ភ្នំពេញៈ ការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជិត ៣២៤ លានដុល្លារ ធ្លាក់ចុះជាង ២៣ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈអ្នកជំនាញអះអាងថាស្ថានភាពនេះគឺកំពុងបន្តក្នុងត្រីមាសទី២ ផងដែរ។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញប្រភេទទំនិញដែលមានលេខកូដ ៦៤ នៃតារាង (HS ២ ខ្ទង់) រួមមាន ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ក្នុងទឹកប្រាក់សរុប ៣២៣,៧៦ លានដុល្លារ ថយចុះ ២៣,២ភាគរយពី ៤២១,៤៤ លានដុល្លារ។ ទឹកប្រាក់នាំចេញប្រភេទទំនិញក្នុងលេខកូដ ៦៤ គឺស្មើនឹង ៦ ភាគរយនៃទឹកប្រាក់នាំចេញទំនិញសរុបរបស់កម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ ដែលមានចំនួន ៥ ៣៩២,០១ លានដុល្លារ។
សម្រាប់ខែមីនា ឆ្នាំ ២០២៣ ការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល មានទឹកប្រាក់សរុប ១២១,៩៣ លានដុល្លារ ធ្លាក់ចុះ ១៤,៩ភាគរយពីចំនួន ១៤៣,២១ លានដុល្លារកាលពីខែមីនា ឆ្នាំ ២០២២។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៨ ខែឧសភា លោក លី ឃុនថៃប្រធានសមាគមស្បែកជើងកម្ពុជា បានឱ្យដឹងថា ការធ្លាក់ចុះនៃចំនួនទឹកប្រាក់នាំចេញស្បែកជើង និងផលិតផលប្រហាក់ប្រហែលនៅក្នុងរយៈពេលប្រមាណជិត ១ ឆ្នាំមកនេះ គឺដោយសារវិបត្តិសេដ្ឋកិច្ចសង្គម ដែលកើតមានជាបន្តបន្ទាប់លើពិភពលោក។
វត្តមានរបស់ជំងឺកូវីដ ១៩ កាលពីចុងឆ្នាំ ២០១៩ វិបត្តិជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗ និងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យកំណើនសេដ្ឋកិច្ច ចរន្តនៃការធ្វើដំណើរ និងប្រាក់ចំណូលគ្រួសារធ្លាក់ចុះនៅស្ទើរគ្រប់ទីកន្លែងលើពិភពលោក។ ទាំងនេះសុទ្ធតែជាមូលហេតុចម្បងដែលបង្ខំឱ្យមនុស្សធ្វើការកាត់បន្ថយការចំណាយមិនចាំបាច់ ក្រៅពីម្ហូបអាហារ។
លោកពន្យល់ថា វិបត្តិកូវីដ ១៩ ដែលរដ្ឋាភិបាលប្រទេសនីមួយៗធ្វើការបិទខ្ទប់ និងរឹតត្បិតការធ្វើដំណើរ បានធ្វើឱ្យការបញ្ជាទិញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលពីកម្ពុជាធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែបន្ទាប់ពីស្ថានភាពកូវីដ ១៩ មានភាពធូរស្រាល ការបញ្ជាទិញបានចាប់ផ្តើមមានសម្ទុះឡើងវិញជាបណ្តើរៗចាប់ពីដើមឆ្នាំ ២០២២ មក។ ទោះយ៉ាងណាវិបត្តិដែលកើតឡើងថ្មីៗ ពិសេសសង្គ្រាមនៅប្រទេសអ៊ុយក្រែន ក៏ធ្វើឱ្យការបញ្ជាទិញផលិតផលទាំងអស់នេះពីកម្ពុជាធ្លាក់ចុះវិញចាប់តាំងពីអំឡុងខែសីហា ឆ្នាំ ២០២២ មក។
លោកប្រាប់ថា៖ «ការថមថយកំណើនសេដ្ឋកិច្ចរបស់ប្រទេសទទួលទិញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលពីកម្ពុជា (អាមេរិក អឺរ៉ុប និងចក្រភពអង់គ្លេស) បានធ្វើឱ្យប្រាក់ដែលទទួលបានពីការនាំចេញធ្លាក់ចុះជិត ១ ឆ្នាំហើយ។ រហូតមកដល់ពេលនេះការបញ្ជាទិញពីក្រៅប្រទេសក៏មិនទាន់មានសញ្ញាវិជ្ជមាននៅឡើយដែរ»។
យ៉ាងណាក៏ដោយ លោក ឃុនថៃ មានសុទិដ្ឋិនិយមថា វិបត្តិនានាដែលកំពុងកើតមាននៅពេលនេះនឹងមានភាពធូរស្រាលវិញក្នុងពេលឆាប់ៗ ហើយការបញ្ជាទិញផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលអាចនឹងកើនឡើងវិញខ្លះចាប់ពីឆមាសទី ២ ឆ្នាំ ២០២៣ នេះតទៅ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា សម្រាប់ការនាំចេញផលិតផលវាយនភណ្ឌ (សម្លៀកបំពាក់ កាបូបធ្វើដំណើរ ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល) ដែលកម្ពុជាផលិតបាននៅពេលនេះ គឺពឹងផ្អែកស្ទើរតែទាំងស្រុងលើទីផ្សារប្រទេសធំៗមួយចំនួនដូចជា អាមេរិក កាណាដា អឺរ៉ុប និងអង់គ្លេស។ ប្រសិនបើស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសទាំងអស់នេះល្អប្រសើរ ការបញ្ជាទិញពីកម្ពុជានឹងមានសម្ទុះឡើងវិញដោយស្វ័យប្រវត្តិ។
លោកបន្តទៀតថា ការធ្លាក់ចុះចំនួនទឹកប្រាក់ពីការនាំចេញផលិតផលទាំងអស់នេះក៏បានជះឥទ្ធិពលមិនល្អដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាប្រាក់ចំណូលរបស់កម្មករកម្មការិនីតាមរោងចក្រជាច្រើនផងដែរ។
លោកអះអាងថា៖ «ការធ្លាក់ចុះចំនួនទឹកប្រាក់នាំចេញផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល គឺដោយសារតម្រូវការលើទីផ្សារអន្តរជាតិធ្លាក់ចុះ។ សម្រាប់សមត្ថភាពនៃចង្វាក់ផលិតកម្មនៅកម្ពុជាគឺនៅតែមានកម្លាំងផលិតខ្លាំងដដែល»។
លោកលើកឡើងទៀតថា ទោះបីរយៈពេលជិត ១ ឆ្នាំចុងក្រោយនេះការនាំចេញផលិតផលសម្លៀកបំពាក់ កាបូប និងស្បែកជើង បានធ្លាក់ចុះ ប៉ុន្តែសម្រាប់ចំនួនក្រុមហ៊ុនដែលដាក់ពាក្យសុំវិនិយោគ និងទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គឺបានកើនឡើងជាបន្តបន្ទាប់។
ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចេញប្រភេទទំនិញដែលមានលេខកូដ ៦៤ នៃតារាង (HS ២ ខ្ទង់) ទៅទីផ្សារអន្តរជាតិក្នុងទឹកប្រាក់សរុប ១ ៧៣៧,១១ លានដុល្លារ កើនឡើង ២៤,៨ ភាគរយពីចំនួន ១ ៣៩២,២២ លានដុល្លារក្នុងឆ្នាំ ២០២១។ ទឹកប្រាក់នៃការនាំចេញទំនិញខាងលើ គឺស្មើនឹង ៧,៧ភាគរយនៃទឹកប្រាក់នាំចេញទំនិញសរុបរបស់កម្ពុជាឆ្នាំ ២០២២ ដែលមាន ២២ ៤៨២,០៩៤ លានដុល្លារ។
បើតាមលោក ឃុនថៃ ស្បែកជើងផលិតនៅកម្ពុជាមានម៉ាកអន្តរជាតិល្បីៗជាច្រើនដូចជា Adidas, Clarks, និង Timberland ជាដើម៕