ភ្នំពេញៈ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា (CCC) នៅទីក្រុងចំនួន ២ ក្នុងប្រទេសអូស្ត្រាលី នឹងបើកដំណើរការចាប់ពីចុងប្តាហ៍នេះតទៅ ខណៈថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មកម្ពុជា មានសុទិដ្ឋិនិយមថានឹងជួយជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យកាន់តែសកម្មជាងមុនបន្ថែមទៀត។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ បានចេញសេចក្តី សម្រេចចំនួន ២ ស្តីពី «ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី» ដោយបានសរសេរថា ត្រូវបានបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី។ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្នុងទីក្រុងមែលប៊នមានសមាជិកជ្រើសតាំងចំនួន ១៥ រូបដែលជ្រើសតាំងតាមរយៈការបោះឆ្នោត និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងស៊ីដនី មានសមាជិកជ្រើសតាំងចំនួន ១១រូប។ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាទាំង ២ គឺមិនប្រើប្រាស់ថវិកាជាតិឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ CCC បានឱ្យដឹងថា ក្នុងថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជាទៅចូលរួមក្នុងពិធីបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃទី ៦ និងថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៣។ កម្មវិធីបោះឆ្នោតនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី និងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា និងភាគីពាក់ព័ន្ធ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ដែលកំពុងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាទៅប្រទេសអូស្ត្រាលី បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីព្រលានយន្តហោះប្រទេសថៃ នាល្ងាចថ្ងៃទី ២ ខែឧសភា ថា ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារសភាពាណិជ្ជកម្មកម្ពុជានឹងរៀបចំពិធីបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ចំនួន ២ កន្លែងនៅក្នុងប្រទេសអូស្ត្រាលី គឺនៅទីក្រុងមែលប៊ន និងនៅទីក្រុងស៊ីដនី។ បន្ទាប់ពីការបោះឆ្នោតនឹងធ្វើពិធីបើកដំណើរការការិយាល័យតំណាងសភាពាណិជ្ជកម្មតែម្តង។
លោកបន្ថែមថា ការិយាល័យតំណាងសភាពាណិជ្ជកម្មនៅប្រទេសអូស្រាលី នឹងជួយជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ មានសម្ទុះកាន់តែខ្លាំងថែមទៀត ខណៈប្រទេសកម្ពុជា និងអូស្ត្រាលី ក៏ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)ផ ងដែរ។
លោកថ្លែងថា៖ «ក្នុងដំណើរបេសកកម្មនេះយើងនឹងធ្វើការបោះឆ្នោតជ្រើសរើសសមាជិកតំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជា ទី៣ និងទី៤ នៅក្រៅប្រទេស បន្ទាប់ពីការិយាល័យតំណាងនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា កាលពីខែឧសភា ឆ្នាំ ២០២២ និងទីក្រុងសេនដៃ ប្រទេសជប៉ុន កាលពីខែកុម្ភៈ ឆ្នាំ ២០២៣»។
លោកបន្តថា ការិយាល័យតំណាងនៅអូស្ត្រាលី នឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ព្រោះតាមរយៈលទ្ធផលនៃការបើកដំណើរការការិយាល័យតំណាងនៅក្រៅប្រទេស ២ កន្លងមកគេសង្កេតឃើញថា កិច្ចសហប្រតិបត្តិការរវាងវិនិយោគិនកម្ពុជាជាមួយប្រទេសទាំងនោះ គឺកាន់តែប្រសើរ ដោយមានវិនិយោគិនមួយចំនួនបានមកពិភាក្សា និងសិក្សាស្វែងយល់ពីឱកាសបណ្តាក់ទុនផ្ទាល់ ក៏ដូចជានាំចេញទំនិញពីកម្ពុជាទៅទីផ្សាររបស់ខ្លួនផងដែរ។
លោកបញ្ជាក់ថា៖ «ការបើកការិយាល័យតំណាងនេះ នឹងធ្វើឱ្យទំនាក់ទំនង B to B (អ្នកវិនិយោគ និងអ្នកវិនិយោគ) កាន់តែល្អប្រសើរ ហើយក៏អាចធ្វើជាកន្លែងពិភាក្សាគ្នារវាងផ្នែកឯកជននៃប្រទេសទាំង ២ ដើម្បីលើកជាបញ្ហាសម្រាប់ឱ្យរដ្ឋាភិបាលជួយរកដំណោះស្រាយរួមគ្នាផងដែរ»។
បើតាមលោក លឹម ហេង នៅមុនពេលធ្វើដំណើរទៅប្រទេសអូស្ត្រាលី លោក និងក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា ក៏បានជួបពិភាក្សាជាមួយលោក Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីនៅកម្ពុជាផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ CCC នៅក្នុងដំណើរទៅប្រទេសអូស្ត្រាលីនេះប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងទៅបំពេញទស្សនកិច្ចនៅក្រុមហ៊ុន និងសហគ្រាសមួយចំនួនក្នុងប្រទេសអូស្ត្រាលី និងជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធដើម្បីសិក្សាស្វែងយល់ពីស្ថានភាព ធុរកិច្ច និងវិនិយោគ និងពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកឯកជននៃប្រទេសទាំង ២។
ក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា អូស្ត្រាលី មានទឹកប្រាក់ ៥២៣,៦១ លានដុល្លារ កើន ៦០,៩ ភាគរយបើធៀបនឹងឆ្នាំ ២០២១ ដែលមាន ៣២៥,៤៧ លានដុល្លារ។ ការនាំទំនិញពីកម្ពុជាទៅអូស្ត្រាលី មានចំនួន ៣៧៩,០៣ លានដុល្លារ កើន ៨៤,៦ ភាគរយ និងទំនិញនាំពីអូស្ត្រាលី មានចំនួន ១៤៤,៥៨ លានដុល្លារ កើន ឡើង ២០,៣ ភាគរយ។ បើផ្អែកតាមទិន្នន័យខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាពទៅលើអូស្ត្រាលីប្រមាណ ២៣៤,៤៦ លានដុល្លារ៕