រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កាលពីថ្ងៃទី១២ ខែឧសភា បានដាក់ឱ្យដំណើរការជាផ្លូវការគម្រោងភាពជាដៃគូសម្រាប់សកម្មភាពលើសេដ្ឋកិច្ចបៃតង (PAGE) នៅកម្ពុជា ក្នុងការពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ប្រទេសដោយដើរលើគន្លងប្រកបដោយចីរភាពនិងបរិយាប័ន្ន ។
PAGE គឺជាកម្មវិធីរួមគ្នារបស់ទីភ្នាក់ងារចំនួន ៥ របស់អង្គការសហប្រជាជាតិ (UN) ដែលត្រូវបានទទួលស្គាល់ កាន់តែខ្លាំងឡើងថា ជាគំរូសម្រាប់ផ្ដល់ការគាំទ្រដែលមានការសម្របសម្រួលច្បាស់លាស់របស់ UN ដល់ប្រទេសនានា ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងគោលដៅនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស។
ចំណុចពិសេសរបស់ PAGE គឺផ្ដោតលើផ្នែកខាងលើនៃគោលនយោបាយសេដ្ឋកិច្ច ដែលមានសក្តានុពលដើម្បីផ្លាស់ប្ដូរសេដ្ឋកិច្ចទាំងមូលឱ្យទៅតាមគន្លងប្រកបដោយចីរភាពជាងមុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ PAGE ចុះថ្ងៃទី១២ ខែឧសភា។
តំណាងឱ្យ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ ដែលជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព គឺលោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគោលការណ៍សេដ្ឋកិច្ចបៃតងតាមរយៈផែនការយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតងឆ្នាំ ២០១៣-២០៣០ និងតាមការដាក់ជូនផែនការយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ អព្យាក្រឹតភាពកាបូន (LTS4CN) ទៅកាន់អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ (UNFCCC) ក្នុងឆ្នាំ២០២១។
លោកថា៖ «អាស្រ័យហេតុនេះ ការចូលរួមភាពជាដៃគូនេះនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងការប្រមូលការគាំទ្របន្ថែម ទាក់ទងនឹងចំណេះដឹងថ្មីៗ និងទាន់សម័យ និងហិរញ្ញវត្ថុ ដើម្បីពន្លឿនការផ្លាស់ប្ដូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង ប្រកបដោយបរិយាប័ន្ន»។
លោក Asad Naqvi ប្រធានលេខាធិការដ្ឋាន PAGE បាននិយាយលម្អិតអំពីភាពខ្លាំងនៃកម្មវិធី PAGE ថា វាមានសមត្ថភាពក្នុងការសិក្សាជាបន្តបន្ទាប់ពីភាពជាក់ស្តែងនៅមូលដ្ឋាន និងពិនិត្យ កែសម្រួល គំរូផ្ដល់ការគាំទ្រ និងនីតិវិធីប្រតិបត្តិការដែលសមស្របបំផុតដើម្បីជំរុញការផ្លាស់ប្ដូរសេដ្ឋកិច្ចបៃតងរបស់ប្រទេសដែលជួយដល់ការសម្រេចបាននូវគោលដៅចីរភាពជាសកល។
លោក Asad បន្តថា ៖ «ពួកយើងទន្ទឹងរង់ចាំចែករំលែកបទពិសោធន៍ និងជំនាញរបស់យើងជាមួយប្រទេសកម្ពុជា ប៉ុន្តែក៏រៀនសូត្រពីកម្ពុជាពីរបៀបដែលកម្មវិធី PAGE អាចគាំទ្រប្រទេសនានាឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ច បង្កើតការងារ និងវិបុលភាពតាមរយៈការវិនិយោគក្នុងដំណោះស្រាយសម្រាប់បញ្ហាប្រឈមទៅនឹងចីរភាពនាពេលបច្ចុប្បន្ននេះ»។
ថ្លែងក្នុងនាមទីភ្នាក់ងារទាំង ៥ របស់អង្គការសហប្រជាជាតិដែលគាំទ្រការអនុវត្ត PAGE Cambodia លោក សុខ ណារិន តំណាងប្រចាំប្រទេសរបស់អង្គការ UNIDO បានរំឭកឡើងវិញនូវការប្តេជ្ញាចិត្តរួមរបស់អង្គការសហប្រជាជាតិ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធនានា ដើម្បីធានាថា PAGE Cambodia ចូលរួមចំណែកក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចបៃតង ប្រកបដោយបរិយាប័ន្ននៅក្នុងកម្ពុជា។
លោកថា៖ «ការអនុវត្តកម្មវិធី PAGE ដើរស្របគ្នាយ៉ាងពេញលេញ ហើយក៏ចូលរួមចំណែកដល់ការសម្រេចបាននូវគោលបំណងរួមនៃក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UNSDCF) ២០២៤-២០២៨»។
គម្រោងភាពជាដៃគូនេះទទួលបានការគាំទ្រពីសហភាពអឺរ៉ុប (EU) ស៊្វីស អាល្លឺម៉ង់ ស៊ុយអែត ហ្វាំងឡង់ ន័រវេស និងកូរ៉េខាងត្បូង ហើយមានរយៈពេល ៥ ឆ្នាំ រួមបញ្ចូលដំណាក់កាលចាប់ផ្ដើមមួយឆ្នាំដែលនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ ២០២៣។
PAGE បានធ្វើការជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្នុងការសិក្សាលើវិសាលភាព (scoping study) ដើម្បីធានាថា ការគាំទ្ររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា មានភាពស្របគ្នាយ៉ាងពេញលេញជាមួយនឹងយុទ្ធសាស្ត្រ និងកម្មវិធីដែលមានស្រាប់។ ការសិក្សានេះ គឺដើម្បីកំណត់ពីឱកាស និងជម្រើសសម្រាប់កំណែទម្រង់គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងតាមវិស័យ រួមទាំងវិស័យ ដែលសក្តានុពលខ្ពស់ដូចជា វិស័យកាត់ដេរ ទេសចរណ៍ កសិកម្ម និងហិរញ្ញវត្ថុ ដែលអាចធ្វើឱ្យមានការផ្លាស់ប្ដូរសេដ្ឋកិច្ចបៃតង៕