ភ្នំពេញៈ សហគ្រាសធុនតូច និងមធ្យម (SME) ចំនួន ៤ កំពុងធ្វើការជាមួយនឹងផ្សារមូលបត្រកម្ពុជា (CSX) ដើម្បីប្រមូលមូលនិធិសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេតាមរយៈការបោះផ្សាយមូលបត្រនៅលើទីផ្សារមូលធន។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ផ្នែកទីផ្សារ។
លោក ហុង សុហួរ អគ្គនាយក CSX បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ ថា ក្រុមហ៊ុន ទាំងនេះ មកពីក្រុមហ៊ុនសំណង់ និងអាជីវកម្មបច្ចេកវិទ្យា បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការចុះបញ្ជីនៅលើទីផ្សារមួយនេះ ដើម្បីស្វែងរកមូលនិធិបន្ថែមសម្រាប់ពង្រីកអាជីវកម្ម។
លោកបានថ្លែងថា៖ «យើងកំពុងធ្វើការជាមួយពួកគេដើម្បីពន្យល់ពីដំណើរការមួយចំនួនលើការចុះបញ្ជី និងអ្វីដែលពួកគេគួររៀបចំ។ ជាមួយនឹងការងារនេះ យើងបានធ្វើការ ជាមួយពួកគេនិងមានក្រុមហ៊ុន ១ មកពីវិស័យសំណង់នៅក្នុងចំណោមក្រុមហ៊ុនចំនួន ៤ នឹងរួចរាល់មុនដំណាច់ឆ្នាំនេះ ពីព្រោះពួកគេបានរៀបចំយ៉ាងល្អនូវអភិបាលកិច្ច សហប្រតិបត្តិការ និងលទ្ធកម្មផ្ទៃក្នុងសម្រាប់ការចុះបញ្ជីពួកគេនៅទីផ្សារកំណើន»។ លោកបន្តថា ខណៈពេលដែលក្រុមហ៊ុនចំនួន៣ផ្សេងទៀតនឹងត្រូវការ ពេលបន្ថែមទៀតសម្រាប់ការរៀបចំ។
លោកថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់ឱ្យស្វែងរកមូលនិធិតាមរយៈការចុះបញ្ជីជាមួយផ្សារហ៊ុន ដូចដែលអ្នកបានឃើញហើយក្នុងអំឡុង ការរីករាលដាលជំងឺកូវីដ ១៩ អាជីវកម្មជាច្រើនបានប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ។ ការទទួលបានក្រុមហ៊ុនចុះបញ្ជីលើផ្សារហ៊ុនដើម្បីស្វែងរកមូលនិធិសម្រាប់ការពង្រីកអាជីវកម្ម និងនិរន្តរភាព បង្ហាញថា ទីផ្សារមូលធនបានក្លាយជាប្រភពមូលនិធិថ្មីសម្រាប់ពួកគេ»។
CSX បានជម្នះនៅក្នុងការទាក់ទាញសហគ្រាសធុនតូច និងមធ្យមដើម្បីឱ្យមកបោះផ្សាយមូលបត្រ ចាប់តាំងពីការចាប់ផ្តើមដំណើរការទីផ្សារកំណើនរបស់ខ្លួនកាលពីចុងឆ្នាំ ២០១៥។ យោងតាមបទប្បញ្ញត្តិរបស់និយតករផ្សារ មូលបត្រកម្ពុជា (SERC) គឺក្រុមហ៊ុនដែលមានបំណងបោះផ្សាយត្រូវមានដើមទុនប្រតិបត្តិការយ៉ាងតិច ៥០០ ០០០ ដុល្លារដើម្បីចុះបញ្ជីនៅទីផ្សារកំណើន ប៉ុន្តែសម្រាប់ទីផ្សារគោលគឺត្រូវមានដើមទុន ៧,៥ លានដុល្លារ។
ក្រុមហ៊ុន SMEs ដែលចុះបញ្ជីលើទីផ្សារនេះក៏តម្រូវឱ្យបញ្ចេញលទ្ធផលរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច ១ ឆ្នាំផងដែរ បើធៀបនឹងរយៈពេល ២ ឆ្នាំសម្រាប់ក្រុមហ៊ុនធំៗ។
លើសពីនេះទៀត លទ្ធផលត្រូវតែបង្ហាញពីប្រាក់ចំណេញសុទ្ធជាវិជ្ជមាន ឬលំហូរសាច់ប្រាក់ប្រតិបត្តិការវិជ្ជមានជាមួយនឹងប្រាក់ចំណេញសរុបយ៉ាងហោចណាស់ ១០ ភាគរយ។
បើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ CSX ក្នុងឆ្នាំ ២០២២ ទីផ្សារនេះបានទាក់ទាញការចុះបញ្ជីថ្មីចំនួន ៧ ដែលកើនឡើងពីចំនួនត្រឹមតែ ២ កាលពីឆ្នាំ ២០២១។
CSX បានរាយការណ៍ថា ដើមទុនចំនួន ២២២ ពាន់លានរៀល (៥៥,៥ លានដុល្លារ) ប្រមូលបានកាលពីឆ្នាំមុន កើនឡើង ១៣៣ ភាគរយធៀបនឹងឆ្នាំ ២០២១ ជាមួយនឹងមូលបត្របំណុលសាជីវកម្មមានចំនួន ៦៣ ភាគរយ និងបំណុលរដ្ឋស្មើនឹង ៣២ ភាគរយ។
លោក សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី ១៩ ខែមករា បាននិយាយថា មានក្រុមហ៊ុនសរុបចំនួន ១៨ បានបង្ហាញខ្លួន នៅផ្សារមូលបត្រ ដោយក្នុងនោះក្រុមហ៊ុនចំនួន ៩ បានចុះបញ្ជីភាគហ៊ុន ខណៈក្រុមហ៊ុនផ្សេងទៀតចុះមូលបត្របំណុល។ ក្រុមហ៊ុនទាំងនេះ បានប្រមូលមូលនិធិសរុបចំនួន ៣១៧ លានដុល្លារតាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ៕