ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជារកចំណូលពន្ធបានប្រមាណជិត ២១ លានដុល្លារពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) នៅត្រីមាសទី១ ឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីការកើនឡើងប្រតិបត្តិការតាមអនឡាញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសចាប់តាំងពីការរីករាលដាលជំងឺកូវីដ ១៩ មក។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) ប្រាក់ចំណូលពន្ធលើតម្លៃបន្ថែមពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ មានប្រមាណ ២០,៩១ លានដុល្លារ ខណៈចំណូលនេះរួមចំណែកដល់ការបង្កើតប្រាក់ចំណូលពន្ធរបស់រដ្ឋាភិបាលពីអាជីវកម្មបច្ចេកវិទ្យា ដែលជាប្រភពចំណូលថ្មី។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែឧសភាថា ការកើនឡើងនៃអាជីវកម្មបច្ចេកវិទ្យា ស្របពេលការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃការទូទាត់តាមរយៈឌីជីថលបានក្លាយជានិន្នាការថ្មីមួយនៃការផ្លាស់ប្តូរសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ ១៩។
លោកបន្តថា អាជីវកម្មជាច្រើនកំពុងទទួលយកវេទិកាឌីជីថលដើម្បីបម្រើដល់តម្រូវការរបស់អតិថិជនដែលចូលចិត្តទិញទំនិញតាមអ៊ីនធឺណិត ខណៈមធ្យោបាយនៃការទូទាត់តាមរយៈឌីជីថលក៏កាន់តែមានភាពងាយស្រួល និងទាន់ពេលវេលាផងដែរ។
លោកថ្លែងថា៖ «ការកើនឡើងប្រាក់ចំណូលពន្ធពីពាណិជ្ជកម្មតាមអេឡិចត្រូនិកកំពុងបញ្ជាក់ថា ប្រជាជនយើងកំពុងផ្លាស់ប្តូរទៅទិញ និងលក់ទំនិញតាមអ៊ីនធឺណិត។ ការណ៍នេះក៏បង្កើតឱកាសសម្រាប់អ្នកផលិតក្នុងស្រុកអាចលក់ផលិតផលរបស់គេកាន់តែទូលំទូលាយក្នុងវេទិកាឌីជីថលជាច្រើនទៀតទៅកាន់ទីផ្សារដ៏ធំ។ ទន្ទឹមនឹងនោះ យើងក៏កត់សម្គាល់ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃការទូទាត់តាមរយៈឌីជីថល ដែលធ្វើឱ្យមនុស្សកាន់តែងាយស្រួលសម្រាប់ការទូទាត់របស់ពួកគេ»។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានចង្អុលបង្ហាញថា ទន្ទឹមនឹងនោះប្រទេសកម្ពុជាក៏មានគោលដៅប្រែក្លាយទៅជាសេដ្ឋកិច្ចឌីជីថលសម្រាប់ឆ្នាំខាងមុខ។ ការរីកចម្រើនឆាប់រហ័សនៃពាណិជ្ជកម្មតាមអេឡិចត្រូនិក គឺជាសញ្ញាវិជ្ជមានសម្រាប់ចក្ខុវិស័យខាងលើ។
លោកបញ្ជាក់ថា៖ «យើងមើលឃើញថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានសារៈសំខាន់កាន់តែខ្លាំងសម្រាប់ប្រជាជនយើងជារៀងរាល់ថ្ងៃ ដោយសារមនុស្សជាច្រើន ជាពិសេសនៅតាមទីក្រុង និងខេត្តធំៗចូលចិត្តទិញទំនិញនិងសេវាកម្មតាមអីុនធឺណិតជាជាងទៅទីផ្សារដោយផ្ទាល់។ និន្នាការនេះបង្ហាញថា យើងកំពុងឆ្ពោះយ៉ាងលឿនក្នុងការទទួលយកពិភពឌីជីថល»។
កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ក្រសួងពាណិជ្ជកម្មបានដាក់ឱ្យដំណើរការជាផ្លូវការនូវខេមបូឌាត្រេត (CambodiaTrade) ជាមួយដំណោះស្រាយទីផ្សាររួមបញ្ចូលគ្នា ដែលចាត់ទុកថាជាធាតុផ្សំសំខាន់នៃគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជា (Go4eCAM)។
វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកត្រូវបានគេនិយាយថា ស្របតាមចក្ខុវិស័យរយៈពេលវែងរបស់រដ្ឋាភិបាលក្នុងការបង្កើនតម្លៃអតិបរមាដែលទទួលបានពីបដិវត្តន៍ឧស្សាហកម្មទី ៤ (4IR)។
នៅក្នុងពិធីសម្ពោធនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានឱ្យដឹងថា វេទិកានេះនឹងក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់មួយសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ខណៈពេលដែលផ្តល់នូវការបង្ហាញនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិសម្រាប់ផលិតផលកម្ពុជា។
លោកចាត់ទុកការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលមូលដ្ឋានទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ព្រះរាជាណាចក្រកម្ពុជា ដោយសារវាទាក់ទងនឹងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ លោកបន្តថា ទីផ្សារអេឡិចត្រូនិកនឹងភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក (SME) ទៅនឹងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក៕