ភ្នំពេញៈ ពាណិជ្ជកម្មកម្ពុជាវៀតណាម រយៈពេល ៤ ខែដើមឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជាង ២,៤ ពាន់លានដុល្លារ កើនឡើងតិចតួចបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈការនាំចេញរបស់កម្ពុជាបានកើនឡើងជិត ២១ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញអន្តរជាតិ រយៈពេល ៤ ខែ ឆ្នាំ ២០២៣ ឱ្យដឹងថា ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-វៀតណាម ពីខែមករា-មេសា ឆ្នាំ ២០២៣ មានទឹកប្រាក់សរុប ២ ៤៣០,៤៤ លានដុល្លារ កើនឡើង ៥,៦ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅវៀតណាម មានចំនួន ១ ១៨១,៤៦ លានដុល្លារ កើន ២០,៩ ភាគរយ និងទំនិញនាំមកពីវៀតណាមចំនួន ១ ២៤៨,៩៨ លានដុល្លារ ធ្លាក់ចុះ ៥,៦ភាគរយ។ បើផ្អែកតាមទិន្នន័យខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាព ៦៧,៥២ លានដុល្លារ។
ដោយឡែកបើមើលទៅទំហំពាណិជ្ជកម្មទ្វេភាគីនៅក្នុងខែមេសា ឆ្នាំ ២០២៣ គឺសម្រេចបាន ៥៦៣,០៣ លានដុល្លារ ធ្លាក់ចុះ ៣ ភាគរយបើធៀបខែមេសា ឆ្នាំ ២០២២ ដែលមានចំនួន ៥៨០,៤៨ លានដុល្លារ។ ការនាំចេញរបស់កម្ពុជាក្នុងខែមេសា ឆ្នាំ ២០២៣ មានចំនួន ២៧១,៦៥ លានដុល្លារ កើនឡើង ២៤,៤ ភាគរយ និងនាំចូលពីវៀតណាម មានចំនួន ២៩១,៣៧ លានដុល្លារ ធ្លាក់ចុះ ១៩,៥ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានសាទរចំពោះកំណើនទឹកប្រាក់ការនាំចេញទំនិញពីកម្ពុជាទៅវៀតណាម ដោយលោកអះអាងថា ដោយសារតែសមត្ថភាពផលិតកម្មកម្ពុជាកើនឡើង ជាពិសេសទិន្នផលកសិកម្ម ស្របពេលទំនាក់ទំនងប្រទេសជាប់ព្រំដែនទាំង ២ ក៏ល្អផងដែរ។ ក្រៅពីចំណុចខាងលើប្រទេសទាំង ២ ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីជាមួយគ្នាផងដែរ។
ទោះយ៉ាងណាលោកបញ្ជាក់ថា ទំនិញដែលកម្ពុជានាំទៅវៀតណាមភាគច្រើនជាវត្ថុធាតុដើម និងផលិតផលកសិកម្ម ដូច្នេះបើកម្ពុជាអាចបង្កើនការនាំចេញផលិតផលសម្រេចវិញនោះ គឺកម្ពុជានឹងទទួលផលប្រយោជន៍កាន់តែច្រើន។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១០ ឧសភាថា៖ «កំណើនពាណិជ្ជកម្មទ្វេភាគី ពិសេសការកើនឡើងដ៏ច្រើននៃទឹកប្រាក់នាំចេញរបស់កម្ពុជា គឺជាសញ្ញាបញ្ជាក់ថាចង្វាក់ផលិតកម្មនៅកម្ពុជាកាន់តែរឹងមាំ។ ទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាត្រូវរំពឹងថានឹងមានចំនួនកាន់តែច្រើនចាប់ពីពេលនេះតទៅ»។
ទំនិញសក្តានុពលដែលកម្ពុជានាំទៅប្រទេសវៀតណាម មានភាគច្រើនជាផលិតផលកសិកម្ម (ស្រូវ, កៅស៊ូ, ស្វាយចន្ទី, និងដំឡូងមី ជាដើម) និងវត្ថុធាតុដើម ចំណែកផលិតផលដែលវៀតណាមនាំមកវិញរួមមានដែក សម្ភារសំណង់ ប្រេង បន្លែ ផ្លែឈើ និងជី។ នេះបើតាម លោក លឹម ហេង។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ទំនាក់ទំនងពាណិជ្ជកម្ម និងវិស័យទេសចរណ៍រវាងប្រទេសទាំង ២ នឹងមានសម្ទុះថែមទៀតនៅពេលគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត (ព្រំដែនកម្ពុជា-វៀតណាម) បញ្ចប់រួចរាល់។ ការកើនឡើងទឹកប្រាក់ពាណិជ្ជកម្មទ្វេភាគី ពិសេសការនាំចេញរបស់កម្ពុជា គឺបញ្ជាក់ថាសមត្ថភាពផលិតកម្មរបស់កម្ពុជាកើនឡើងកាន់តែខ្លាំង។
លោកនិយាយថា៖ «ដោយសារប្រទេសទាំង ២ មានព្រំដែនជាប់គ្នា ដូច្នេះចំនួនទឹកប្រាក់នៃការផ្លាស់ប្តូរទំនិញអាចច្រើនលើសពីអ្វីដែលយើងឃើញតាមតួលេខ»។
ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៦ ១៣៥,៧៦ លានដុល្លារ កើន ១៩,៦ ភាគរយធៀបឆ្នាំ ២០២១។ កម្ពុជានាំទំនិញទៅវៀតណាមចំនួន ២ ១៦៨,៦១៩ លានដុល្លារ កើន ៩,២ ភាគរយ និងវៀតណាមនាំមកកម្ពុជា ៣ ៩៦៧,១៤១៣ លានដុល្លារ កើន ២៦,២ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ៕