ភ្នំពេញៈ កំពង់ផែសមុទ្រលំដាប់អន្តរជាតិទី១ (តារាសាគរ) នៅខេត្តកោះកុងដែលវិនិយោគដោយក្រុមហ៊ុន Koh Kong Port Management គ្រោងបើកដំណើរការនៅដើមឆមាសទី២ ឆ្នាំ ២០២៣ នេះ ខណៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាបានបញ្ចប់រួចរាល់ហើយ។ នេះបើតាមអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង។
ក្រុមហ៊ុន Koh Kong Port Management ដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជាលើវិស័យដឹកជញ្ជូនតាមសមុទ្របានអភិវឌ្ឍកំពង់ផែសមុទ្រលំដាប់អន្តរជាតិដ៏ធំនេះនៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានសមត្ថភាពផ្ទុក និងផ្ទេរទំនិញរាប់ម៉ឺនតោនក្នុង ១ ឆ្នាំៗ។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ ខែឧសភាថា នេះជាវឌ្ឍនភាពថ្មីមួយទៀតដែលខេត្តកោះកុងនឹងមានកំពង់ផែលំដាប់អន្តរជាតិ ដោយកំពង់ផែនេះអាចមានសមត្ថភាពទទួលការចេញចូល និងផ្ទេរទំនិញពីកប៉ាល់អន្តរជាតិធំៗដោយផ្ទាល់ គឺមិនចាំបាច់ធ្វើតាមរយៈកំពង់ផែប្រទេសជិតខាង ឬខេត្តព្រះសីហនុឡើយ។ ដោយសារកំពង់ផែដែលនឹងបើកដំណើរការនាពេលខាងមុខមានទំហំធំជាងគេក្នុងខេត្តកោះកុង ដូច្នេះក្រៅពីការដឹកជញ្ជូនទំនិញធំៗ វាក៏នឹងជួយបង្កើនសក្តានុពលនាំចេញកសិផលពីកម្ពុជាទៅក្រៅប្រទេស និងបង្កើតឱកាសការងារបានជាច្រើនកន្លែងផងដែរ។
លោកស្រីថ្លែងថា៖ «កំពង់ផែនេះនឹងក្លាយជាផ្នែកមួយក្នុងការបង្កើនចំណូលថវិកាជាតិ ពិសេសខេត្តកោះកុង ព្រោះជាច្រកសម្រាប់នាំចេញនាំចូលទំនិញរវាងកម្ពុជា និងទីផ្សារអន្តរជាតិ។ បច្ចុប្បន្នយើងកំពុងរៀបចំឯកសារ និងមួយចំនួនដើម្បីឈានទៅបើកដំណើរការកំពង់ផែនេះ ដែលអាចដំណើរការក្នុងរង្វង់ប្រហែល ២៣ ខែខាងមុខ»។
លោកស្រីបន្ថែមទៀតថា៖ «ក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំពិតជារីករាយ និងស្វាគមន៍ចំពោះវត្តមានរបស់កំពង់ផែនេះ ព្រោះវានឹងផ្តល់ផលវិជ្ជមានច្រើនដល់សេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូល»។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បាននិយាយថា វត្តមានកំពង់ផែសមុទ្រលំដាប់អន្តរជាតិ គឺពិតជាផ្តល់ភាពចំណេញច្រើនដល់សេដ្ឋកិច្ច ព្រោះការដឹកជញ្ជូនតាមផ្លូវទឹកអាចបាន បរិមាណច្រើន មានតម្លៃសមរម្យ និងមានសុវត្ថិភាព។ ជាមួយនឹងបរិមាណនៃកំណើនផលិតផលដែលរោងចក្រនានាផលិតបាន និងកំណើនទិន្នផលកសិកម្មជាបន្តបន្ទាប់នោះ គឺកម្ពុជាពិតជាត្រូវការកំពង់ផែកាន់តែច្រើនដើម្បីដឹកទំនិញទៅទីផ្សារអន្តរជាតិ។ លោកបន្តថា ការបើកដំណើរការកំពង់ផែអន្តរជាតិ ក៏នឹងជួយទាក់ទាញវិនិយោគិនឱ្យចូលមកបណ្តាក់ទុនផ្ទាល់ និងបើកអាជីវកម្មនៅកម្ពុជាកាន់តែច្រើនផងដែរ។
លោកនិយាយថា៖ «គម្រោងកំពង់ផែនេះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបើកច្រកនាំចេញទំនិញបន្ថែម និងទាក់ទាញអ្នកវិនិយោគឱ្យមកបើករោងចក្រផលិតនៅកម្ពុជា និងនាំចេញទៅលក់នៅក្រៅប្រទេស»។
នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តកោះកុង កាលពីថ្ងៃទី ២ ឧសភា លោក កោវ លៀង ប្រធានក្រុមហ៊ុន Koh Kong Port Management បានឱ្យដឹងថា ក្រុមហ៊ុនលោកបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបែបបទឯកសាររួចរាល់អស់ហើយ ដើម្បីប្រតិបត្តិការសាកល្បងនាពេលឆាប់ៗខាងមុខនេះ។ កំពង់ផែនេះ នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចពាណិជ្ជកម្មនៅកម្ពុជាឱ្យរីកចម្រើនកាន់តែឆាប់រហ័សបន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩។
ដើម្បីលើកកម្ពស់សមត្ថភាពនាំចេញទំនិញទៅទីផ្សារអន្តរជាតិ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំពង្រីក និងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាបន្តបន្ទាប់ដែលមានដូចជា ផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ, និងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត និងការបើកផ្លូវទឹកពីទន្លេបាសាក់ ទៅសមុទ្រក្នុងខេត្តកំពត ជាដើម៕