ភ្នំពេញៈលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានចាត់ទុកវិស័យឯកជនគឺដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគលើគម្រោងអភិវឌ្ឍន៍នានានៅក្នុងប្រទេស។
ការថ្លែងនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ក្នុងពេលលោកស្រីចូលរួមសម្ពោធជាផ្លូវការផ្ទះគំរូ គម្រោងទី ៣ បុរីមេគង្គលែនស្ថិតក្នុងសង្កាត់ព្រែកលៀប រាជធានី ភ្នំពេញ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់លោកស្រី ម៉ែន សំអន។
លោកស្រីបានថ្លែងថា៖ «រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា រួមជាមួយនឹងកត្តាអំណោយផលផ្សេងទៀត និង ការលូតលាស់ផ្នែកសេដ្ឋកិច្ចយ៉ាងលឿនពិសេសខាងពាណិជ្ជកម្មសំណង់ ទេសចរណ៍ទីផ្សារពលករ មានតម្លៃសមរម្យនិងច្បាប់វិនិយោគ ដែលអនុគ្រោះដល់ធុរកិច្ចជន ទើបកម្ពុជាបានក្លាយជាគោលដៅថ្មីមួយគួរឱ្យចាប់អារម្មណ៍បំផុតពីអ្នកវិនិយោគក្នុងស្រុកនិងបរទេស»។
ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន ក៏បានកោតសរសើរចំពោះក្រុមហ៊ុន មេគង្គលែន ដែលមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានសម្រេចដាក់ទុនវិនិយោគលើគម្រោងសាងសង់លំនៅឋានដ៏ទំនើប និង ស៊ីវិល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមម្លប់នៃសុខសន្តិភាព។ សំណង់លំនៅឋានដ៏ប្រណីតនេះ ពិតជាជម្រើសដ៏ត្រឹមត្រូវ ព្រោះទីតាំងគម្រោងស្ថិតនៅរាជធានី ភ្នំពេញ ជាបេះដូងនៃប្រទេសកម្ពុជា ដែលជាទីតាំងយុទ្ធសាស្រ្ត ដ៏ល្អសម្រាប់អ្នកស្នាក់នៅ និងធ្វើការតាមបែបទំនើប។
ទាក់ទងនឹងការលើកឡើងនេះ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្គាល់ថា អ្វីដែល លោកស្រី ម៉ែន សំអន បានលើកឡើងនេះ គឺពិតជាត្រឹមត្រូវព្រោះវិស័យឯកជននេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសឱ្យមានការរីកចម្រើន ខណៈដែលរាជរដ្ឋាភិបាលតែម្នាក់ឯងមិនអាចបង្កើតការងារជូនប្រជាពលរដ្ឋគ្រប់គ្នាបាននោះទេ។
លោកបានប្រាប់ថា៖ «ដូច្នេះមានតែវិស័យឯកជនទេដែលអាចបង្កើតអាជីវកម្មនិងវិនិយោគក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋនិងជួយជំរុញកំណើនសេដ្ឋកិច្ច»។
លោក គី សេរីវឌ្ឍន៍ បានបន្តទៀតថា ជាក់ស្តែង ប្រទេសកម្ពុជា ជាប្រទេសដែលកំពុងមានការអភិវឌ្ឍ ដែលត្រូវការជាចាំបាច់ក្នុងការចាប់យកវិស័យឯកជនក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតអាជីវកម្មនានា។ ដូច្នេះ វិស័យឯកជន ជាស្នូលនៃសេដ្ឋកិច្ចជាតិទាំងមូលដែលត្រូវតែរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ថែមទៀតនិងជំរុញឱ្យមានការផលិតនិងវិនិយោគ ក្រៅពីវិស័យអចលនទ្រព្យ។
លោកបានថ្លែងថា៖ «វិស័យអចលនទ្រព្យ គឺជាសេវាកម្មមួយដែលរារាំងទៅដល់ការផលិតនៅក្នុងប្រទេស។ ដូច្នេះ រដ្ឋាភិបាល គួរតែជំរុញបន្ថែមទៅលើផលិតកម្មនានាដូចជាកម្មន្តសាលការកែច្នៃកសិផលការកែច្នៃផលិតផលប្រើប្រាស់ផ្សេងៗ ដើម្បីបង្កើតការងារធ្វើនិងជំរុញការផលិតហើយទប់ស្កាត់ការរីកចម្រើនលឿនពេកលើវិស័យអចលនទ្រព្យ ដែលធ្វើឱ្យអ្នកវិនិយោគងាកទៅវិនិយោគលើវិស័យនេះច្រើន»៕