ភ្នំពេញៈ ក្រុមហ៊ុនចុះបញ្ជីថ្មី ៥៥៨ បានទទួលជោគជ័យក្នុងការចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ២ (Online Business Registration System via IT Platform phase 2) បើគិតត្រឹមថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ ដែលភាគច្រើនស្ថិតក្រោមក្រសួងប្រៃសណីយ៍ និងទេសចរណ៍។
យោងតាមទិន្នន័យពីប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ២ ដែលគិតពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១ មកដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ គឺចំនួនក្រុមហ៊ុនដែលបានការអនុម័តដោយជោគជ័យទាំង ៥៥៨ គឺមាន ២៦៣ ក្រុមហ៊ុន ស្ថិតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ១៩៩ ដោយក្រសួងទេសចរណ៍, ៨៧ ដោយនិយតករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងចំនួន ៩ ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ទោះយ៉ាងណាមានតែក្រុមហ៊ុនចំនួន២ ប៉ុណ្ណោះដែលត្រូវបានបដិសេធ គឺ១ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ១ ដោយក្រសួងទេសចរណ៍។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង និយាយថា ទោះបីកំណើនសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ប៉ុន្តែចំនួនក្រុមហ៊ុនដែលមកចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញដែលរដ្ឋាភិបាលដាក់ឱ្យដំណើរការកាលពីអំឡុងឆ្នាំ ២០២១ គឺនៅតែកើនឡើង។ កំណើននៃការចុះបញ្ជីមានន័យថា ម្ចាស់អាជីវកម្មយល់ដឹងពីកាតព្វកិច្ចរបស់ខ្លួន និងធ្វើឱ្យអាជីវកម្មរបស់ខ្លួនស្របច្បាប់។ លោកបន្តទៀតថា តួលេខកើនឡើងជាបន្តបន្ទាប់នេះ ក៏ជាចំណុចល្អមួយសម្រាប់បង្ហាញដល់អ្នកមានបំណងវិនិយោគឱ្យហ៊ានបញ្ចេញទុនមកវិនិយោគ។
លោកបញ្ជាក់ថា៖ «ចំនួនក្រុមហ៊ុនចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ២ នឹងបន្តកើនឡើងថែមទៀត ពិសេសនៅពេលដែលសេដ្ឋកិច្ចពិភពលោកមានលំនឹងឡើងវិញ»។
លោកបន្ថែមថា មូលហេតុចម្បងដែលចំនួនក្រុមហ៊ុនចុះបញ្ជីកើនឡើង ក៏ដោយសារប្រព័ន្ធនេះមានភាពងាយស្រួល ឆាប់រហ័ស និងមិនចំណាយថវិកាក្រៅផ្លូវការ ជាដើម។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី២ កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១ ថា សម្រាប់កម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមមួយដែលពលរដ្ឋអាចទទួលបានប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់។
លោកថ្លែងថា៖ «ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ២ ក៏ឆ្លើយតបយ៉ាងលឿនក្នុងការចូលរួមអនុវត្តក្របខ័ណ្ឌគោលនយោបាយនេះដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងីកូវីដ ១៩»។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ដោយទទួលបានការចាប់អារម្មណ៍ និងសាទរខ្ពស់ពីផ្នែកឯកជន។ សេវាចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ទាំង២ដំណាក់កាលត្រូវបានដាក់ឱ្យអនុវត្តលើថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data ExchangeCamDX)។
លោកបញ្ជាក់ថា៖ «ដំណាក់កាលទី ២ នេះ គឺមានលក្ខណៈងាយស្រួលជាងមុនច្រើន តាមរយៈការកាត់បន្ថយថ្លៃចំណាយនីតិវិធី និងពេលវេលាដែលពីមុនត្រូវការចន្លោះពី ១៥ ទៅ ៣០ ថ្ងៃ មកត្រឹមតែ ៣ ទៅ ៧ ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ ប្រសិនបើសំណើបំពេញលក្ខខណ្ឌគ្រប់គ្រាន់»៕