ភ្នំពេញៈ អ្នកវិនិយោគជប៉ុន ១ ក្រុមនឹងមកធ្វើទស្សនកិច្ចសិក្សាលើឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជានាចុងខែឧសភានេះ ដើម្បីស្វែងរកឱកាសវិនិយោគ និងពង្រីកការវិនិយោគទៅលើការកែច្នៃដើម្បីនាំចេញទៅកាន់ទីផ្សាររបស់ខ្លួន និងពិភពលោក ស្របពេលរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅជំរុញការនាំចេញគ្រាប់ស្វាយចន្ទីនេះទៅកាន់ពិភពលោកផងដែរ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក) បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ឧស្សាហកម្មកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាត្រូវរំពឹងថា នឹងមានដំណើរការកាន់តែល្អ ខណៈតាមគម្រោងនៅចុងខែឧសភានេះនឹងមានវិនិយោគិនជប៉ុននៅក្នុងឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីជាច្រើនធ្វើដំណើរមកកម្ពុជាដើម្បីពិភាក្សាជាមួយអាជ្ញាធរ និងផ្នែកឯកជនកម្ពុជាលើលទ្ធភាពនៃការវិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងផលិតផលគ្រាប់ស្វាយចន្ទីផ្សេងទៀត។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ បានអនុម័តលើសេចក្តីព្រាង «គោលយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧»។
គោលនយោបាយជាតិស្តីពីស្វាយចន្ទី គឺមានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងមានគោលបំណងប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលសា្វយចន្ទីដ៏សំខាន់មួយសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
លោក ស៊ីឡុត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១០ ខែឧសភាថា ផលិតកម្មគ្រាប់ស្វាយចន្ទីកម្ពុជាត្រូវរំពឹងថានឹងមានដំណើរវិវឌ្ឍន៍ទៅមុខកាន់តែល្អនាពេលអនាគត ដោយនៅ ២ សប្តាហ៍ខាងមុខនឹងមានថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនធំៗមកកម្ពុជាដើម្បីសិក្សាលម្អិតពីការបណ្តាក់ទុនលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី រោងចក្រកែច្នៃសម្បកគ្រាប់ស្វាយចន្ទីធ្វើជាប្រេង និងធ្វើធ្យូងសម្រាប់ដុត ជាដើម។
លោកបានថ្លែងថា៖ «បើតាមខ្ញុំដឹង គឺនៅថ្ងៃទី ២៥ ខែឧសភានេះ នឹងមានថ្នាក់ដឹកនាំក្រុមហ៊ុនមកពីជប៉ុនជាច្រើននៅក្នុងផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីធ្វើដំណើរមកកម្ពុជា ដើម្បីពិនិត្យមើលដោយផ្ទាល់ពីសក្តានុពលនៃស្ថានភាពចម្ការ គុណភាពគ្រាប់ស្វាយចន្ទី និងលទ្ធភាពនៃការវិនិយោគ»។
លោកបន្តថា ក្នុងដំណើរនោះក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម អាជ្ញាធរមូលដ្ឋាន ព្រមទាំងផ្នែកឯកជននៃផលិតកម្មស្វាយចន្ទីកម្ពុជាផងដែរ។
លោកស្រី អ៊ិន ឡៃហ៊ួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ កាលពីពេលថ្មីៗនេះបាននិយាយថា ដោយសារសមត្ថភាពកែច្នៃក្នុងស្រុកមានកម្រិតបានធ្វើឱ្យជាង ៩០ ភាគរយនៃគ្រាប់ស្វាយចន្ទីឆៅដែលប្រមូលបាន ត្រូវក្រុមឈ្មួញយកទៅលក់បន្តនៅប្រទេសវៀតណាម។ ជាធម្មតាការប្រមូលផលស្វាយចន្ទី គឺពីចុងខែមករា ដល់ចុងខែឧសភា នៃឆ្នាំនីមួយៗ។
លោកស្រីនិយាយថា៖ «ប្រសិនបើកម្ពុជាមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតធំគឺនឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ ព្រោះបច្ចុប្បន្នដោយសារមិនសូវមានរោងចក្រកែច្នៃក្នុងស្រុក វាបានបង្ខំឱ្យមានការនាំចេញយ៉ាងច្រើនទៅលក់នៅប្រទេសជិតខាង»។
បើតាមលោក អួន ស៊ីឡុត បច្ចុប្បន្ននៅកម្ពុជា មានផ្ទៃដីចម្ការស្វាយចន្ទី ប្រមាណ ៧០ ម៉ឺនហិកតា ក្នុងនោះប្រហែល ៧ ម៉ឺនហិកតាប្រឈមនឹងការបាត់បង់ដោយសារប្រជាកសិករឈូសចោលទៅដាំដំឡូងមី ឬដំណាំផ្សេងៗជំនួសវិញ។ ជាធម្មតាដើមស្វាយចន្ទីអាចផ្តល់ផលបន្ទាប់ពីដាំបាន ៥-៦ឆ្នាំ (លើកលែងពូជ M10 និង M ២៣ ឱ្យផលចាប់ពីអាយុ ២ ឆ្នាំ) និងឱ្យផលរហូតដល់អាយុ ២៥ ឆ្នាំ។ ក្នុងទំហំដី ១ ហិកតាជាមធ្យមផ្តល់ផលចន្លោះពី ១,៥-១,៨ តោនក្នុង ១ ឆ្នាំ។
របាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិ ៦៧ ម៉ឺនតោន គិតជាប្រាក់ ១ ០៧៧ លានដុល្លារ។ ប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា មានជាអាទិ៍ ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀតក៏កំពុងតែសម្លឹងមើលឱកាសក្នុងការនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារប្រទេសខ្លួនដែរ។
កាលពីខែមីនាកន្លងមក លោក អួន ស៊ីឡុត ធ្លាប់និយាយថា ជាមួយនឹងសក្តានុពលនៃទិន្នផលគ្រាប់ស្វាយចន្ទីឆៅដែលកម្ពុជាប្រមូលបានរាល់ឆ្នាំ ក្រុមហ៊ុនជប៉ុន Top Planning Co., Ltd (TPJ) កំពុងពិចារណាចុងក្រោយលើលទ្ធភាព ពង្រីក និងសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ២ កន្លែងនៅកម្ពុជា ដើម្បីដណ្តើមយកចំណែកទីផ្សារជប៉ុនឱ្យបាន ៣០ ភាគរយ និងការនាំចេញទៅទីផ្សារប្រទេសគោលដៅផ្សេងទៀត។
បើតាមលោក ស៊ីឡុត រោងចក្រទាំង ២ គឺមួយអាចជាការដំឡើងសមត្ថភាពផលិតរបស់រោងចក្រសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ (ខេត្តកំពង់ធំ) និង ១ ទៀតអាចស្ថិតក្នុងស្រុកស្ទឹងត្រង់ នៃខេត្តកំពង់ចាម ដែលជាព្រំប្រទល់រវាងខេត្តកំពង់ចាម ក្រចេះ និងកំពង់ធំ៕