ភ្នំពេញៈការប្រមូលផលម្រេចកំពត ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) មកដល់ពេលនេះ សម្រេចបានប្រហែល ៣០ ភាគរយ ហើយខណៈទិន្នផលភាគច្រើន ដែលនឹងត្រូវប្រមូលបាន គឺក្រុមហ៊ុននាំចេញបានបញ្ជាទិញស្ទើរទាំងអស់តែម្តង។ នេះបើយោងតាមប្រធានសមាគមលើកកម្ពស់ម្រេចកំពត។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៣ខែឧសភា នេះ លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត បានឱ្យដឹងថា ជារៀងរាល់ឆ្នាំការប្រមូលផលម្រេចកំពត ត្រូវបានធ្វើឡើងចាប់ពីដើមខែមករា ដល់ដើមខែកក្កដា។ តាមការប៉ាន់ស្មានការប្រមូលផលម្រេចកំពតមកដល់ពេលនេះ គឺសម្រេចបានប្រហែល ៣០ភាគរយប៉ុណ្ណោះ ខណៈការប្រមូលផលទ្រង់ទ្រាយធំ គឺនៅក្នុងឧសភា ដល់ដើមខែកក្កដា ដោយសារប្រជាកសិករទុកឱ្យម្រេចទុំល្អ ដើម្បីទទួលបានម្រេចស ឬក្រហមកាន់តែច្រើន។
លោកនិយាយថា៖«ដោយសារចង់ទទួលបានផលម្រេចក្រហម និងម្រេចសច្រើន ដូច្នេះយើងចេះតែបន្តពន្យារពេលដើម្បីឱ្យម្រេចទុំកាន់តែច្រើន ព្រោះតម្លៃម្រេចក្រហម និងស គឺខ្ពស់ជាងម្រេចខ្មៅ»។
បើតាមលោក ងួន ឡាយ ចាប់តាំងពីឆ្នាំ២០១៥ មកតម្លៃម្រេចកំពត (GI) គឺមិនប្រែប្រួលឡើយ ដោយម្រេចស (នៅចម្ការ)មានតម្លៃមធ្យម ១៥ ដុល្លារ ក្នុង ១ គីឡូក្រាម, ម្រេចក្រហម ២៥ ដុល្លារ និងម្រេចស ២៨ដុល្លារ។ តាមការប៉ាន់ស្មានទិន្នផលម្រេចដែលប្រមូលបានក្នុង ១ ឆ្នាំ គឺក្នុងរង្វង់ប្រហែល ១០០ តោន។
លោក ងួន ឡាយ បានប្រាប់ទៀតថា ទោះបីការប្រមូលផលពេលនេះទើបបានតិចតួច ប៉ុន្តែភាគច្រើននៃទិន្នផលម្រេចរបស់ប្រជាកសិករ (ធុនតូច និងមធ្យម) គឺត្រូវបានក្រុមហ៊ុននាំចេញបញ្ជាទិញអស់ហើយ (កិច្ចសន្យាកសិកម្ម) លើកលែងតែចម្ការធំៗដែលភាគច្រើនម្ចាស់រង់ចាំប្រមូលផល និងរកទីផ្សារដោយខ្លួនឯង។
ខណៈកាលពីចុងខែមេសាកន្លងមក ក្រសួងពាណិជ្ជកម្មទើបបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ក្នុងខេត្តកំពតថ្មីមួយទៀត គឺ«អំបិលកំពតកែប»នោះ លោក ងួន ឡាយ បានលើកឡើងថា ជាធម្មតា«អំបិល» និង«ម្រេច» គឺជាគ្រឿងផ្សំក្នុងចំណីអាហារ ដូច្នេះនៅពេល«អំបិលកំពតកែប»ទទួលបានការគាំទ្រ និងទីផ្សារកាន់តែច្រើន តម្រូវការម្រេចកំពត ដែលជាផលិតផល GI ដូចគ្នានេះក៏នឹងកើនឡើងដែរ។
លោកបញ្ជាក់ថា៖ «ដោយសារទីផ្សារម្រេច និងអំបិល ភាគច្រើននៅជាប់គ្នា ដូច្នេះខ្ញុំគិតថាការបញ្ជាទិញម្រេចកំពត នឹងមានកំណើនបន្ថែមទៀតចាប់ពីពេលនេះទៅ។ អឺរ៉ុប អាមេរិក កូរ៉េ និងជប៉ុន គឺជាទីផ្សារគោលដៅចម្បងរបស់ម្រេចកំពត»។
បើតាមលោក ងួន ឡាយ ប្រសិនបើអាកាសធាតុអំណោយផល ក្នុង ១ ឆ្នាំ ដី ១ ហិកតា (ដាំបានប្រហែល ២ ៥០០) គេអាចប្រមូលផលម្រេចកំពតបានប្រហែល ១ ៥០០ គីឡូក្រាម។ ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា លោក ម៉ាក នី បានប្រាប់ថាវិបត្តិសេដ្ឋកិច្ច និងនយោបាយនៅលើពិភពលោក បានធ្វើឱ្យតម្លៃមធ្យមរបស់ម្រេច (ម្រេចទូទៅ) ក្នុងឆ្នាំ២០២៣ នេះធ្លាក់ចុះពី ១៤០០០ កាលពីឆ្នាំ២០២២ មកនៅត្រឹម ១២ ០០០ រៀល។ ទោះយ៉ាងណាក៏នាំចេញ គឺមិនមានបញ្ហានោះទេ។
លោកនិយាយថា៖«ការធ្លាក់ចុះប្រាក់ចំណូលរបស់គ្រួសារនីមួយៗ បានទាញឱ្យតម្លៃម្រេចកម្ពុជាធ្លាក់ចុះក្នុងឆ្នាំនេះធៀបនឹងឆ្នាំមុន។ យ៉ាងណាតម្លៃនៅពេលនេះ គឺកើនឡើងបន្តិចហើយបើធៀបនឹងដើមឆ្នាំ»។
ជាទូទៅកម្ពុជាអាចផលិតម្រេច (ធម្មតា) បានក្នុងរង្វង់ ១,៧ ទៅ ២ ម៉ឺនតោនក្នុង ១ ឆ្នាំ លើផ្ទៃដីដាំម្រេចសរុបជិត ៧០០០ ហិកតា តែបច្ចុប្បន្ននេះបានថយចុះប្រមាណពី ១០ ទៅ ២០ ភាគរយ។ លោកអះអាងថា ការដាំដុះម្រេចគឺភាគច្រើនសម្រាប់បំពេញតម្រូវការនាំចេញប៉ុណ្ណោះ ដោយសារការប្រើប្រាស់ម្រេចក្នុងស្រុកមានតិចតួចគឺប្រមាណ៥-៧ភាគរយប៉ុណ្ណោះក្នុង១ឆ្នាំ។ នេះបើតាមលោក ម៉ាក នី កាលពីដើមឆ្នាំ២០២៣។
ទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចេញម្រេចសម្រេចបាន ៨២២,៦៥ តោន ក្នុងនោះនាំចេញទៅប្រទេសវៀតណាម ចំនួន ៧៦៥ តោន,អាមេរិក ២៦,១៤តោន,កូរ៉េ ១៦,២ តោន, បារាំង ៩,៥៤ តោន,បែលហ្ស៊ិក ២,៣៦ តោន, ជប៉ុន ១,៣៨តោន,ឥណ្ឌា ០,៩៦ តោន,អាល្លឺម៉ង់ ០,៩០ តោន, សិង្ហបុរី ០,១០ តោន, កោះតៃវ៉ាន់ ០,០៤ តោន, អូស្ត្រាលី ០,០៣ តោន និងប្រទេសម៉ាឡេស៊ី ០,០០២ តោន៕