ភ្នំពេញៈ រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយកូរ៉េខាងត្បូងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការងារគយ។
គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំដោយលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចូលរួមកម្មវិធីសប្តាហ៍គយកូរ៉េ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា នៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការគយ និងឌីជីថលគយជាសកល»។
កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងប្រតិភូនៃរដ្ឋបាលគយនៃប្រទេសចំនួន ៧៥ ព្រមទាំង អង្គការអន្តរជាតិ ផ្នែកឯកជន និងបណ្តាញអន្តរជាតិនៃសាកលវិទ្យាល័យគយ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបញ្ជាក់ក្នុងហ្វេសប៊ុកថា កាលពីថ្ងៃទី២៧ ខែមេសា ភាគីកម្ពុជា និងកូរ៉េខាងត្បូងបានប្រជុំទ្វេភាគី និងចុះហត្ថលេខាលើ MoU នេះ ដែលនឹងក្លាយជាយន្តការសម្រាប់បើកផ្លូវដល់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីល្អបន្ថែមទៀត និងចូលរួមចំណែក លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម។
MoU នេះក៏នឹងក្លាយជាយន្តការសម្រាប់ការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងការផ្លាស់ប្តូរនិងចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹងកិច្ចសហការផ្តល់ជំនួយបច្ចេកទេសក្នុងការកសាងសមត្ថភាពមន្រ្តីនៃរដ្ឋបាលគយទាំង២។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «នៅក្នុងជំនួបប្រជុំទ្វេភាគីនេះ ភាគីទាំង២ បានឯកភាពគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង រដ្ឋបាលគយទាំងពីរ ទាំងក្នុងកម្រិតទ្វេភាគី តំបន់ និងពហុភាគី និងគាំទ្រការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងឯកភាពគ្នារៀបចំសិក្ខាសាលាតាមរយៈ ប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីរវាងប្រទេសទាំងពីរ ជូនវិស័យឯកជន នាពេលឆាប់ៗខាងមុខ»៕