ភ្នំពេញៈ ផ្លែចេកស្រស់ចំនួនជាង ៩៥ ពាន់តោន ត្រូវបានកម្ពុជា នាំចេញទៅលក់នៅក្រៅប្រទេសក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ២០២៣ ក្នុងនោះ ទីផ្សារប្រទេសចិន គ្របដណ្តប់ជាង ៩០ ភាគរយនៃបរិមាណនាំចេញសរុប។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍នាំចេញកសិផលរបស់អគ្គនាយកដ្ឋានកសិកម្ម ឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែចេកស្រស់ចំនួន ៩៥ ០២៨,៣៨ តោន ក្នុងនោះនាំទៅទីផ្សារប្រទេសចិន ៨៨ ៩៤៧,៩២ តោន (ស្មើនឹង ៩៣,៦ ភាគរយនៃបរិមាណនាំចេញសរុប), វៀតណាម ៦ ០៦០,៧តោន (ស្មើ ៦,៣៨ ភាគរយ) និងប្រទេសជប៉ុន ១៩,៧៦ តោន (ស្មើ ០,០២ ភាគរយ)។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ឡុង ម៉េត និងត្រូពិកខេម ដែលជាក្រុមហ៊ុនដាំដុះ និងនាំចេញផលិតផលផ្លែស្វាយ និងចេកទៅទីផ្សារអន្តរជាតិ កាលពីសប្តាហ៍មុនបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការដកចេញនូវវិធានការទាក់ទងនឹងជំងឺកូវីដ១៩ នៅប្រទេសចិន បានធ្វើឱ្យការនាំចេញចេកពីកម្ពុជាទៅចិនមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់នាដើមឆ្នាំ២០២៣ នេះ។
ការនាំចេញផ្លែចេកស្រស់ ទៅប្រទេសចិន ត្រូវបានរំពឹងថា នឹងមានបរិមាណកាន់តែច្រើននៅពេលខាងមុខ ខណៈការដឹកជញ្ជូនទៅទីផ្សារចិន ក៏មានភាពងាយស្រួលដែរ។ លោកបន្តថា ក្រៅពីផ្លែចេកស្រស់ បច្ចុប្បន្នកម្ពុជាក៏បាននាំចេញផលិតផលកសិកម្មជាច្រើនមុខទៀតទៅប្រទេសចិនមានដូចជា អង្ករ ដំឡូងមី និងផ្លែស្វាយជាដើម។
លោកថ្លែងថា៖«ដោយសារទីផ្សារចិនមានតម្រូវការច្រើន ហើយប្រទេសទាំង២ ក៏មានកិច្ចសហការល្អជាមួយគ្នានោះ ការនាំចេញផ្លែចេកស្រស់ រួមនិងកសិផលជាច្រើនទឿតទៅចិននឹងមានបរិមាណកាន់តែច្រើន»។
លោកបន្តថា ទោះយ៉ាងណាទីផ្សារទទួលទិញចេកស្រស់ពីកម្ពុជា គឺមានតែប្រទេសក្នុងតំបន់ដូចជា ចិន វៀតណាម និងជប៉ុន ប៉ុណ្ណោះ។
បើតាមការប៉ាន់ស្មានក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានទឹកប្រាក់សរុបជាង ៩១៩,៦៩ លានដុល្លារ។ នេះបើតាមក្រសួងកសិកម្ម។
បច្ចុប្បន្នក្រៅពីទីផ្សារប្រទេសក្នុងតំបន់ រដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជាក៏កំពុងខិតខំស្វែងរកទីផ្សារនៅតំបន់អឺរ៉ុបផងដែរ។ ជាក់ស្តែងនៅក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ទៅកាន់ប្រទេសបារាំង កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងវិស័យឯកជនផ្នែកដំណាំសាកវប្បកម្ម ក៏បានទៅសិក្សាស្វែងយល់ពីតម្រូវការទីផ្សារផ្លែចេកស្រស់ នៅប្រទេសបារាំងផងដែរ។
លោក ហ៊ុន ឡាក់ បាននិយាយថា៖ «ការធ្វើដំណើរទៅនេះ គឺយើងចង់សិក្សាថា តើផ្លែចេកស្រស់យើងអាចនាំចេញទៅទីផ្សារបារាំងបានឬអត់? ហើយបារាំងមាននាំចូលចេកពីប្រទេសណាខ្លះហើយ? បារាំងខ្លួនឯងអាចដាំដុះចេកបាន ឬអត់? មានគុណភាពយ៉ាងណាខ្លះដែរ? មានតម្លៃបែបណា? បើយើងនាំទៅមានការដឹកជញ្ជូនដូចម្តេចខ្លះ? ក៏ដូចជាមានលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យយ៉ាងដូចម្តេចខ្លះ? ទាំងនេះជាអ្វី ដែលយើងត្រូវសិក្សាឱ្យបានល្អិតល្អន់ មុននឹងសម្រេចនាំចេញចេកទៅកាន់ទីផ្សារប្រទេសបារាំង»។
ប្រទេសកម្ពុជាបានធ្វើពិធីនាំចេញផ្លែចេកស្រស់ជាផ្លូវការលើកដំបូងទៅប្រទេសចិន កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩។
ទិន្នន័យក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញចេកស្រស់ទៅក្រៅប្រទេសសរុប ៣៤៥ ៤៧០,២ តោន ធ្លាក់ចុះ ១២,៧៣ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕