ភ្នំពេញៈ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអំពាវនាវឱ្យមេដឹកនាំក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក រួមគ្នាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ខណៈវានឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងចំពោះផលិតផលក្នុងស្រុកសរុប (GDP) របស់តំបន់នារយៈពេលប៉ុន្មានឆ្នាំខាងមុខប្រសិនបើមិនមានវិធានការឱ្យបានត្រឹមត្រូវ។
ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៦ កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ នៅទីក្រុង Incheon នៃសាធារណរដ្ឋកូរ៉េ លោក Masatsugu Asakawa បានឱ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សង្គ្រាម ជំងឺ និងវិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខុមាលភាពមនុស្ស។ ប៉ុន្តែបញ្ហាប្រឈមគួរឱ្យព្រួយបារម្ភបំផុតដែលកំពុងប្រឈមមុខនៅក្នុងតំបន់ គឺឥទ្ធិពលកាន់តែអាក្រក់នៃការប្រែប្រួលអាកាសធាតុ។ ការណ៍នេះគំរាមដល់អស្ថិរភាពនៃប្រភេទសត្វរាប់មិនអស់ រួមទាំងជីវិតរបស់មនុស្សផងដែរ។
លោកបានចង្អុលបង្ហាញថា ចាប់តាំងពីឆ្នាំ ២០០០ មកជាង ៤០ ភាគរយនៃគ្រោះមហន្តរាយដែលជាប់ទាក់ទងនឹងអាកាសធាតុ ដែលកើតឡើងនៅអាស៊ី និងប៉ាស៊ីហ្វិក។ មនុស្សជាង ៣,៥ ពាន់លាននាក់បានរងផលប៉ះពាល់ក្នុងនោះជិត ១ លាននាក់បានស្លាប់។ នៅត្រឹមឆ្នាំ ២០៥០ ប្រជាជន ១ ពាន់លាននាក់ផ្សេងទៀតដែលរស់ក្នុងទីក្រុងនៅក្នុងតំបន់ នឹងទទួលរងពីការបំពុលបរិយាកាសដ៏គ្រោះថ្នាក់ និងសម្ពាធតានតឹងដោយសារកម្តៅ។
លោក Masatsugu Asakawa បានបញ្ជាក់ថា បណ្ដាប្រទេសសមាជិកកំពុងអភិវឌ្ឍន៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានជួបប្រទះការខាតបង់រូបវន្តរាប់ពាន់លានដុល្លារ ដោយសារព្រឹត្តិការណ៍ដែលជាប់ទាក់ទងនឹងអាកាសធាតុ។ គ្រាន់តែក្នុងឆ្នាំ ២០២០ តែមួយ តំបន់នេះបានប្រឈមនឹងការខាតបង់ចំនួន ៦៧ ពាន់លានដុល្លារដោយសារតែគ្រោះមហន្តរាយ។
លោកថ្លែងថា៖ «ប្រសិនបើយើងមិនចាត់វិធានការ ការកើនឡើងនៃការខាតបង់ប្រចាំឆ្នាំនឹងលើសពីកំណើន GDP របស់តំបន់។ នេះជាមូលហេតុដែល ADB ចាត់វិធានការទប់ទល់នឹងអាកាសធាតុយ៉ាងម៉ឺងម៉ាត់។ យើងមានបំណងផ្តល់ហិរញ្ញប្បទានអាកាសធាតុចំនួន ១០០ ពាន់លានដុល្លារដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍន៍របស់យើងនៅចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០៣០។ យើងនឹងគាំទ្រដល់ប្រតិបត្តិការរបស់យើងទាំងអស់ជាមួយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រឹមឆ្នាំ ២០២៥។ យើងនឹងពង្រីកការវិនិយោគលើជម្រើសថាមពលកកើតឡើងវិញ ហើយយើងនឹងមិនវិនិយោគលើធ្យូងថ្មទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៣០ ខែមីនា បានថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រនៅរាជធានីភ្នំពេញថា ការប្រែប្រួលអាកាសធាតុគឺជាការគំរាមដ៏អាក្រក់បំផុតរបស់មនុស្សជាតិដែលកំពុងជួបប្រទះក្នុងពេលនេះ។ លោកព្យាករថា ផ្ទុយពីជំនឿដ៏ពេញនិយម ជម្លោះរវាងរុស្ស៊ីអ៊ុយក្រែន ដែលកំពុងបន្តនឹងបញ្ចប់ដោយការសម្របសម្រួល។
លោកលើកឡើងថា៖ «សង្គ្រាមរុស្ស៊ីអ៊ុយក្រែន មិនមែនជាការគំរាមអាក្រក់បំផុតដែលយើងកំពុងប្រឈមមុខនោះទេ។ ច្បាស់ណាស់ថា វានឹងបញ្ចប់តាមរយៈការចរចានៅចំណុចជាក់លាក់មួយប្រសិនបើភាគីទាំង២មិនមានកម្លាំងដើម្បីដណ្ដើមជ័យជម្នះយោធា។ គ្រោះថ្នាក់ដែលនឹងអូសបន្លាយពេលយូរបំផុតដែលយើងកំពុងប្រឈមគឺនៅតែជាការប្រែប្រួលអាកាសធាតុ»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានយល់ស្របថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមជាសកលដែលបានបង្កបញ្ហាជាច្រើន រួមទាំងទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលនាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់។
លោកថ្លែងថា៖ «កម្ពុជាជាប្រទេសតូច ប៉ុន្តែយើងមានសកម្មភាពយ៉ាងខ្លាំងក្នុងការរួមចំណែកចំពោះការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ យើងត្រូវបានគេទទួលស្គាល់ជាសកលសម្រាប់ការប្តេជ្ញាចិត្តរបស់យើងក្នុងការអនុវត្តគោលនយោបាយ និងផែនការសកម្មភាព ដែលនឹងទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ»។
លោកបានពន្យល់ថា ប្រទេសកម្ពុជា បានដាក់ចេញនូវផែនការអភិវឌ្ឍន៍រយៈពេលវែង ដើម្បីសម្រេចបាននូវកាបូនសូន្យត្រឹមឆ្នាំ ២០៥០។
លោកបានបញ្ជាក់ថា៖ «ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជាក៏បានវិនិយោគយ៉ាងច្រើនទៅលើការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកាត់បន្ថយផលប៉ះពាល់របស់ខ្លួនទៅលើ GDP [ផលិតផលក្នុងស្រុកសរុប]»។
កាលពីថ្ងៃទី ២ ខែឧសភា ធនាគារ ADB បានប្រកាសកម្មវិធីហិរញ្ញវត្ថុច្នៃប្រឌិតសម្រាប់អាកាសធាតុនៅអាស៊ីនិងប៉ាស៊ីហ្វិក (IFCAP) ដែលជាកម្មវិធីដ៏សំខាន់មួយអាចបង្កើនការគាំទ្រយ៉ាងទូលំទូលាយសម្រាប់តំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕