រហូតមកដល់ពេលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារពាណិជ្ជចំនួន ១០ រួចមកហើយ ដើម្បីធ្វើប្រតិបត្តិការផ្តល់សេវាទទួលប្រាក់ពន្ធ-អាករឱ្យអគ្គនាយកដ្ឋានពន្ធដារ ខណៈខាងពន្ធដារ ជំរុញឱ្យធនាគារពាណិជ្ជដៃគូ យកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាដល់អ្នកជាប់ពន្ធ។
កិច្ចប្រជុំពិភាក្សាតាមដានវឌ្ឍនភាព និងពង្រឹងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពាណិជ្ជដៃគូ កាលពីដើមខែឧសភា ឆ្នាំ២០២៣នេះ លោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ និងជាប្រធានក្រុមការងារដើម្បីពិភាក្សាកិច្ចការបច្ចេកទេសក្នុងការផ្តល់សេវាទទួលប្រាក់ពន្ធ-អាករ គ្រប់ប្រភេទតាមធនាគារពាណិជ្ជ បានឱ្យដឹងថា ការដាក់ចេញឱ្យមានការបង់ពន្ធតាមប្រព័ន្ធធនាគារពាណិជ្ជដៃគូនេះ គឺជាយន្តការមួយក្នុងការជួយសម្រួលសេវាបង់ពន្ធក៏ដូចជាបង្ខិតសេវាបង់ពន្ធឱ្យទៅជិត អ្នកជាប់ពន្ធ សំដៅឱ្យអ្នកជាប់ពន្ធមានភាពងាយស្រួលក្នុងការបង់ពន្ធ។
លោកបានបញ្ជាក់ថា៖«ការដាក់ចេញឱ្យមានការបង់ពន្ធតាមប្រព័ន្ធធនាគារពាណិជ្ជដៃគូនេះ មានសារៈសំខាន់ណាស់ ជាពិសេសនៅពេលមានវិបត្តិនៃជំងឺកូវីដ១៩ ផ្ទុះឡើង ដែលអនុញ្ញាតឱ្យអ្នកជាប់ពន្ធអាចធ្វើការប្រកាស និងបង់ប្រាក់ពន្ធតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន E-Filing និងE-Payment ពីគេហដ្ឋាន ឬការិយាល័យរបស់ខ្លួន ឬពីទីតាំងណាមួយក៏បានឱ្យតែមានប្រព័ន្ធ Internet ដោយមិនចាំបាច់ ធ្វើដំណើរមកជួបផ្ទាល់ជាមួយមន្ត្រីរដ្ឋបាលសារពើពន្ធ ឬបុគ្គលិកសាខាធនាគារពាណិជ្ជដៃគូឡើយ»។
បើតាម លោក សម្បត្តិ មកដល់ពេលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារពាណិជ្ជចំនួន ១០ រួចមកហើយ ដើម្បីធ្វើប្រតិបត្តិការផ្តល់សេវាទទួលប្រាក់ពន្ធ-អាករឱ្យអគ្គនាយកដ្ឋានពន្ធដារ ដែលក្នុងនោះរួមមាន ១. ធនាគារ កាណា- ឌីយ៉ា ក.អ ២. ធនាគារ អេស៊ីលីដា ភីអិលស៊ី ៣. ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី ៤. ធនាគារ វឌ្ឍនៈ ៥. ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ៦. ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ៧. ធនាគារ ពាណិជ្ជក្រៅប្រទេស នៃកម្ពុជា ៨. ធនាគារ ស្ថាបនា ភីអិលស៊ី ៩. ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ និង ១០. ធនាគារវីង (ខេមបូឌា) លីមីធីត។
លោក អគ្គនាយករងបានជំរុញ ឱ្យធនាគារពាណិជ្ជដៃគូ បន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទទួលប្រាក់ពន្ធជូនអគ្គនាយកដ្ឋានពន្ធដារឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីលើកកម្ពស់ក្នុងការផ្តល់សេវាបង់ប្រាក់ពន្ធជូនអ្នកជាប់ពន្ធ និងអនុលោមភាពសារពើពន្ធ។
«យើងសូមលើកទឹកចិត្តដល់ធនាគារពាណិជ្ជដៃគូ ឱ្យបន្តសហការជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការទទួលប្រាក់ពន្ធឱ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ធនាគារពាណិជ្ជ ដៃគូនីមួយៗ ដើម្បីឈានទៅធ្វើសន្ធានកម្មជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ចំពោះធនាគារពាណិជ្ជដៃគូដែលមិនទាន់ មានប្រព័ន្ធនេះ»។ លោក កន សម្បត្តិបានបន្ថែម។
ដោយឡែកតំណាងធនាគារ ពាណិជ្ជដៃគូ បានយល់អំពីចំណុចពាក់ព័ន្ធមួយចំនួន ហើយបានសន្យាថានឹងខិតខំយកចិត្តទុកដាក់បន្ដពង្រឹង និងបង្កើន ប្រសិទ្ធភាពក្នុងការអនុវត្តនៃការផ្តល់សេវាទទួលប្រាក់ពន្ធ ឱ្យស្របទៅនឹងអនុស្សរណៈនៃការយោគយល់គ្នា និងលិខិត បទដ្ឋានពាក់ព័ន្ធជាធរមាន ព្រមទាំងខិតខំធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ធនាគារ ឱ្យបានឆាប់នាពេលខាងមុខ៕