintenance and Engineering Cooperation (AMECO) ​ពិ​ចារណា​ពី​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​វិស័យ​អា​កាស​ចរ​ស៊ីវិល​នៅ​កម្ពុជា​កំពុងមាន​ការរីកចម្រើន​។​

​ការស្នើ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​​អាកាសចរ​ស៊ីវិល ទៅ​ក្រុមហ៊ុន AMECO ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​កាលពី​ថ្ងៃទី​ ២៦ ខែមេសា​។ នេះ​បើតាម លោក ស៊ិន ចាន់​សេរី​វុត្ថា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល ដែល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ២៧ ខែមេសា​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក ហាវ​ណ្ណា​ល់ បាន​ជួប​ពិ​ភា​ក្សា​ជាមួយ​លោក NI Jiliang ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន AMECO និង​ស្វែងយល់​លើ​ដំណើរការ និង​ប្រតិបត្តិការ​អាជីវកម្ម​លើ​ការងារ​ថែទាំ​ជួសជុល​អាកាសយាន និង​វិស្វកម្ម​អាកាសយាន​។​

​លោក ចាន់​សេរី​វុត្ថា បាន​និយាយថា ភាគី​កម្ពុជា​បាន​លើកសំណើ​ដល់​ក្រុមហ៊ុន AMECO និង​ក៏បាន​អញ្ជើញ​ក្រុមហ៊ុន​ដើម្បី​ធ្វើការ​សិក្សា​លទ្ធភាព​នៃ​ការវិនិយោគ និង​បង្កើត​រោង​ជាង​ជួសជុល​ថែទាំ​អាកាសយាន​នៅ​កម្ពុជា ដោយ​មូលដ្ឋាន​ដែល​ក្រុមហ៊ុន​អាចធ្វើ​ការវិនិយោគ​នោះ​គឺ​ស្ថិតក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​តែម្តង ស្របពេល​ព្រលានយន្តហោះ​នេះ​គ្រោង​នឹង​ចាប់ផ្តើម​បើក​ដំណើរ​ការ​ជា​ផ្លូវការ​ក្នុង​ខែតុលា​ខាងមុខ​។​

​លោក​បាន​ថ្លែងថា​៖ «​ជាមួយ​វត្តមាន​រោង​ជាង​ជួសជុល​ថែទាំ និង​វិស្វកម្ម​អាកាសយាន​ខ្នាត​អន្តរជាតិ​ដែលមាន​ការទទួលស្គាល់​ជាស​កល​នៅ​កម្ពុជា នឹង​អាច​នាំឱ្យមាន​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​ជាពិសេស​ជួយ​ជំរុញ​ឱ្យ​វិស័យ​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា​រីក​ចម្រើន​ថែមទៀត​។ លើសពីនេះ​យើង​ក៏​អាច​ឈានដល់​ការប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​ផងដែរ​»​។​

​បើ​យោងតាម​លោក ចាន់​សេរី​វុត្ថា ជាមួយ​សំណើ​ដែល​បានលើកឡើង គឺ​ AMECO នឹង​បញ្ជូន​ក្រុមបច្ចេកទេស​មក​សិក្សា​លទ្ធភាព​នៃ​ការបង្កើត​រោង​ជាង​ជួសជុល និង​ថែទាំ​អាកាសយាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀម​​រាប​អង្គរ (​ថ្មី​) នាពេលខាងមុខ​។​

​លោក ចាន់​សេរី​វុត្ថា ឱ្យដឹងទៀតថា បច្ចុប្បន្ន​ក្រុមហ៊ុន AMECO មាន​បុគ្គ​លិ​ក​សរុប ១១ ០០០​ នាក់ និង​មាន​ផ្តល់​សេវា​ទាក់ទង​នឹង​វិស័យ​អាកាស​ចរណ៍​ដូចជា Aircraft Line Maintenance, Aircraft Overhaul, PTF Conversion, Aircraft Engine Overhaul, Landing Gear Services, Cabin Solutions, Engineering Services, Aircraft Component Services​។​

​កាលពី​ថ្ងៃទី​ ២៥ មេសា ឆ្នាំ​ ២០២៣​ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា និង​អាកាសចរ​ស៊ីវិល​ចិន បាន​ចុះ​ហត្ថា​លេខា​លើ​កិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​ស្តីពី​ការពង្រឹង​សុ​​វត្ថិ​ភាព​ហោះហើរ​រួមគ្នា​។​

​ជាមួយគ្នា​នោះដែរ កម្ពុជា​ក៏បាន​ស្នើ​ភាគី​ចិន​ឱ្យ​បង្កើន​ចំនួន​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ ២ យ៉ាងហោច​ណាស់ ៣០០ ​ជើង​ក្នុង ​១​ សប្តាហ៍​ដើម្បី​ជួយ​សម្រួល​ដល់​ការដឹក​អ្នកដំណើរ​រវាង​ប្រទេស​ទាំង​ ២​។​

​ក្នុង​ឆ្នាំ ​២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ ២,២៨​ លាន​នាក់ កើន ១ ០៥៩ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២១​។​ នេះ​បើតាម​ក្រសួងទេសចរណ៍​៕