ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា បានចាប់ផ្តើមពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ធុរកិច្ច និងពាណិជ្ជកម្ម ជាមួយធុរជនអូស្រ្តាលី ជាពិសេសនៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី បន្ទាប់ពីមានការិយាល័យតំណាងនៅក្នុងប្រទេសនេះ ដោយរំពឹងថា នឹងជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យកាន់តែសកម្មជាងមុនបន្ថែមទៀត។
នៅមុន ១ ថ្ងៃ នៃការចូលរួមបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅប្រទេសអូស្រ្តាលីកាលពីថ្ងៃទី៧ ខែឧសភា លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបប្រជុំជាមួយ លោកស្រី ឡូរ៉ា បឺក ប្រធានតំបន់អាស៊ីយអាគ្នេយ៍ នៃរដ្ឋាភិបាលវីចតូរីយ៉ា នៅការិយាល័យវិនិយោគវីចតូរីយ៉ា ទីក្រុងមែលប៊ន ក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច វិស័យសក្តានុពលទីក្រុងមែលប៊ន និងពិនិត្យលទ្ធភាពសហប្រតិបត្តិការរវាងធុរជនកម្ពុជា និងអូស្ត្រាលី។
នៅក្នុងជំនួបនោះ លោក លឹម ហេង បានគូសបញ្ជាក់ថា ទំនាក់ទំនងល្អរវាងកម្ពុជា និងអូស្ត្រាលី បានគាំទ្រដល់ការជំរុញធុរកិច្ច និងវិនិយោគទ្វេភាគីឱ្យកាន់តែច្រើនឡើងថែមទៀត។
លោក លឹម ហេង ប្រាប់ថា ៖ «ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញធុរកិច្ច និងវិនិយោគប្រទេសទាំង២ ខណៈដែលកម្ពុជាបានផ្តល់ឱកាសធុរកិច្ច សក្តានុពល និងវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់ការវិនិយោគ»។
បើតាមលោក លឹម ហេង ការបើកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា មាន២ ទីតាំង ដោយទីតាំងទី១ស្ថិតនៅទីក្រុងមែលប៊ន និងទី២ស្ថិតនៅទីក្រុងស៊ីដនី ដោយការិយាល័យទាំង២នេះ មានប្រធានតំណាង២រូប។
«ក្រោយបង្កើតការិយាល័យ នៅទីក្រុងទាំង២នេះ យើងនឹងចាប់ផ្តើមពង្រីកទំនាក់ទំនងទ្វេភាគី រវាងពាណិជ្ជករ និងពាណិជ្ជករ វិស័យឯកជន និងវិស័យឯកជន ទន្ទឹមដែលយើងកំពុងអនុវត្តកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដែលមានអូស្រ្តាលីនៅក្នុងហ្នឹងដែរ នឹងអាចជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព»។ លោកលឹម ហេង បានបញ្ជាក់បន្ថែម។
លោកបានបន្តថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី កើនដល់ជាង ៥២៣លានដុល្លារ មានកំណើនជាង ៦០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា កាបង្កើតការិយាល័យតំណាងនៅក្នុងប្រទេសអូស្រ្តាលីនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង២ ឱ្យកាន់តែសកម្មជាងមុនបន្ថែមទៀត។
លោកគូសបញ្ជាក់ថា៖«ការជំរុញបង្កើតឱ្យមានការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅតាមបណ្ដាប្រទេសនានា នឹងកាន់តែធ្វើឱ្យទំនាក់ទំនងរវាងអ្នកវិនិយោគ និងអ្នកវិនិយោគកាន់តែល្អប្រសើរ។ ម្យ៉ាងវិញទៀត ការិយាល័យតំណាងសភាពាណិជ្ជកម្ម ក៏ជាកន្លែងដើម្បីឱ្យក្រុមវិនិយោគិនពិភាក្សាគ្នា ដើម្បីស្វែងរកបញ្ហា និងដំណោះស្រាយទៅវិញទៅមក ផងដែរ។ ម្យ៉ាវិញទៀតថា រាល់ការចំណាយលើការបើកការិយាល័យតំណាងសភាពាពិជ្ជកម្មទាំងអស់ គឺមិនមានប្រើប្រាស់ថវិកាជាតិ នោះឡើយ»។
ជាមួយគ្នានេះដែរ តាមរយៈសភាពាណិជ្ជកម្មកម្ពុជា លោកស្រី ឡូរ៉ា បឺក ប្រធានតំបន់អាស៊ីយអាគ្នេយ៍ នៃរដ្ឋាភិបាលវីចតូរីយ៉ា នៅការិយាល័យវិនិយោគវីចតូរីយ៉ា ទីក្រុងមែលប៊ន បានលើកឡើងដែរថា កំណើននៃទំហំពាណិជ្ជកម្មនិងការនាំចូលទំនិញពីកម្ពុជាមកទីក្រុងមែលប៊ន កើនឡើងគួរឱ្យកត់សម្គាល់។
លោកស្រីបន្ថែមថា កន្លងទៅខាងការិយាល័យវិនិយោគវីចតូរីយ៉ា ទីក្រុងមែលប៊ន ធ្លាប់តែជួបពិភាក្សា ជាមួយសភាពាណិជ្ជកម្មថៃ និងហ្វីលីពីនជាដើម មិនដែលធ្លាប់ជួបវិស័យឯកជនកម្ពុជានោះទេ តែលើកនេះ បានជួបសភាពាណិជ្ជកម្មកម្ពុជា ដែលនេះជាឱកាសមួយសម្រាប់ការពង្រីកការវិនិយោគរវាងប្រទេសទាំង២។
លោកស្រីឡូរ៉ា បឺក បានបញ្ជាក់ទៀតថា៖«រដ្ឋាភិបាលអូស្រ្តាលី មានគោលនយោបាយគាំទ្រ ចំពោះវិនិយោគិនបរទេស ដែលមានបំណងវិនិយោគនៅទីក្រុងមែលប៊ន។ វាមានផលសម្រាប់ប្រទេសទាំង២ ខណៈយើងមានកិច្ចសហប្រតិបត្តិការនានារវាងកម្ពុជា និងអូស្ត្រាលីស្រាប់។ យើងកំពុងតែរកដៃគូវិស័យឯកជន ដើម្បីជជែកគ្នាពីការវិវត្តនៃគោលនយោបាយសេដ្ឋកិច្ចរបស់កិច្ចព្រមព្រៀង RCEP នេះ»។
សូមបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អូស្រ្តាលី មានទឹកប្រាក់សរុបជាង ១៣៥លានដុល្លារ បានកើនឡើងជាង ៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញទំនិញកម្ពុជាទៅកាន់អូស្រ្តាលី មានប្រមាណជាង ៩៨លានដុល្លារ។ រីឯការនាំចូលពីអូស្រ្តាលីមកកាន់កម្ពុជាវិញ មានប្រមាណជាង ៣៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕