ភ្នំពេញៈ បើទោះបីប្រទេសចិនបានបើកឱ្យជនជាតិរបស់ខ្លួនអាចធ្វើដំណើរទៅក្រៅប្រទេសតាំងពីខែកុម្ភៈ (បិទខ្ទប់មួយរយៈដោយសារការរីករាលដាលជំងឺកូវីដ១៩) ក៏ដោយក៏ចំនួនភ្ញៀវទេសចរចិន ដែលបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ពិសេសក្នុងខេត្តសៀមរាប ហាក់មិនទាន់មានកំណើនកើនច្រើនគួរឱ្យកត់សម្គាល់ទេមកដល់ពេលនេះ។ នេះបើយោងតាមអ្នកនៅក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។
លោក ធៀម ធឿង ប្រធានសមាគមមគ្គុទេ្ទសក៍ទេសចរណ៍ភាសាចិនកម្ពុជា ដែលមានទីស្នាក់ការក្នុងខេត្តសៀមរាប បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៩ ខែឧសភាថា ចំនួនភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរមកកម្សាន្តនៅតាមប្រាសាទនានា ក្នុងខេត្តសៀមរាប ចាប់ពីដើមឆ្នាំ២០២៣ រហូតមកដល់ពេលនេះ គឺកើនឡើងដោយសន្សឹមៗ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរក្នុងស្រុក គឺមានសម្ទុះខ្លាំង។
ចំនួនភ្ញៀវបរទេសកើនឡើងយឺតនេះ គឺដោយសារតែស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោក មិនទាន់ល្អប្រសើរបើទោះបីការរីករាលជំងឺកូវីដ១៩ មិនមែនជាក្តីបារម្ភខ្លាំងទៀតក៏ដោយ។ លោកបន្តថា សម្រាប់ភ្ញៀវបរទេស គឺមានភាគច្រើនជាអ្នកមកពីប្រទេសជិតខាង និងក្នុងទ្វីបអាស៊ីតែប៉ុណ្ណោះ។ សម្រាប់ភ្ញៀវជនជាតិចិន គឺនៅមានចំនួនតិចតួចនៅឡើយ។ ភាគច្រើននៃភ្ញៀវជនជាតិចិនដែលមកកម្ពុជា គឺមកជាក្រុមតូចៗដែលមានសមាជិក ២-៣នាក់ គឺមិនសូវមានក្រុមធំៗឡើយ។
លោកនិយាយថា៖«ខ្ញុំមិនច្បាស់ថាចំនួនជើងហោះហើរពីប្រទេសចិន មកកម្ពុជាមានប៉ុន្មានជើងទេក្នុង ១សប្តាហ៍ ប៉ុន្តែសម្រាប់ភ្ញៀវជនជាតិចិន ដែលមកដើរកម្សាន្ត នៅតាមប្រាសាទ គឺមិនទាន់មានចំនួនច្រើននោះទេ»។
លោកប្រាប់ទៀតថា ទោះយ៉ាងណាចំនួនមគ្គុទេ្ទសក៍ទេសចរដែលបានចាកចេញពីវិស័យនេះក្នុងអំឡុងពេលនៃការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ (ឆ្នាំ២០២០-២០២២) បានចូលមកបម្រើការវិញច្រើនហើយ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោកខៀវធី បាននិយាយថា បើធ្វើការប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺសង្កេតឃើញថាចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជាគឺមានការកើនឡើងច្រើន ប៉ុន្តែបើធៀបនឹងដើមឆ្នាំនេះ គឺមានកំណើនតិចតួចប៉ុណ្ណោះ។ ជាង ៧០ ភាគរយ នៃភ្ញៀវទេសចរបរទេស មកកម្សាន្តនៅក្នុងខេត្តសៀមរាប គឺតាមរយៈផ្លូវអាកាសដោយមកពីប្រទេសក្នុងតំបន់អាស៊ាន និងមួយចំនួនមកពីប្រទេសចិន និងកូរ៉េខាងត្បូង។
លោកនិយាយថា៖ «ចំនួនភ្ញៀវទេសចរបានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ ដោយភាគច្រើនជាភ្ញៀវទេសចរមកពីប្រទេសជិតខាង»។
ទាក់ទងនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោក ខៀវ ធី បានអះអាងថា ទោះចំនួនភ្ញៀវបរទេសមកកម្សាន្ តក្នុងខេត្តសៀមរាប ពេលនេះមិនមានសញ្ញាកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែជាទូទៅព្រឹត្តិការណ៍នេះ បានធ្វើឱ្យគេស្គាល់ពីភាពរីកចម្រើនរបស់កម្ពុជា ដែលនឹងអាចទាក់ទាញឱ្យពួកគេត្រឡប់មកដើរកម្សាន្តនៅកម្ពុជានៅពេលខាងមុខ។
កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងអាកាសចរស៊ីវិលចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ស្តីពីការពង្រឹង សុវត្ថិភាពហោះហើរ ជាមួយប្រទេសចិន។
ជាមួយគ្នានេះ កម្ពុជាក៏បានស្នើដល់ភាគីចិនឱ្យបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញ រវាងប្រទេសទាំង២យ៉ាងហោចណាស់ ៣០០ ជើងក្នុង ១ សប្តាហ៍ ដើម្បីជួយសម្រួលដល់ការហោះហើរដឹកអ្នកដំណើររវាងប្រទេសទាំង ២ ស្របពេល ដែលប្រទេសចិន បានបើកសេដ្ឋកិច្ចឡើងវិញ។
ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណជិត ២,២៨ លាន នាក់ កើនឡើង ១ ០៥៩ ភាគរយ ធៀបឆ្នាំ២០២១។ នេះបើយោងតាមក្រសួងទេសចរណ៍៕