ភ្នំពេញៈ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) អាចនឹងសិក្សាបន្ថែមលើពូជស្រូវកាឡាណាម៉ាក់ (Kalanamak) របស់ប្រទេសនេប៉ាល់ ដែលត្រូវបានគេដាំដុះតាំងពីសម័យពុទ្ធកាល បើសិនជាមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីឱ្យកសិករសាកល្បងដាំដុះស្រូវនេះ។
លោក ឡោ ប៊ុណ្ណា នាយក CARDI បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២ ខែឧសភាថា ពូជស្រូវដែលមានដាំដុះនៅកម្ពុជាមានរាប់ពាន់ពូជ ដោយក្នុងនោះពូជស្រូវដែលខាងវិទ្យាស្ថានបានប្រមូលមកទុកនិងសិក្សាស្រាវជ្រាវមានជាង ២ ពាន់ពូជ ខណៈដែលពូជមានការពេញនិយមក្នុងការដាំដុះមានជាង ១ពាន់ពូជ។
លោកបញ្ជាក់ថា ៖ «ពូជស្រូវកាឡាណាម៉ាក់ (Kalanamak) យើងមិនធ្លាប់មានទេនៅកម្ពុជា។ បើសិនជាមានការប្រគល់មកក្រសួងកសិកម្មខាងខ្ញុំប្រហែលនឹងធ្វើតេស្តសាកល្បងមើល បន្ទាប់មកយើងនឹងធ្វើការណែនាំដល់កសិករវិញថា ពូជនេះអាចដាំដុះនៅតំបន់ណា លើប្រភេទដីយ៉ាងដូចម្តេច? ប៉ុន្តែបច្ចុប្បន្នយើងមិនទាន់បានធ្វើតេស្តសាកល្បងលើពូជប្រភេទនេះនៅឡើយទេ»។
លោក ឡោ ប៊ុណ្ណា ឱ្យដឹងទៀតថា តាំងពីឆ្នាំ ១៩៩០ រហូតមកដល់ពេលនេះ ខាងវិទ្យាស្ថានបានបញ្ចេញពូជស្រូវប្រមាណ ៤៦ ពូជហើយ ដោយពូជស្រូវដែលកសិករដាំដុះរាល់ថ្ងៃនេះ គឺចែកពូជស្រូវទៅតាមក្សេត្របរិស្ថានខុសៗគ្នា ទៅតាមតំបន់ដែលមានទឹកតិច ឬទឹកច្រើន។ នៅក្នុងនោះពូជដែលបានដាក់នៅក្នុងគោលនយោបាយសម្រាប់ជំរុញការនាំចេញអង្ករមានចំនួនជាង ១០ ពូជ ដើម្បីចែកទៅតាមក្សេត្របរិស្ថាន រួមមាន ពូជស្រូវស្រាលចំនួន៣ពូជ ពូជស្រូវកណ្តាលចំនួន ៦ ពូជ និងពូជស្រូវធ្ងន់ចំនួន ៤ ពូជ។
ពូជដែលពេញនិយមជាងគេមានពូជសែនក្រអូប ០១ និងពូជផ្ការំដួល ដោយពូជទាំង ២ នេះមានប្រជាប្រិយភាព ខ្លាំងណាស់ ដោយសារកេរ្តិ៍ឈ្មោះល្បីល្បាញជាប់ជាអង្ករល្អដាច់គេ ៥ ឆ្នាំមកហើយ។ លោកបន្តថា៖ «ថ្មីៗនេះ យើងទើបតែសម្ពោធពូជស្រូវថ្មីមួយទៀតដែលមានការសហការគាំទ្រពីអូស្ត្រាលី គឺពូជស្រូវចំប៉ីស ៧០ ដោយពូជស្រូវ១នេះ ពិតជាមានគុណប្រយោជន៍ខ្លាំងណាស់សម្រាប់កសិករ និងពាណិជ្ជករ»។
លោក ឡោ ប៊ុណ្ណា បញ្ជាក់បន្តថា ៖ «វាអាចជួយកសិករក្នុងការកាត់បន្ថយការចំណាយ និងកម្លាំងក្នុងការថែទាំស្រែរបស់ពួកគេ ដោយសារតែវាជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ពាណិជ្ជករអាចទិញស្រូវចំប៉ីស ៧០ បានពេញ ១ ឆ្នាំតែម្តង»។
ជាមួយគ្នានេះដែរ លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានប្រាប់ឱ្យដឹងដែរថា ទាក់ទងពូជស្រូវ Kalanamak ដែលប្រទេសនេប៉ាល់គ្រោងនឹងប្រគល់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺជាការល្អ ដែលអាចឱ្យវិទ្យាស្ថាន CARDI យកទៅធ្វើការសិក្សាស្រាវជ្រាវបន្ថែមបាន ព្រោះលោកយល់ថា ពូជប្រភេទនេះ ប្រហែលធ្លាប់មាននៅស្រុកខ្មែររាប់រយពាន់ឆ្នាំមកហើយដែរ។
លោកថា សព្វថ្ងៃកម្ពុជាបានប្រើប្រាស់ពូជមួយចំនួនសម្រាប់ការផលិតចេញជាអង្ករសម្រាប់នាំចេញរួមមានដូចជា ពពួកស្រូវធ្ងន់ ដែលជាអង្ករល្អប្រណីតគឺភាគច្រើនផ្ការំដួល និងមួយចំនួនខ្លះទៀតសុម៉ាលី។ ដោយឡែកសម្រាប់អង្ករក្រអូបធម្មតា ភាគច្រើននាំចេញគឺសែនក្រអូប និងប្រភេទស្រូវធម្មតា រួមមាន ស្រូវ អូអឹម (OM) ៥៤, អូអឹម (OM) ៥១, អូអឹម (OM) ៥០៤, អ៊ីអ៊ែរ (IR) ៨៥ ជាដើម។
សូមជម្រាបថា យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន myRepublica (ម៉ាយ រីពូប្លីកា) របស់ប្រទេសនេប៉ាល់ កាលពីថ្ងៃទី ២៩ មេសា បានឱ្យដឹងថា ពូជស្រូវកាឡាណាម៉ាក់ ដែលគេជឿថា បានដាំតាំងពីសម័យពុទ្ធកាលមកនោះ នឹងត្រូវដឹកពីខេត្តលុម្ពិនី (Lumbini) ប្រទេសនេប៉ាល់ មកកាន់ប្រទេសកម្ពុជា ធ្វើជាអំណោយ។
សារព័ត៌មានដដែលបានបន្តថា ក្នុងឱកាសនៃពិធីបុណ្យពិសាខបូជា លើកទី ២ ៥៦៧ អនុប្រធានមូលនិធិអភិវឌ្ឍន៍ Lumbini ភិក្ខុ Metteyya (Bhikshu Metteyya) នឹងប្រគល់ពូជស្រូវ កាឡាណាម៉ាក់ជូនលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៣។ យោងទៅតាមរឿងព្រេងត្រូវបានគេនិទានថា ព្រះពុទ្ធព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យ សោយ អង្ករកាឡាណាម៉ាក់នេះ នៅពេលដែលព្រះអង្គទ្រង់នៅលើផែនដី។
ព្រះសម្មាសម្ពុទ្ធទ្រង់ប្រោសប្រទានពរដល់កសិករ ដែលបានគោរពបម្រើព្រះអង្គក្នុងដំណើរមួយរបស់ព្រះអង្គ បន្ទាប់ពីព្រះអង្គទ្រង់បានត្រាស់ដឹង។ ព័ត៌មាន my Republica (ម៉ាយ រីពូប្លីកា)បញ្ជាក់ថា៖ «ពូជស្រូវកាឡាណាម៉ាក់របស់ប្រទេសនេប៉ាល់ ដែលគេជឿថា ត្រូវបានដាំដុះតាំង ពីសម័យពុទ្ធកាលមកនោះនឹងត្រូវបានជូនជាអំណោយមកកាន់ប្រទេសកម្ពុជា តាមការស្នើសុំពីសំណាក់លោក ហ៊ុនសែន ដើម្បីអភិរក្សពូជស្រូវនេះ ដោយសារពូជស្រូវនេះមានសារៈសំខាន់ទាក់ ទងនឹងសម័យពុទ្ធកាល»។
ពូជស្រូវ កាឡាណាម៉ាក់នេះ គឺត្រូវ បានគេដាំនៅតំបន់ជនបទ នៃក្រុងកា ពីឡាវ៉ាសទូ (Kapilavastu) និងក្រុងលុម្ពិនី នៃប្រទេសនេប៉ាល់ អស់រយៈពេលជាង ៥ ០០០ ឆ្នាំមកហើយ ដែលជាប្រភេទអង្ករបុរាណ និងពិសិដ្ឋ។ អង្ករនេះគឺមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ជាមួយនឹងព្រះពុទ្ធសាសនា ហើយត្រូវបានចាត់ទុកថា ជាអាហារដ៏ពិសិដ្ឋនៅ ក្នុងសហគមន៍ពុទ្ធសាសនាជាច្រើន។ អង្ករកាឡាណាម៉ាក់នេះត្រូវបានគេប្រើនៅក្នុងពិធីបុណ្យបូជាចំពោះព្រះពុទ្ធ សាសនា ហើយជាទូទៅត្រូវបានប្រគេនជូនព្រះសង្ឃជាការគោរព និងដឹងគុណ៕