ភ្នំពេញៈ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលគ្រប់គ្រងដោយរដ្ឋ និងសភាពាណិជ្ជកម្មកម្ពុជា (CCC) សម្រេចបានភាពជាដៃគូយុទ្ធសាស្ដ្រ ដើម្បីលើកស្ទួយដល់លទ្ធភាពទទួលបានកម្ចីដែលមានការធានាសម្រាប់ការអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះនឹងផ្ដល់ការគាំទ្រដល់ MSMEs។
ភាពជាដៃគូយុទ្ធសាស្ដ្រនេះបានធ្វើឡើងតាមរយៈអនុស្សរណៈការយោគយល់គ្នា (MoU) ដែលចុះហត្ថលេខារវាងលោក Wong Keet Loong អគ្គនាយក CGCC និងលោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២៦ ខែមេសា។
ស្ថិតនៅក្រោម MoU នេះ សមាជិក CCC ដែលត្រូវបានផ្តល់អាទិភាពអាចទទួលបានហិរញ្ញវត្ថុ ទោះបីមានបញ្ហាប្រឈមនឹងទ្រព្យបញ្ចាំ និងដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ រួមទាំងការធានាឥណទានដល់សមាជិក CCC នៅទូទាំងប្រទេស។
លោក ងួន ម៉េងតិច បានឱ្យដឹងថា ការរីករាលដាលជំងឺកូវីដ១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក ពិសេសសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដែលកំពុងជម្នះក្នុងការស្វែងរកមូលនិធិដើម្បីរស់។ MoU នឹងត្រួសត្រាយផ្លូវសម្រាប់សមាជិកដើម្បីបានទទួលលទ្ធភាពទទួលហិរញ្ញវត្ថុកាន់តែច្រើនតាមរយៈ CGCC។
លោកលើកឡើងថា៖ «សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែនៅតែជួបបញ្ហាប្រឈមជាច្រើន ពិសេសឧបសគ្គ ផ្នែកហិរញ្ញវត្ថុ។ ក្នុងន័យនេះ ការចុះអនុស្សរណៈរវាង CCC និង CGCC គឺមានគោលដៅជាចម្បងក្នុងការជំរុញលទ្ធភាពទទួលបានកម្ចីដែលមានការធានាសម្រាប់ការអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម។ បន្ថែមលើនេះ ការចុះ MoU នេះ គឺជាសញ្ញាវិជ្ជមានមួយដែលនឹងជួយលើកកម្ពស់ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ»។
លោក Wong Keet Loong អគ្គនាយក CGCC បានឱ្យដឹងថា ការចុះ MoU ជាមួយសភាពាណិជ្ជកម្មកម្ពុជា គឺជាសមិទ្ធផលដ៏សំខាន់មួយរបស់ CGCC ក្នុងការផ្តល់លទ្ធភាពផ្តល់នូវព័ត៌មានអំពី CGCC ទៅកាន់សមាជិករបស់សភាពាណិជ្ជកម្មកម្ពុជាទូទាំងប្រទេស។ សភាពាណិជ្ជកម្មកម្ពុជាក្នុងនាមជាស្ថាប័នដែលប្រមូលផ្តុំដោយសមាជិកដែលជាធុរជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមជាច្រើន នឹងក្លាយជាដៃគូដ៏សំខាន់របស់ CGCC នៅក្នុងការលើកស្ទួយដល់ការជ្រួតជ្រាបអំពីអត្ថប្រយោជន៍នៃការធានាឥណទាន ទៅកាន់សមាជិកសមាជិការបស់ CCC។
លោកលើកឡើងថា៖ «CGCC និង CCC នឹងរួមគ្នាគាំទ្រដល់ការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយបង្កើនបរិយាប័ន្នហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុ។ ភាពជាដៃគូរវាង CGCC និង CCC នេះបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជា។ តាមរយៈស្មារតីរួមគ្នានេះ ស្ថាប័នទាំងពីរនឹងសម្រួលដល់ក្រុមហ៊ុនអាជីវកម្ម ដោះស្រាយនូវបញ្ហាប្រឈមផ្នែកហិរញ្ញប្បទាន និងបង្ហាញពីសក្តានុពលរបស់ពួកគេ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេស»។
លោក តូច ចៅចេក អគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជា ភីអិលស៊ី (CPBank) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣០ ខែមេសា ថា CGCC កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមក្នុងស្រុក នូវលទ្ធភាពទទួលបានហិរញ្ញប្បទានកាន់តែច្រើនពីស្ថាប័នហិរញ្ញវត្ថុ (FIs) ជាមួយនឹងការធានារបស់ពួកគេ ដើម្បីបម្រើជាវត្ថុបញ្ចាំសម្រាប់មូលនិធិពី FIs។
លោកបញ្ជាក់ថា៖ «យើងឃើញថាដោយមានការគាំទ្រពី CGCC សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមរបស់យើងអាចទទួលបានលទ្ធភាពកាន់តែច្រើនក្នុងការបានមូលនិធិបន្ថែមទៀត ដើម្បីគាំទ្រដល់អាជីវកម្មរបស់ពួកគេ បន្ទាប់ពីពួកគេរងផលប៉ះពាល់ដោយការរីករាលដាលជំងឺកូវីដ ១៩ ក្នុងរយៈពេលជាង ២ ឆ្នាំចុងក្រោយនេះ»៕