
លោក ញឹម កុសល ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី។

តម្លៃប្រេងបានជួញដូរក្នុងនិន្នាការកើនឡើង កាលពីថ្ងៃសុក្រ បន្ទាប់ពីមានកម្រិតតម្លៃទាប ៧៤ ដុល្លារ (ក្នុង ១ បារ៉ែល) ជាមួយតម្លៃមធ្យមក្នុងរយៈពេល ២០០ ថ្ងៃ ៧៧,២៥ ដុល្លារ (ក្នុងក្រាហ្វតម្លៃរយៈពេល ១ ម៉ោង)។ សម្ទុះកើនឡើងបានធ្លាក់ចុះ បន្ទាប់ពីតម្លៃជួញដូរបានកាន់តែជិតកម្រិតតម្លៃទាបនៃ ៧៦,៧៥ ដុល្លារ។ តាមលក្ខណៈបច្ចេកទេស កម្រិតនេះនឹងក្លាយជាកម្រិតតម្លៃខ្ពស់វិញម្ដង។
សក្ដានុពលសម្រាប់ការកើនឡើង អត្រាការប្រាក់របស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងកើនឡើងពី ៥% ដល់ ៥,២៥%។ សម្រាប់ស្ថានភាពការងារ ក្នុងខែមេសា វិញ វាត្រូវបានគេព្យាករថា នឹងខ្សោយជាងខែមុន ដោយបានបន្ថែមការងារត្រឹមតែ ១៨០ ០០០ ហើយអត្រាអ្នកគ្មានការងារធ្វើនឹងកើនពី ៣,៥% ទៅ ៣,៦%។
ប្រសិនបើកំណើនការងារលើសពី ២០០ ០០០ ហើយអត្រាអ្នកគ្មានការងារធ្វើ នៅតែមានស្ថិរភាព វានឹងក្លាយជាសញ្ញាដ៏រឹងមាំ សម្រាប់អ្នកប្រើប្រាស់ ក្នុងការបន្តការចំណាយ ដែលនាំឱ្យអតិផរណាមានភាពធន់ និងដាក់សម្ពាធឱ្យ Fed ដំឡើងអត្រាការប្រាក់កាន់តែច្រើន ហើយប្រាក់ដុល្លារអាមេរិក នឹងកើនឡើងម្តងទៀត និងដាក់សម្ពាធលើតម្លៃប្រេងបន្ថែមទៀត។
តាមលក្ខណៈបច្ចេកទេសវិញ តម្លៃប្រេង ត្រូវនៅលើសពីតម្លៃ ៨០ ដុល្លារ ដើម្បីរក្សាទំនោរកើនឡើង។ នៅព្រឹកថ្ងៃអង្គារ តម្លៃប្រេងកំពុងជួញដូរនៅតម្លៃប្រហែល ៧៥ ដុល្លារ នៅក្រោមកម្រិតតម្លៃមធ្យមរយៈពេល ២០០ ថ្ងៃ (៧៦,៨៥ ដុល្លារ) និងនៅជិតកម្រិតតម្លៃមធ្យមរយៈពេល ៥០ ថ្ងៃ (៧៥,៧៥ ដុល្លារ) ខណៈពេលដែលកម្រិតតម្លៃខ្ពស់ គឺ ៨៣,៤៥ ដុល្លារ។ ក្នុងករណីដែលតម្លៃបំបែកយ៉ាងខ្លាំង នៅក្រោមកម្រិតតម្លៃទាប ៧៤ ដុល្លារ វានឹងបន្តធ្លាក់ចុះដល់ ៦៩,៥០ ដុល្លារ៕
