ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មស្នើស្ថានទូតតួកគីកៀរគរធុរជន និងវិនិយោគិនតួកគីមកបណ្តាក់ទុននៅកម្ពុជាក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ដោយក្រសួងបញ្ជាក់ថា កម្ពុជាមានវត្ថុធាតុដើមសម្បូរបែប។
ការស្នើនេះធ្វើឡើងក្នុងជំនួបកាលពីថ្ងៃទី ៣ ខែឧសភា នៅទីស្ដីការក្រសួងពាណិជ្ជកម្ម រវាងលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា អមដោយលោកស្រី Zore Aksahin Simsek ទីប្រឹក្សាពាណិជ្ជកម្មដំបូងនៃស្ថានទូតតួកគី។
ភាគីទាំង ២ បានពិភាក្សាលើលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែល្អប្រសើរថែមទៀត។
លោកស្រី តឹករ៉េត កំរង ថ្លែងថា លោកស្រី Ulku ជានិច្ចកាល បានខិតខំលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង ២ ហើយលោកស្រី តឹករ៉េត កំរង ក៏បានលើកឡើងអំពីកាលានុវត្តភាពធុរកិច្ច និងបរិយាកាសវិនិយោគនៅកម្ពុជា។
ហ្វេសប៊ុកក្រសួងពាណិជ្ជកម្មបញ្ជាក់នាថ្ងៃទី៤ ខែឧសភាថា៖ «លោកជំទាវរដ្ឋលេខាធិការ [លោកស្រី តឹករ៉េត កំរង] បានស្នើលោកជំទាវអគ្គរដ្ឋទូត និងលោកស្រីទីប្រឹក្សាពាណិជ្ជកម្ម លើកទឹកចិត្តនិងកៀរគរធុរជន និងវិនិយោគិនតួកគីមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ដែលកម្ពុជាមានវត្ថុធាតុដើមសម្បូរបែប រួមមាន កៅស៊ូ ដំឡូងមី ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ស្វាយ ចេក ជាដើម»។
ហ្វេសប៊ុកដដែលបានដកស្រង់សម្ដីលោកស្រី Ulku ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំង ២ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម បានឈានដល់ចំណុចរបត់ថ្មីមួយពោរពេញដោយថាមវ័ន្ត និងការសហការស្អិតរមួត។
លោកស្រី Ulku បន្តថា ការណ៍នេះបានញ៉ាំងឱ្យតួកគីបញ្ជូនទីប្រឹក្សាពាណិជ្ជកម្មដំបូងនិងបង្កើតការិយាល័យពាណិជ្ជកម្មប្រចាំកម្ពុជា ដែលនឹងចូលរួមចំណែកបន្ថែមក្នុងកិច្ចសម្របសម្រួលការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំង ២ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ហ្វេសប៊ុកដដែលបញ្ជាក់ថា លោកស្រី Zore បានប្តេជ្ញាចិត្តក្នុងការបន្តជំរុញកំណើនទំហំពាណិជ្ជកម្ម ការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំង២ និងការចែករំលែកចំណេះដឹងតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលពាក់ព័ន្ធជាដើម។
ហ្វេសប៊ុកដដែលបញ្ជាក់ថា គិតត្រឹមត្រីមាសទី ១ នៃឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-តួកគីសម្រេចបានប្រមាណ ៥២ លានដុល្លាអាមេរិក ជាមួយនឹងអត្រាកំណើនប្រមាណ ៨០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
ប្រភពដដែលបន្តថា ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅតួកគី រួមមាន សម្លៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ជាដើម។ រីឯកម្ពុជានាំចូលទំនិញសក្តានុពលពីតួកគី រួមមាន វាយនភ័ណ្ឌនិងសម្លៀកបំពាក់ គ្រឿងម៉ាស៊ីននិងបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ ជាដើម៕