ភ្នំពេញៈ កម្ពុជានាំចេញកង់ទៅទីផ្សារក្រៅប្រទេសសម្រេចបានក្នុងទំហំទឹកប្រាក់ ២៧៨ លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ នេះ ដែលមានការកើនឡើងជិត ២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
យោងតាមស្ថិតិនាំចេញនាំចូលកង់របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងរយៈពេល ៣ ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៣ ការនាំចេញកង់របស់កម្ពុជាទៅកាន់ទីផ្សារបរទេសមានតម្លៃទឹកប្រាក់ ២៧៨ លានដុល្លារអាមេរិក កើនឡើង ១៩,៥៩ ភាគរយ ដែលច្រើនជាងការចេញនាំចេញក្នុងឆ្នាំ ២០២២ ដែលមានទឹកប្រាក់ជាង ២៣២ លានដុល្លារ។ ទីផ្សារសំខាន់ៗដែលបាននាំកង់ចេញទៅរួមមាន អាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និងហូឡង់ ខណៈកម្ពុជានាំចូលកង់មកវិញពីជប៉ុន ចិន វៀតណាម ថៃ និងអាមេរិក។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងកាលពីថ្មីៗនេះថា ដោយសារកំណើននៃការនាំចេញរបស់កម្ពុជានៅតែបន្តកើនឡើងទើបមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកាលពីពាក់កណ្តាលឆ្នាំ ២០២២ បានជួបពិភាក្សាជាមួយភាគីវៀតណាមដើម្បីឱ្យវៀតណាមបន្ដផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការផលិតកង់នាំចេញទៅទីផ្សារសហគមន៍អឺរ៉ុប និងអាមេរិក ប្រកបដោយនិរន្តរភាព និងមិនខុសគោលការណ៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាមជាមួយសហគមន៍អឺរ៉ុប។
លោកបានថ្លែងថា៖ «បច្ចុប្បន្ន កម្ពុជាមិនទាន់មានការខ្វះខាតវត្ថុធាតុដើមឬផលិតផលពាក់កណ្តាលសម្រេចសម្រាប់ផលិតកង់នៅឡើយទេ ប៉ុន្តែការចរចាបើកជាមួយវៀតណាមនេះ ដើម្បីធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ផលិតផលទាំងនោះពីខាងវៀតណាម មាននិរន្តរភាព»។
បើតាមក្រសួងពាណិជ្ជកម្ម វត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចសម្រាប់ផលិតកង់ កម្ពុជាបាននាំចូលពីវៀតណាម ក្នុងបរិមាណសមល្មម ដោយមិនអាចនាំចូលមកច្រើនពេកទេ ព្រោះអាចខុសនឹងលក្ខខណ្ឌដែលបានកំណត់។ក្រសួងក៏រំពឹងដែរថា នាថ្ងៃខាងមុខ នៅពេលការនាំចេញកង់មានការកើនឡើង អាចជំរុញឱ្យអ្នកវិនិយោគចាប់អារម្មណ៍លើការបង្កើតរោងចក្រផលិតគ្រឿងបន្លាស់ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជាដែលនឹងកាត់បន្ថយការនាំចូលបានខ្លះដែរ។
លោក គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ៣០ ខែមេសាថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះការនាំចេញកង់មានកំណើនគួរឱ្យកត់សម្គាល់ ដោយបានរួមចំណែកយ៉ាងច្រើនក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា តាំងពីឆ្នាំ ២០១៩ មក។
ចំពោះការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតកង់រវាងកម្ពុជានិងវៀតណាមនេះដែរលោកបានលើកឡើងថាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្សេងៗ ក្នុងឋានៈជាប្រទេសក្នុងតំបន់អាស៊ានដូចគ្នា និងក្នុងក្របខ័ណ្ឌមិត្តភាពរវាងប្រទេសទាំង ២ វៀតណាមនឹងមិនអាចកាត់បន្ថយឬបញ្ឈប់ការផ្គត់ផ្គង់មកកម្ពុជាបានទេ។ ប៉ុន្តែទោះជាយ៉ាងណា កម្ពុជាមិនអាចពឹងផ្អែកលើគេទាំងស្រុងបាននោះទេ។
លោកបានបញ្ជាក់ថា៖ «ប្រសិនបើយើងមើលឃើញថា មានបញ្ហាប្រឈមថានឹងអាចកើតមាន យើងគួរពិចារណាជាមួយស្ថាប័ន ក្នុងការសហការជាមួយរោងចក្រផលិតកង់នៅក្នុងស្រុកដោយធ្វើយ៉ាងណាបង្កើតរោងចក្រផ្គត់ផ្គង់គ្រឿងផ្គុំកង់ឬវត្ថុធាតុដើម ដែលចាំបាច់ ឬសម្លឹងមើលទីផ្សារផ្សេងទៀត ចិន ឬជប៉ុនជាដើម ដើម្បីបង្ការកុំឱ្យមានបញ្ហា»។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា គិតត្រឹមឆ្នាំ ២០២២ កម្ពុជាមានរោងចក្រ និងសហគ្រាសផលិតកង់ចំនួន ៥ ដែលមានទីតាំងស្ថិតនៅខេត្តស្វាយរៀង៕