មណ្ឌលគិរីៈ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) សហការជាមួយសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) កំពុងចាប់ផ្តើមគម្រោងថ្មីមួយ ដែលសំដៅផ្តោតលើកសិករខ្នាតតូចជាង ១ ២០០ នាក់ និងក្រុមគ្រួសាររបស់ពួកគាត់ នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ WFP និង CACC ដែលបានចេញផ្សាយថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា គម្រោងនេះទទួលបានមូលនិធិ ពីកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកលចំនួន ១,៧៩លានដុល្លារ និងពី CACC ចំនួន ១,១ លានដុល្លារ ក្នុងគោលបំណងលើកកម្ពស់ភាពធន់ និងជីវភាពរបស់កសិករខ្នាតតូច តាមរយៈកសិកម្មសរីរាង្គ និងលទ្ធភាពចូលទៅកាន់ទីផ្សារ។
គម្រោងនេះក៏មានបំណងលើកកម្ពស់អាហារូបត្ថម្ភ និងសមភាពយេនឌ័រផងដែរ តាមរយៈវិធីសាស្រ្តផ្លាស់ប្តូរឥរិយាបថសង្គម ដែលត្រូវបានរៀបចំឡើងដើម្បីជំរុញឱ្យមានតម្រូវការរបបអាហារសុខភាព និងទប់ទល់ជាមួយទម្លាប់សង្គមដែលបង្កគ្រោះថ្នាក់។
លោកស្រី គ្លែរ កូណាន់ អ្នកតំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP)ប្រចាំនៅកម្ពុជា បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាននេះថា គម្រោងនេះត្រូវបានគ្រោងរៀបចំឡើងក្នុងបរិបទកូវីដ១៩ ដោយប្រើវិធីសាស្រ្តច្នៃប្រឌិត ដែលកសាងភាពជាដៃគូរវាងវិស័យសាធារណៈ វិស័យឯកជន និងអ្នកផលិត ដោយផ្ដោតជាសំខាន់លើភាពចាំបាច់ក្នុងការទាញប្រយោជន៍ពីការបណ្ដាក់ទុនលើវិស័យឯកជន ពង្រឹងកិច្ចសន្ទនាផ្នែកគោលនយោបាយ ធានានូវចំណេះដឹងចាំបាច់ និងគាំទ្រដល់ការអភិវឌ្ឍដែលគិតគូរដល់បរិស្ថាន សមធម៌សង្គម និងសេដ្ឋកិច្ច។
លោកស្រី គ្លែរ កូណាន់ បានបន្ថែមថា កំណើនប្រាក់ចំណូលនឹងដើរតួយ៉ាងសំខាន់ក្នុងការសម្រួលឱ្យមានអាហារូបត្ថម្ភកាន់តែប្រសើរ នៅពេលដែលក្រុមគ្រួសារពួកគាត់ អាចទទួលបានអាហារសុខភាពចម្រុះ អាចទប់ទល់នឹងផលអវិជ្ជមានផ្នែកអាហារូបត្ថម្ភដែលកើតមានលើក្រុមគ្រួសារពួកគាត់ ហើយលោកស្រី ក៏សម្គាល់ផងដែរថា ជីវភាព និងអាហារូបត្ថម្ភមានសារៈសំខាន់ណាស់ ដោយសារតំបន់គោលដៅនេះ មានកម្រិតនៃភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភខ្ពស់។
លោកស្រី បានលើកឡើដូច្នេះទៀតថា ៖ «ការចូលរួមរបស់ស្ត្រីនៅក្នុងគម្រោង គឺជាគន្លឹះដ៏សំខាន់ ពីព្រោះនៅកម្ពុជា ស្ត្រីដើរតួនាទីនាំមុខក្នុងការចាត់ចែងស្បៀងអាហារគ្រួសារ និងមានចំណែកជាងពាក់កណ្តាល នៃកម្លាំងពលកម្មផ្នែកកសិកម្មនៅទូទាំងប្រទេស ថ្វីត្បិតតែពួកគាត់ប្រឈមមុខនឹងការលំបាកជាច្រើនពាក់ព័ន្ធនឹងការទទួលបានដីធ្លី សេវាកសិកម្ម សេវាហិរញ្ញវត្ថុ ទីផ្សារ និងបច្ចេកវិទ្យាក៏ដោយ»។
លោកស្រី គ្លែរ កូណាន់ បន្តថា ៖ «ដើម្បីដោះស្រាយបញ្ហាទាំងនេះ គម្រោងនេះនឹងប្រើប្រាស់ការប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថសង្គម ដើម្បីកែប្រែទម្លាប់ពាក់ព័ន្ធនឹងឥរិយាបថអាហារ និងសមភាពយេនឌ័រក្នុងគ្រួសារ»។
ជាមួយគ្នានោះដែរ លោក កាន់ គន្ធី នាយកប្រតិបត្តិ CACC បានកត់សម្គាល់ថា តម្លៃអាហារសរីរាង្គមានតម្លៃល្អ និងមានស្ថិរភាពជាងតម្លៃទំនិញដែលផលិតទៅតាមទម្លាប់។
លោកបានបន្ថែមថា វាមានឱកាសចំណេញខ្ពស់ និងមានស្ថិរភាពចំណូល កសិករខ្នាតតូច ក្នុងខេត្តមណ្ឌលគិរី ច្រើនដាំដុះតែស្រូវ ហើយភាគច្រើនធ្វើកសិកម្មវិលជុំបែបប្រពៃណី ដែលងាយរងគ្រោះដោយសារអាកាសធាតុ និងវិបត្តិផ្សេងៗ។
លោក គន្ធី បានបញ្ជាក់ដូច្នេះថា៖«គោលដៅរបស់យើងគឺដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករដែលចូលរួម ឱ្យបានរហូតដល់ ២០ភាគរយ ធៀបនឹងប្រាក់ចំណេញរបស់កសិកម្មធម្មតា ហើយខ្ញុំក៏បញ្ជាក់ថា CACC នឹងជួយសម្របសម្រួលទំនាក់ទំនងទីផ្សារ ហើយកសិករនឹងអាចប្រើប្រាស់ចំណូលរបស់ខ្លួនក្នុងការទប់ទល់ជាមួយនឹងវិបត្តិផ្សេងៗដែលអាចកើតមាននាពេលអនាគត»។
លោកបានបន្តទៀតថា CACC នឹងបង្កើតខ្សែចវ៉ាក់តម្លៃអាហារសរីរាង្គមួយដែលប្រកបដោយបរិយាប័ន្ន និងលើកទឹកចិត្តកសិករខ្នាតតូច រួមទាំងស្ត្រីនិងជនជាតិដើមភាគតិច ឱ្យប្តូរមកអនុវត្តកសិកម្មសរីរាង្គដោយប្រើតែជី និងថ្នាំកម្ចាត់សត្វល្អិតធម្មជាតិ និងការអនុវត្តដទៃទៀតដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
សូមជម្រាបថា កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ គឺជាអង្គការមនុស្សធម៌ដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលជួយសង្គ្រោះជីវិតមនុស្សក្នុងគ្រាអាសន្ន និងប្រើជំនួយស្បៀងអាហារ ជាវិធីកសាងមាគ៌ាឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជនដែលបានឆ្លងកាត់ជម្លោះ គ្រោះមហន្តរាយ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ៕