ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) សម្រេចបន្តសហការអនុវត្តគម្រោងជំរុញការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី (PTT) នៅរាជធានី-ខេត្តមួយចំនួន រៀងរាល់ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យចាប់ពីខែឧសភានេះ ដើម្បីជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលក្នុងស្រុក។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៣ ខែឧសភា បានឱ្យដឹងថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) អនុវត្តគម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្ត។
គម្រោងនេះបានអនុវត្តដោយជោគជ័យក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ឆ្នាំ២០២៣ រួចមកហើយ នៅរាជធានី-ខេត្តចំនួន១៦ តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន១៩។
ក្រសួងបញ្ជាក់ថា កិច្ចសហការនេះ ក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរ ដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើទីផ្សារក្នុងស្រុក ការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍។
សេចក្តីជូនដំណឹងបន្តថា៖«ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងសហការអនុវត្តគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១៧:០០ នៅក្នុងរាជធានី-ខេត្តចំនួន១៣ តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន១៤ បន្តទៀត»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានស្វាគមន៍ពីគម្រោងនេះ ព្រោះវាជាចំណុចល្អ ក្នុងការលើកកម្ពស់ និងផ្លាស់ប្តូរផ្នត់គំនិត របស់អ្នកប្រើប្រាស់ជាពិសេសប្រជាពលរដ្ឋខ្មែរ កុំឱ្យទៅទិញនូវផលិតផលរបស់បរទេស យកមកប្រើប្រាស់ ហើយងាកមករកទិញផលិតផលរបស់ខ្មែរវិញ។
លោកបន្តថា ផលិតផលខ្មែរ មិនមែនមានន័យថា គ្មានគុណភាព និងស្តង់ដានោះទេ ប៉ុន្តគ្រាន់តែបាត់ទំនុកចិត្តពីប្រជាជនប៉ុណ្ណោះ។ ដូច្នេះ នៅពេលដែលមានការដាក់លក់បែបនេះ នឹងបញ្ជ្រាបការយល់ដឹងបន្តិចម្តងៗ ដល់ស្រទាប់យុវជន ជាពិសេស អ្នកដំណើការឆ្លងកាត់នៅតាមស្ថានីយលក់ប្រេងភីធីធី(PTT)ដែលភាគច្រើនជាយុវជន ទៅទទួលទានការហ្វេ នឹងធ្វើឱ្យពួកគេចេះឱ្យតម្លៃលើផលិតផលខ្មែរទាំងនេះ។
លោកថ្លែងថា «វាជាកត្តាសំខាន់ សម្រាប់ជំរុញឱ្យការបង្វែរទិសនៃគំនិតរបស់យុវជនទាំងនោះ ឱ្យមកស្រឡាញ់ផលិតផលខ្មែរមកវិញ ហើយវាក៏បានរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ឱ្យមានដំណើការល្អប្រសើរជាងមុនផងដែរ»។
សម្រាប់ទីតាំងដែលដាក់លក់ផលិតផលខ្មែរនោះរួមមាន ស្ថានីយប្រេងឥន្ធនៈភីធីធី(PTT) នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង កណ្តាល កំពង់ចាម ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យតាកែវ ស្វាយរៀងព្រៃវែង ក្រចេះ ព្រះសីហនុ និងខេត្តស្ទឹងត្រែង ដោយដាក់តាំងលក់ផលិតផលដូចជាអាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារធ្វើដោយដៃ និងបន្លែ ត្រី សាច់ជាដើម។
បើតាមក្រសួងពាណិជ្ជកម្ម ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្ត នេះដោយយោងតាមសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានកិត្ដិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ” ដាក់ឱ្យប្រើពាក្យស្លោក “ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិច១មុខ”៕