ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា ក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ មានទឹកប្រាក់ប្រមាណ ១៩២ លានដុល្លារ ធ្លាក់ចុះជាង ១/៥ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈអ្នកសេដ្ឋកិច្ច និងអ្នកជំនួញ និយាយថា មកពីភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចពិភពលោក។
ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញប្រចាំត្រីមាសទី១ ឆ្នាំ ២០២៣ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ចាប់ពីខែមករា-មីនា ឆ្នាំ ២០២៣ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានចំនួន ១៩២,៧២ លានដុល្លារ ថយចុះ ២១,៦ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានចំនួន ២៤៥,៨៥ លានដុល្លារ ដោយក្នុងនោះការនាំទំនិញពីកម្ពុជាទៅកាណាដា ១៩០,០៧ លានដុល្លារ ធ្លាក់ ២១,៣ ភាគរយ និងកាណាដានាំមកកម្ពុជាមានចំនួន ២,៦៥ លានដុល្លារ ធ្លាក់ចុះ ៤០,២ ភាគរយ។
បើផ្អែកតាមទិន្នន័យខាងលើ គឺទំហំទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មកម្ពុជា-កាណាដា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ស្ថិតនៅលេខរៀងទី ១០ ស្មើនឹង ១,៧១ ភាគរយក្នុងចំណោមទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ១១ ២៥២,១៤ លានដុល្លារ (ធ្លាក់ចុះ ១៤,៥ភាគរយ)។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១ ខែឧសភា ថា ទោះបីតាំងពីចុងឆ្នាំ ២០២២ មកការគំរាមកំហែងពីការឆ្លងរាលដាលកូវីដ ១៩ លើពិភពលោកមានភាពធូរស្រាល ប៉ុន្តែវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយ ជាពិសេសសង្គ្រាមនៅប្រទេសអ៊ុយក្រែន បានធ្វើឱ្យប្រជាជននៅប្រទេសនីមួយៗកាត់បន្ថយការចំណាយដែលជាហេតុធ្វើឱ្យសកម្មភាពនៃការធ្វើពាណិជ្ជកម្មអន្តរជាតិធ្លាក់ចុះនៅស្ទើរគ្រប់ប្រទេស។ លោកបន្តថា ការធ្លាក់ចុះនេះគឺមិនមែនកើតមានរវាងកម្ពុជា និងកាណាដាឡើយ ពោលគឺការនាំចេញ នាំចូលទំនិញបានធ្លាក់ចុះនៅស្ទើរគ្រប់គោលដៅ។ ការធ្លាក់ចុះទំហំពាណិជ្ជកម្មក្នុងត្រីមាសទី ១ ក៏ដោយសារតែឥទ្ធិពលដែលអូសបន្លាយពីចុងឆ្នាំ ២០២២ ផងដែរ។
លោកនិយាយថា៖ «ការធ្លាក់ចុះទំហំពាណិជ្ជកម្មកម្ពុជា និងកាណាដា ក្នុងត្រីមាសទី ១ គឺមកពីតម្រូវការទំនិញប្រើប្រាស់ធ្លាក់ចុះ។ ការធ្លាក់ចុះអំឡុងពេលនេះគឺមានលក្ខណៈសកល»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា ពាណិជ្ជកម្មអន្តរជាតិតែងផ្សារភ្ជាប់នឹងព្រឹត្តិការណ៍ធំៗ គឺបើមានបញ្ហាណាមួយកើតឡើង កាធ្វើពាណិជ្ជកម្មក៏ជួបបញ្ហាដែរ។ ការធ្លាក់ចុះទំហំពាណិជ្ជកម្មជាមួយកាណាដា កាលពីត្រីមាសទី១ គឺដោយសារសេដ្ឋកិច្ចពិភពលោកជួបបញ្ហា។ នៅពេលជម្លោះប្រដាប់អាវុធនេះបញ្ចប់សម្ទុះនៃការធ្វើពាណិជ្ជកម្មអន្តរជាតិប្រាកដជាកើនឡើង ហើយការនាំចេញទំនិញរបស់កម្ពុជាទៅគោលដៅសំខាន់ៗ រួមទាំងកាណាដា នឹងមានសម្ទុះឡើងវិញ។
លោកនិយាយថា៖ «ខ្ញុំជឿថា ពាណិជ្ជកម្មអន្តរជាតិកម្ពុជា-កាណាដានឹងមានសញ្ញាវិជ្ជមានវិញជាបន្តបន្ទាប់ចាប់ពីត្រីមាសទី ២ នេះតទៅ»។
លោកបន្ថែមថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសកាដាណា (ទីក្រុងតូរ៉ុនតូ) កំពុងធ្វើកិច្ចការជាច្រើនដើម្បីស្វែងរកទីផ្សារ និងទាក់ទាញវិនិយោគិនកាណាដាឱ្យមកវិនិយោគផ្ទាល់នៅកម្ពុជា។
យោងតាមលោក លឹម ហេង ទំនិញសក្តានុពលដែលកម្ពុជានាំទៅប្រទេសកាណាដា មានដូចជា សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី និងកង់ ចំណែកទំនិញកាណាដា នាំចូលមកកម្ពុជា ភាគច្រើនជាគ្រឿងអេឡិចត្រូនិក។
ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា មានតម្លៃសរុប ១ ១៥៤,៤៧ លានដុល្លារ កើនឡើង ១៦,១ ភាគរយធៀបឆ្នាំ ២០២១ ដែលមានចំនួន ៩៩៤,៧២ លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទំនិញទៅកាណាដា ១ ១២០,៥៩ លានដុល្លារ កើនឡើង ១៧,៤ ភាគរយ និងទំនិញកាណាដា នាំមកកម្ពុជាវិញមានទឹកប្រាក់ ៣៣,៨៨ លានដុល្លារ ធ្លាក់ចុះ ១៥,១ ភាគរយ៕