ភ្នំពេញៈ ដំឡូងមី និងផលិតផលពីដំឡូងមីជាង ១ លានតោន ត្រូវបានកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៣ ខែដំបូង ឆ្នាំ ២០២៣ ដោយក្នុងនោះជាង ៧៣ ភាគរយត្រូវបាននាំទៅប្រទេសថៃ។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យឱ្យដឹងថា ចាប់ពីខែមករា-ខែមីនា ឆ្នាំ ២០២៣ ការនាំចេញដំឡូងមី និងផលិតផលពីដំឡូងមីទៅក្រៅប្រទេសមានសរុប ១ ០៣០ ៨៩១,៣ តោន ដែលក្នុងនោះប្រភេទចំណិតដំឡូងមីក្រៀមចំនួន ៨២២ ៧២៨ តោន ដំឡូងមីស្រស់ ១៥៥ ២១០ តោន, ម្សៅដំឡូងមី ១៤ ៧០១,៣ តោន និងកាកសំណល់ដំឡូងមី ៣៨ ២៥២ តោន។
ផ្អែកតាមទិន្នន័យខាងលើ គឺការនាំចេញទៅប្រទេសថៃមានចំនួន ៧៥៤ ៣០០ តោន ស្មើនឹង ៧៣,១៦ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា, វៀតណាម ២៦១ ២១០ តោន ស្មើ ២៥,៣៤ ភាគរយ, ចិន ១៥ ៣២២ តោន ស្មើ ១,៤៩ ភាគរយ និងប្រទេសផ្សេងៗដូចជា ជប៉ុន អ៊ីតាលី និងឥណ្ឌា។
យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្ម ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ការនាំចេញដំឡូងមី (ក្រៀម និងស្រស់) និងម្សៅមី មានទឹកប្រាក់សរុប ២៨៥,០៥លានដុល្លារ កើនឡើង ២៨,៥ ភាគរយធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២២ ដែលមានទឹកប្រាក់ ២២១,៨៤ លានដុល្លារ។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោក គឹម ហួត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែឧសភាថា ដំណើរការនាំចេញ និងតម្លៃដំឡូងមី ដើមឆ្នាំ ២០២៣ គឺមានភាពល្អប្រសើរបើធៀបនឹងឆ្នាំ ២០២២ ហើយទិដ្ឋភាពនេះនឹងកាន់តែវិជ្ជមានបន្ថែមទៀតនាពេលអនាគត។ លោកបន្តថា ដោយសារដំឡូងមី ត្រូវបានរដ្ឋាភិបាលចាត់ទុកជាប្រភេទដំណាំកសិឧស្សាហកម្មឈានមុខមួយនៅកម្ពុជា ដូច្នេះការដាំដុះ និងនាំចេញ នាពេលខាងមុខ គឺប្រាកដជាល្អ។
លោកថ្លែងថា៖ «ទៅថ្ងៃអនាគតដំឡូងមីនឹងអាចល្អប្រសើរ ព្រោះបច្ចុប្បន្ននេះមានគម្រោងរបស់រាជរដ្ឋាភិបាល និងស្ថាប័នក្រៅរដ្ឋាភិបាលបានគាំទ្រ និងកំពុងសិក្សាលើខ្សែចង្វាក់តម្លៃដំឡូងមី ខណៈដំឡូងមី គឺជាដំណាំគោលរបស់ជាតិ»។
យោងតាម លោក គឹម ហួត តម្លៃដំឡូងមី (ក្រៀម និងស្រស់) ក្នុងខេត្តបាត់ដំបង នៅដើមឆ្នាំ ២០២៣ គឺមានភាពល្អប្រសើរជាងឆ្នាំ ២០២២ ដោយដំឡូងមីក្រៀម ក្នុងត្រីមាសទី ១ មានតម្លៃមធ្យម ៩៦៧ រៀល (៨,២ បាត) ក្នុង ១ គីឡូក្រាមធៀបនឹង ៧៩៣ រៀល (៦,៥បាត) កាលពីត្រីមាសទី ១ ឆ្នាំ២០២២ និងដំឡូងមីស្រស់ តម្លៃ ៣៨៩ រៀល (៣,៣បាត) ធៀបនឹង ៣០៥ រៀល (២,៥បាត)។
ដំណាំដំឡូងមីនៃបណ្តាខេត្តជាប់ព្រំដែនថៃ ក្នុងរង្វង់ ៨០ ភាគរយត្រូវបាននាំចេញទៅលក់នៅប្រទេសថៃជារៀងរាល់ឆ្នាំ និងសល់ពីនោះត្រូវបានប្រើប្រាស់ក្នុងស្រុក។ នេះបើតាមលោក គឹម ហួត។
ដំឡូងមី ជាដំណាំកសិ-ឧស្សាហកម្មឈានមុខគេមួយរបស់កម្ពុជា។ ដើមឆ្នាំ ២០២១ កម្ពុជាបានប្រកាសដាក់ចេញជាផ្លូវការនូវ «គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥» ក្នុងគោលបំណងដើម្បីបង្កើនផលិតកម្ម និងធ្វើឱ្យវាកាន់តែមានលក្ខណៈពាណិជ្ជកម្មនាំចេញទៅទីផ្សារអន្តរជាតិ។
ការនាំចេញដំឡូងទៅប្រទេសចិន ត្រូវបានរំពឹងថា នឹងកើនឡើងខ្ពស់ ខណៈកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៣ សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា បានចុះកិច្ចសន្យាទិញ-លក់ចំណិតដំឡូងមីស្ងួតជាមួយក្រុមហ៊ុនចិន Global Ecological Rice (Cambodia) Co., Ltd. ដើម្បីជំរុញការនាំចេញដំឡូងមី ដោយត្រង់ទៅទីផ្សារចិន ក្នុងបរិមាណសរុប ៥០០ ០០០ តោន នៅក្នុង ១ ឆ្នាំ ដោយយកខេត្តបាត់ដំបង ជាទីតាំងគោល។
លោក ជួ មករា ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា បានឱ្យដឹងក្នុងពេលនោះថា សហភាពមានសមត្ថភាពរឹងមាំក្នុងការស្វែងរកដៃគូកិច្ចចរចា និងពង្រឹងទំនាក់ទំនងទីផ្សារកសិកម្មជាមួយក្រុមហ៊ុនបរទេសធំៗកាន់តែច្រើន ដើម្បីនាំយកផលិតផលកម្ពុជាឆ្ពោះទៅទីផ្សារអន្តរជាតិ។ ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិនគឺជាលទ្ធផលផ្លែផ្កាមួយក្នុងការចរចាដើម្បីអភិវឌ្ឍការនាំចេញកសិផលកម្ពុជាទៅក្រៅប្រទេស ហើយក៏ជាប្រយោជន៍រួមរបស់ប្រជាកសិករកម្ពុជាផងដែរ។
លោក Zhai MUQI អគ្គនាយកក្រុមហ៊ុន Global Ecological Rice (Cambodia) បាននិយាយថា មុននឹងចុះកិច្ចសហការជាមួយកម្ពុជាក្រុមហ៊ុនលោកក៏បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវតំបន់ត្រូពិក Guangxi សិក្សាពីដី ពូជដំឡូងមី និងទីតាំងភូមិសាស្ត្ររបស់កម្ពុជា ដែលត្រូវតាមតម្រូវការរបស់ក្រុមហ៊ុន ថែមទាំងមានការយល់ព្រមពីរដ្ឋាភិបាលចិនក្នុងការនាំចូលផលិតផលកម្ពុជាទៅប្រទេសចិនផងដែរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ ធ្លាប់ប្រាប់ថា ដំឡូងមី គឺជាដំណាំកសិ-ឧស្សាហកម្ម និងជាផលិតផលនាំចេញសំខាន់មួយរបស់កម្ពុជាដែលរួមចំណែក ៣-៤ ភាគរយ នៃ GDP ក្នុង ១ ឆ្នាំៗ។
រយៈពេល ១១ ខែ ឆ្នាំ ២០២២ ការនាំចេញដំឡូងមី និងផលិតផលពីដំឡូងមី មានចំនួនសរុប ៣ ២៣០ ១៨៥,៨៦ តោនក្នុងនោះ ការនាំចេញដំឡូងមីក្រៀម ចំនួន ១ ៨១៧ ១៦៨,៤៧ តោន, ដំឡូងមីស្រស់ ១ ៣៣១ ៨៥០ តោន, ម្សៅដំឡូងមី ៥៧ ០៦៧ តោន និងកាកសំណល់ ២៤ ១០០,៣៩ តោន។ នេះបើតាមក្រសួងកសិកម្ម៕