ភ្នំពេញៈ Royal Railway Cambodia PLC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុផលិតផល Royal Group បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយនឹងក្រុមហ៊ុនចំនួន ៣ ផ្សេងទៀត ដើម្បីអភិវឌ្ឍដីប្រវែង ៣០០ គីឡូម៉ែត្រតាមបណ្តោយផ្លូវរថភ្លើង ដើម្បីសិក្សាលទ្ធភាពលើថាមពលកកើតឡើងវិញ និងកសិកម្ម។
MoU នេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ រវាងក្រុមហ៊ុន Royal Group Co., Ltd, ក្រុមហ៊ុន Samaiden Energy (Cambodia)Co., Ltd, ក្រុមហ៊ុន Management Venture Asia(Cambodia) Ltd. និងក្រុមហ៊ុន Panna Energy Sdn. Bhd ដើម្បីធ្វើការសិក្សាបឋមអំពីលទ្ធភាពនៃការអភិវឌ្ឍដីដែលមិនទាន់ប្រើប្រាស់តាមបណ្ដោយផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែតទៅខេត្តព្រះសីហនុ សម្រាប់ការដំឡើងសូឡាខ្នាតតូច ឧបករណ៍ប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជួល ដាំដើមឈើ ផ្ទះកញ្ចក់ ដាំបន្លែ សណ្តែកសៀង និងសកម្មភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពផ្សេងៗទៀត។
លោក Paul Clements អនុប្រធានផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Royal Group បានឱ្យដឹងថា គម្រោងនេះបានពិភាក្សាគ្នាជាច្រើនខែមកហើយមុននឹងឈានដល់ការសហការគ្នានេះ។ លោកបន្ថែមថា គម្រោងនេះមានសក្តានុពលខ្លាំងលើវិស័យថាមពលកកើតឡើងវិញ និងកសិកម្ម ដែលវាជាឱកាសដ៏ល្អក្នុងការប្រើប្រាស់ដីនោះសម្រាប់គម្រោងអភិវឌ្ឍន៍ដូចជាថាមពលកកើតឡើងវិញ និងកសិកម្ម។
លោកថ្លែងក្នុងពិធីចុះហត្ថលេខាថា៖ «វាគឺជាឱកាសដ៏ល្អសម្រាប់ថាមពលកកើតឡើងវិញសម្រាប់សហគមន៍។ រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនផលិតថាមពលរួចហើយនៅប្រទេសកម្ពុជា ហើយយើងបានឃើញឱកាសដ៏ល្អនេះ។ យើងបាននាំយកដៃគូផ្សេងទៀតមកចូលរួមធ្វើការលើរឿងនេះ។ ចំណែកវិស័យកសិកម្មក៏មានសារៈសំខាន់ដែរក្នុងការជួយសហគមន៍មូលដ្ឋាន និងក្នុងតំបន់តូចៗដែលយើងមើលឃើញពីឱកាសក្នុងការជួយសហគមន៍មូលដ្ឋាន។ តាមរយៈការចាប់ដៃគូជាមួយអ្នកជំនាញ និងដៃគូក្នុងវិស័យថាមពលកកើតឡើងវិញ និងកសិកម្ម យើងជឿថា ភាពជាដៃគូនេះនឹងបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងដៃគូរបស់យើងផងដែរ»។
លោក Fong Yeng Foon នាយកប្រតិបត្តិក្រុមហ៊ុន Samaiden Energy បាននិយាយថា ក្រុមហ៊ុនលោកត្រូវបានលើកទឹកចិត្តដោយការគាំទ្រ និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជាឆ្ពោះទៅរកថាមពលកកើតឡើងវិញ និងការប្តេជ្ញាចិត្តក្នុងការជួយប្រជាពលរដ្ឋឱ្យទទួលបានប្រាក់ចំណូលកាន់តែខ្ពស់តាមរយៈគម្រោងដូចជា ការអភិវឌ្ឍដីតាមផ្លូវដែករបស់ក្រុមហ៊ុន Royal Railway។
លោកបន្ថែមថា MoU នេះក៏មានការសិក្សាលទ្ធភាពដែលគ្របដណ្តប់លើការអភិវឌ្ឍបរិក្ខារថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ រួមនឹងការធ្វើកសិកម្មប្រកបដោយនិរន្តរភាពនៃទំនិញ ហើយនឹងផ្តល់អត្ថប្រយោជន៍ដល់ទីផ្សារនៅក្នុងស្រុកសម្រាប់ការប្រើប្រាស់ និងគោលបំណងពាណិជ្ជកម្ម។
លោកថ្លែងថា៖ «សំខាន់ជាងនេះទៅទៀត គឺការសម្រេចបាននូវគម្រោងនេះ នឹងជួយទ្រទ្រង់សេដ្ឋកិច្ចដ៏ពិតប្រាកដ។ ការសិក្សាលទ្ធភាពដែលនឹងត្រូវអនុវត្តគឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ការអភិវឌ្ឍដីនៅតាមបណ្តោយផ្លូវរថភ្លើងនឹងជួយផលិតជាប្រភពថាមពលកកើតឡើងវិញ ហើយក៏នឹងជួយបញ្ជូនបច្ចេកវិទ្យាកសិកម្មប្រកបដោយនិរន្តរភាពផងដែរ»។
លោកបន្ថែមថា៖ «យើងជឿថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញនេះអាចជួយកាត់បន្ថយការបំភាយឧស្ម័ន និងបំពេញតម្រូវការថាមពលនាពេលអនាគត»។
យោងតាមក្រសួងសាធារណការ ការស្ថាបនាប្រព័ន្ធផ្លូវដែកកម្ពុជា បានចាប់ផ្តើមនាចុងឆ្នាំ ១៩២០ ដោយមានខ្សែផ្លូវដែកខាងជើង និងខាងត្បូង។
ខ្សែរថភ្លើងភាគខាងជើងមានប្រវែង ៣៨៦ គីឡូម៉ែត្រចេញពីភ្នំពេញទៅក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ត្រូវបានកសាងឡើងចន្លោះពីឆ្នាំ ១៩២៩ ដល់ឆ្នាំ ១៩៤២ ចំណែកផ្លូវរថភ្លើងភាគខាងត្បូងសាងសង់ពីឆ្នាំ ១៩៦០-១៩៦៩ មានប្រវែង ២៦៤ គីឡូម៉ែត្រ៕