ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់កំពង់ផែពហុបំណងកំពត រវាងក្រុមហ៊ុន កំពតឡូជីស្ទីកអេនផត ឯ.ក (KAMPOT LOGISTICS AND PORT COMPANY LIMITED) និងក្រុមហ៊ុន ឆាយណាហាប៊ើរអេនជីនារីង ខមភេនី អិលធីឌី CHINA HARBOUR ENGINEERING COMPANY LTD) ។
ការចុះហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដោយកំពង់ផែពហុបំណងដែលបានចុះហត្ថលេខាសាងសង់នាឱកាសនេះ មានទីតាំងស្ថិតនៅភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត សាងសង់លើផ្ទៃដីប្រតិបត្តិការទំហំ ៦០០ ហិកតា និងត្រូវបានសាងសង់ឡើងចាប់តាំងពីដើមឆ្នាំ២០២២ ហើយកំពុងពង្រីកជាបន្តបន្ទាប់ផងដែរ។
បើតាមតំណាងក្រុមហ៊ុន កំពតឡូជីស្ទីកអេនផត ឯ.ក កំពង់ផែនេះជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ក្រុមហ៊ុន ដែលបច្ចុប្បន្ន កំពង់ផែនេះមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦០ ០០០ តោន ដល់ ១០០ ០០០ តោន អាចចូលសំចតបាន។
តំណាងក្រុមហ៊ុនបានបញ្ជាក់ទៀតថា ក្រុមហ៊ុនបានខិតខំក្នុងការពង្រីកកំពង់ផែនេះជាបន្តបន្ទាប់ និងបានត្រៀមចំណតនាវាមួយចំនួនដែលនឹងបំពាក់ទៅដោយឧបករណ៍លើកដាក់ទំនើបៗ និងទាន់សម័យ ដើម្បីបង្កើនប្រតិបត្តិការអាជីវកម្ម ការនាំទំនិញចេញចូល ឬនាំទំនិញឆ្លងកាត់ទៅប្រទេសទីបី ដែលអាចឱ្យធ្វើចំណេញទាំងពេលវេលា និងថវិកាដល់ពាណិជ្ជករ និងអ្នកវិនិយោគទុន។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនក៏កំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់គុណភាពសេវាកម្មតាមរយៈការបំពាក់ដោយគ្រឿងម៉ាស៊ីនទំនើបៗ និងបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើនសមត្ថភាពការងារ និងបន្តពង្រឹងសមត្ថភាពដល់កម្មករ និងបុគ្គលិកជំនាញ ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីពន្លឿនប្រតិបត្តិការការងារ និងកាត់បន្ថយការប្រើប្រាស់ពេលវេលាសម្រាប់អតិថិជនផងដែរ។
សូមជម្រាបថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការគណៈរដ្ឋមន្រ្តីកាលពីពេលថ្មីៗនេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា ខេត្តកំពតមានកំពង់ផែខ្នាតធំដែលអាចឱ្យនាវាដែលមានចំណុះ ១៥ ម៉ឺនតោនចូលចតបាន។ លោកបានបន្ថែមថា កំពង់ផែខ្នាតធំខេត្តកំពតនេះមានជម្រៅទឹកពី ១៦ ទៅ ១៨ ម៉ែត្រ ដែលអាចធានាដល់ការចូលចតនាវាខ្នាតធំៗ មានចំណុះរហូតដល់ទៅ ១៥ ម៉ឺនតោនអាចប្រើប្រាស់បាន។ បើតាមលោកអភិបាលខេត្ត បច្ចុប្បន្នខេត្តកំពតមានកំពង់ផែចំនួន ៥ ក្នុងនោះកំពង់ផែទេសចរណ៍អន្តរជាតិមួយទើបតែបញ្ចប់ការស្ថាបនាកាលពីពេលថ្មីៗនេះ។
«ខេត្តកំពត មានសក្តានុពលធនធានធម្មជាតិសម្បូរបែបមានឆ្នេរសមុទ្រ ធនធានជលផល រ៉ែ និងអគារបេតិកភណ្ឌ សម្រាប់ការអភិវឌ្ឍពហុវិស័យដូចជា វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ ចំណូលប្រជាពលរដ្ឋក្នុងម្នាក់ប្រចាំឆ្នាំ ១៨១៥ ដុល្លារក្នុងម្នាក់ ខណៈអត្រាភាពក្រីក្រមានចំនួន ១៤,៨%»។ នេះបើតាម លោក ម៉ៅ ធនិន បានបញ្ជាក់បន្ថែម៕