ភ្នំពេញៈ អូស្ត្រាលីកំពុងធ្វើការជាមួយកម្ពុជា ដើម្បីបង្កើតសួនកសិឧស្សាហកម្ម (AIP) ដើម្បីកែច្នៃផលិតផលកសិកម្មដំបូងគេនៅកម្ពុជា ដែលជាការបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ។
យោងតាមការចេញផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជានៅថ្ងៃទី ២ ឧសភា ឆ្នាំ ២០២៣ ឱ្យដឹងថា កសិផលកម្ពុជា ៩៥% ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាងក្នុងអាស៊ាន ជាកសិផលដើមមិនទាន់កែច្នៃ។ ប្រទេសទាំងនោះបន្ទាប់ពីទិញកសិផលយកទៅ បានកែច្នៃវាទៅជាផលិតផល មានតម្លៃជាងកសិផលដើម ដូចជាធ្វើទៅជា តំណាប់និងទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈជាដើម។
ស្ថានទូតអូស្ត្រាលីបានបន្តថា ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់កម្ពុជា ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញកម្ពុជាចាំបាច់ត្រូវវិនិយោគលើកន្លែងកែច្នៃកសិផលរបស់ខ្លួន។ នោះហើយជាមូលហេតុ ដែលអូស្ត្រាលីកំពុងធ្វើការជាមួយកម្ពុជា ដើម្បីបង្កើតសួនកសិឧស្សាហកម្ម (AIP) ដំបូងគេ។
ស្ថានទូតអូស្ត្រាលីថា៖ «សួនកសិឧស្សាហកម្មនេះ នឹងផ្តល់នូវកន្លែងកែច្នៃកសិអាហារ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការកសាងសមត្ថភាពព្រមទាំងកន្លែងធ្វើការ និងបរិស្ថានប្រកបដោយសុវត្ថិភាព និងបរិយាប័ន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។ សួនកសិឧស្សាហកម្ម មានសក្តានុពលជាខ្លាំងសម្រាប់កម្ពុជា»។
ជុំវិញគម្រោងកែច្នៃផលិតផលកសិកម្មកម្ពុជានេះដែរ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ជាគម្រោង ១ ដ៏ល្អសម្រាប់កម្ពុជាព្រោះថា ការដែលមានឧស្សាហកម្មកែច្នៃកាន់តែច្រើនវានឹងជួយបន្ថែមដល់វិស័យឧស្សាហកម្ម ជាពិសេសការកែច្នៃលើផលិតផលកសិកម្មកម្ពុជា ដែលកំពុងមានសក្តានុពលដូចជា ស្វាយចន្ទី ដំឡូងមី ស្វាយ ចេក ជាដើម។
លោកបានប្រាប់ឱ្យដឹងនៅថ្ងៃទី ៣ ខែឧសភា ថា៖ «ឥឡូវអ្វីដែលយើងមានការរីកចម្រើនច្រើននោះគឺការកែច្នៃស្រូវអង្ករ យើងមានរោងម៉ាស៊ីនច្រើនគួរសមប៉ុន្តែអ្វីដែលយើងខ្វះនោះ គឺការកែច្នៃស្វាយចន្ទី ដែលត្រូវការឱ្យមានកាន់តែច្រើន ដើម្បីពង្រីកវិសាលភាពនៃការកែច្នៃនេះ ហើយបើសិនជាបង្កើតឱ្យមានឧស្សាហកម្មកែច្នៃ យើងគួរបង្កើតទៅតាមតំបន់ដែលមានសក្តានុពលដំណាំនីមួយៗ។ មានន័យថា កន្លែងណាសម្បូរស្វាយ យើងបង្កើតកន្លែងកែច្នៃស្វាយ កន្លែងណាសម្បូរស្វាយចន្ទី យើងបង្កើតកន្លែងកែច្នៃស្វាយចន្ទី»។
ទោះជាយ៉ាងណា លោក យ៉ង សាំងកុមារ បានបញ្ជាក់ថា ក្រៅពីដោះស្រាយបញ្ហារោងចក្រកែច្នៃហើយ ក៏ត្រូវមានការគិតគូរពីបញ្ហាមួយចំនួនទៀត ដូចជាបញ្ហាដើមទុនថ្លៃដើមនៃការកែច្នៃ និងបញ្ហាទីផ្សារ ជាដើម។
ចំណែកលោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា លោកបានចូលរួមប្រជុំ ២ ដងរួចមកហើយ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុម្តង និងក្រុមការងារសិក្សាលើគម្រោងសួនកសិឧស្សាហកម្ម (AIP) នេះម្តងដែរ ដោយភាគីពាក់ព័ន្ធ ប្តេជ្ញាបន្តជំរុញការងារនេះ ធ្វើយ៉ាងណាដើម្បីបង្កើតសួនកសិឧស្សាហកម្មឱ្យបានឆាប់។
លោកបានបន្ថែមថា នៅក្នុងកិច្ចពិភាក្សានោះ ខាងក្រុមការងារសិក្សាលើគម្រោងសួនកសិឧស្សាហកម្ម (AIP) ក៏បានដាក់ចេញនូវតំបន់អាទិភាពមួយចំនួននៅតាមបណ្តាខេត្តនានា ដូចជាខេត្តបាត់ដំបងជាដើម។ «ដោយ សារយើងនៅខ្វះកម្រិតនៃការកែ ច្នៃ និងការស្តុកទុកសម្រាប់កែច្នៃ ដែលធ្វើឱ្យយើងនាំវត្ថុធាតុដើមចេញទៅក្រៅប្រទេសភាគច្រើន យើងមិនមានលទ្ធភាពរៀបចំឃ្លាំងស្តុកទុកវត្ថុធាតុដើមទេ»៕