បាត់​ដំបងៈ​ ក្រុម​បណ្តុំ​អាជីវ​កម្ម​ទុរេន​សំឡូត ខេត្ត​បាត់ដំបង បាន​និង​កំពុង​ប្រឹងប្រែ​ង​បង្កើន​បច្ចេក​ទេស​ក្នុង​ការដាំដុះ​របស់​ខ្លួនទៅ​តាម​ការណែនាំ​ពី​ក្រសួងនិង​មន្ទីរ​កសិកម្ម​ បន្ទាប់ពី​វិនិយោ​គិន​ចិន​ជាច្រើន​ក្រុមហ៊ុនបាន​ជួប​ និង​ច​រចា​ចង់​ប្រមូល​ទិញ​ទុរេន​សំឡូតសម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិននា​ពេល​ខាង​មុខ​។​

​លោក ណៃ ច​ន ប្រធាន​បណ្តុំ​អាជីវ​កម្ម​ទុរេន​សំឡូត ខេត្ត​បាត់​ដំបងបានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ៩ ខែឧសភា ​ឆ្នាំ​ ២០២៣ ​ថា បណ្តុំ​អាជីវ​កម្ម​ទុរេន​សំឡូត​បាន​ជួប​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ច្រើន​គួរសម​ដែរ ដែល​ក្រុម​ហ៊ុន​ទាំងនោះមាន​បំណង​ចង់​នាំចូល​ទុរេន​របស់​ស្រុក​សំឡូត​ទាំង​មូល ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​ខ្លួន ប៉ុន្តែ​នៅមាន​ឧបសគ្គ​ខ្លះ​លើ​បរិមាណ​ផ្គត់​ផ្គង់ ដោយ​ភាគី​ចិនបារម្ភ​ខ្លាច​ខាង​ស្រុក​សំឡូត​ផ្គត់​ផ្គង់មិន​បាន​តាម​កិច្ច​សន្យា​។​

​លោក ណៃ ច​ន បាន​បញ្ជាក់​ថា៖ «​ខាង​បណ្តុំ​អាជីវកម្ម​ទុរេន​សំ​ឡូត និង​ខាង​មន្ទីរ​កសិកម្ម​ខេត្ត​បាត់​ដំបងតែងតែ​ពិភាក្សា​គ្នា​ជា​ច្រើនដង​ទាក់ទង​នឹង​ការនាំ​ចេញ​ទុរេន​ទៅ​ចិន​នេះ ដោយ​កន្លង​ទៅ ​ចិន តែង​សួរ​យើង​ថា តើ​យើង​អាច​ផ្គត់​ផ្គង់​ទុរេន​ឱ្យគេ​ក្នុង​១ឆ្នាំ​បាន​ប៉ុន្មាន?គេ​តម្រូវ​ឱ្យ​យើង​ផ្តល់​ទិន្នន័យ​លម្អិត​ឱ្យគេ ​ប៉ុន្តែ​យើង​មានការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​យើង​ចុះកិច្ច​សន្យា​ហើយ យើង​មិនអា​ច​ផ្គត់​ផ្គង់​ឱ្យគេ​បាន​តាម​កិច្ច​សន្យា ​ដែល​នេះហើយ​ជា​បញ្ហា​»​។​

​លោក​បាន​បន្ថែមថា កាលពី​ពាក់​កណ្តាល​ឆ្នាំ​ ២០២២ ខាង​មន្ទីរ​កសិកម្ម​ខេត្តបា​ត់ដំបង​បាន​នាំ​ខាង​ឈ្មួញ​ជនជាតិ​ថៃ​និង​ចិន ចុះ​ដល់​ចម្ការ​ទុរេនក្នុង​បណ្តុំ​អាជីវក​ម្ម​ទុរេន​ក្នុង​ឃុំ​សំឡូត ក្នុង​គោល​បំណង​នាំចេញ​ទុរេន​ទៅ​កាន់​ប្រទេស​ចិនតាម​រយៈ​ទីផ្សារ​ប្រទេស​ថៃ​។ ក្រុម​ហ៊ុន​ចិន​នេះ​ មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​រស​ជាតិ និង​គុណ​ភាព​ទុរេន​សំឡូត​។​

​លោកណៃ ច​ន បាន​បន្តថា ៖ «​ចំពោះ​រស​ជាតិ និង​គុណ​ភាព យើង​អាច​ធានាបាន​​ថា ទុរេន​យើង​មានគុណ​ភាពល្អ ឆ្ងាញ់ ថែម​ទាំង​មានកា​រ​បញ្ជាក់​ពី​ក្រសួង​កសិកម្ម​ទៀតផ​ង ប៉ុន្តែ​ចំពោះ​បរិមាណ​ផ្គត់ផ្គ​ង់ និង​ភូតគាម​អនា​ម័យ គេ​ទាមទារ​ឱ្យ​យើង​ធ្វើឱ្យបា​ន​ល្អប្រសើ​រ​ជាង ​ដែល​នេះ​វា​ទាមទា​រ​ឱ្យមាន​ការ​ចំណាយ​ដើម​ទុន​ច្រើន​»​។​

​បើតាម​លោក ណៃ ច​ន បណ្តុំ​អាជីវ​កម្ម​ទុរេន​សំឡូត ​ក្នុង​ឃុំ​សំឡូត​នេះ មាន​សមា​ជិក​ជា​ម្ចាស់​ចម្ការ​ចំនួន​ជិត​២០​ចម្ការ​ ដោយ​ការប្រមូល​ផល​ក្នុង​១ឆ្នាំ ចន្លោះ​៣០០​ទៅ​៤០០​តោន​។

​ជា​មួយ​គ្នានេះ​ លោក ហេង សិទ្ធិ មន្ត្រី​នៃ​មន្ទីរ​កសិកម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ ​ខេត្ត​បាត់​ដំបង បាន​ឱ្យ​ដឹង​ដែរ​ថា ក្រសួង​ និង​មន្ទីរ​កសិកម្មមាន​ភារកិច្ច​ក្នុង​ការជួយ​រក​ទីផ្សារ​ឱ្យ​កសិករ និង​ណែនាំ​ឈ្មួញ ​ផលិត​ផល​ទុរេន​សំឡូត​នេះ​។ លោក​បន្តថា ដោយ​ឡែក​ចំពោះ​ការ​ចរចា​ដែល​នឹង​ឈាន​ដល់​ការនាំ​ចេញ​ គឺ​វា​អាស្រ័យ​ទៅ​លើ​សហ​គមន៍​ និង​ឈ្មួញ​។​

​ចំពោះ​ការ​ដាំដុះ​ទុរេន​សំឡូត​វិញ លោក​បាន​ប្រាប់​ថា នៅ​ខេត្ត​បាត់​ដំបង មានតែ​ស្រុក​សំឡូត​មួយ​ប៉ុណ្ណោះ ដែល​មាន​ការ​ដាំដុះ​ទុរេន ដោយ​បច្ចុប្បន្ន​ផ្ទៃដី​ដាំ​ដុះ​ទុរេន​មាន​ចំនួន​៥៤៦​ហិកតា ខណៈ​ដែល​ផ្ទៃដី​ប្រមូល​មាន​ចំនួន​៤១៧​ហិកតា ដោយ​ក្នុង​១​ហិកតា​អាច​ប្រមូល​បាន​ជាង​១២​តោន​។​

​លោកហេង សិទ្ធិ បាន​ថ្លែងថា៖ «​ការ​ប្រមូល​ទុន​រេ​ន​ជា​រៀង​រាល់​ឆ្នាំមាន​បរិមាណ​ជាង​៥ ០០០​តោន​។ ចំពោះ​តម្លៃ​វិញ​ចន្លោះ​១៣ ០០០​រៀល​ទៅ​១៥ ០០០​រៀល សម្រាប់​ទុរេន​ដឹក​ចេញ​ពីចម្ការ​ទៅ​តាម​ប្រភេទ​ទុរេន​នីមួយ​។ ទុរេន​ពូជ​ម៉ាន់​ថង​ទឹក​គោ​ថ្លៃ​ជាងគេ តែ​មិនសូវ​សម្បូរ​នោះទេ​។ នៅ​ដើម​ឆ្នាំនេះ ​ទុរេន​មិន​ទាន់​សម្បូរ​នៅឡើ​យ​ទេ ទាល់​ចុងខែ​៦ ឬ​ដើម​ខែ​៧ ទើប​សម្បូរ​ច្រើន​»​។​

​ក្រសួង​កសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្លាប់​បាន​លើក​ឡើងថា មកទ​ល់​បច្ចុប្បន្ន​នេះ ​ប្រទេស​កម្ពុជា​ពុំទាន់​មាន​ទីផ្សារ​ទុរេន​នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ​ទេ ជា​ពិសេស​ប្រទេស​ចិនដែល​កម្ពុជា​ពុំទាន់​បាន​ឈាន​ទៅ​ដល់​ដំណាក់​កាល​នៃ​ការចរ​ចា​បើក​របាំង​ភូត​គាម​អនា​ម័យ​នៅឡើយ​។​

​ម្យ៉ាង​វិញទៀ​ត ផលិត​ផល​ទុរេន​របស់​កម្ពុជា​នៅមាន​កម្រិត​ ​ហើយក៏​មាន​ផលិត​ផល​កសិកម្ម​ជាច្រើន​មុខ​ទៀត​របស់​កម្ពុជា​នៅ​រង់ចាំ​បន្ត​កន្ទុយ​គ្នា​ដើម្បី​រង់ចាំ​ការ​អនុញ្ញាតពី​ភាគី​ចិន ហើយ​ខាង​ចិនអនុញ្ញាត​ឱ្យ​កម្ពុជា​លើក​យក​ផលិត​ផល​កសិកម្ម​ម្តង​មួយ​មុខៗ​យកមក​ពិនិត្យ។ ទន្ទឹម​នឹង​នោះ ក៏ត្រូវ​រង់ចាំ​មើល​បរិ​មាណនៃ​ការ​ផលិត​នៅក្នុង​ស្រុក​មាន​ការ​កើន​ឡើង​ក្នុង​កម្រិត​ណា​ដែរ​៕